សំណើ​ផ្អាក​យកពន្ធ​លើ​ប្រេងសាំង​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​ពលរ​ដ្ឋ​នៅ សហរដ្ឋ​អាម៉េរិក កំពុង​មានមតិ​ចម្រូង​ចម្រាស​គ្នា

ស្ថានីយ​ប្រេងសាំង​មួយ​នៅ សហរដ្ឋ​អាម៉េរិក

រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន កំពុងតែ​ពិចារណា​អំពី​ការផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​នៅ​ទូទាំងប្រទេស ដើម្បី​បញ្ចុះតម្លៃ​ឥន្ធនៈ ប៉ុន្តែ ក្រុម​អ្នកជំនាញ​យល់ថា ប្រការនេះ​នឹងមាន​ប្រសិទ្ធភាព​តិចតួច​ណាស់។

ក្រោយពី​បាន​ប្រឹងប្រែង​បញ្ចេញ​ប្រេង ១ លាន​ធុង/ថ្ងៃ ពី​ឃ្លាំង​យុទ្ធសាស្ត្រ ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​រក្សា​តម្លៃ​ប្រេងសាំង ប្រធានាធិបតី បៃ​ដិ​ន កំពុង​ពិចារណា​លើ​វិធីសាស្ត្រ​ផ្សេង​មួយទៀត នោះ​គឺ ការផ្អាក​យកពន្ធ​លើ​ប្រេងសាំង​នៅ​ទូទាំងប្រទេស។

យោងតាម​សមាគម​រថយន្ត​អាម៉េរិក (AAA) សាំង​មួយ gallon កំពុងមាន​តម្លៃ​ជា​មធ្យម ៤.៩៧ ដុល្លារ ទាប​ជាង​បន្តិច​ធៀប​នឹង​ដើមខែ​នេះ គ្រា​ដែល​តម្លៃ​សាំង​មធ្យម​នៅ​ទូទាំងប្រទេស បាន​ឡើង​លើសពី ៥ ដុល្លារ​ជា​លើកដំបូង។

សហរដ្ឋ​អាម៉េរិក មិនបាន​កំណត់​តម្លៃ​ប្រេងសាំង​ជាទូទៅ​នោះទេ តែ​វា​អាស្រ័យ​លើ​រដ្ឋ​នី​ម័យៗ ដោយយោង​ទៅតាម​គោលនយោបាយ​ឧបត្ថម្ភ និង​អត្រាពន្ធ​ក្នុង​តំបន់​ទាំងនោះ។

កាលពី​ខែកុម្ភៈ តំណាងរាស្ត្រ​របស់​បក្ស​ប្រជាធិបតេយ្យ Maggie Hassan និង Mark Kelly បានធ្វើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ស្នើឱ្យ​ផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​ទូទាំងប្រទេស រហូតដល់​ដំណាច់​ឆ្នាំនេះ។

គំនិត​នេះ​កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ពី​រដ្ឋាភិបាល​លោក បៃ​ដិ​ន។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen កាលពី​ចុង​សប្ដាហ៍​កន្លង បានឱ្យដឹងថា នេះ​គឺជា «ដំណោះស្រាយ​ប្រាកដប្រជា​ដែល​កំពុង​ត្រូវបាន​ពិចារណា»។

ប្រធានាធិបតី ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២០ មិថុនា ក៏បាន​ទទួលស្គាល់ថា លោក​កំពុង​ពិចារណា​លើ​វិធានការ​ផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​នេះដែរ។

ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី ២០ មិថុនា ក៏បានទទួលស្គាល់ថា លោកកំពុងពិចារណាលើវិធានការផ្អាកការយកពន្ធលើប្រេងសាំងនេះដែរ។

បើសិនជា​ការផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​ត្រូវបាន​រដ្ឋាភិបាល​អាម៉េរិក អនុវត្ត​មែន នោះ​វា​នឹង​ក្លាយជា​អ្នកដើរ​តាម​ក្រោយ​រដ្ឋ​មួយចំនួន ដូចជា Connecticut, Maryland និង Georgia ជាទី​ដែល​បាន និង​កំពុង​ផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង​ជា​បណ្ដោះអាសន្ន។

រដ្ឋ​មួយចំនួន​ផ្សេងទៀត ដូចជា California ជាដើម ថែមទាំង​ពិចារណា​លើ​ការ​ផ្ដល់ជំនួយ​ផ្ទាល់​ដល់​ប្រជាជន​ដើម្បី​ជួយ​ឱ្យ​ពួកគេ​អាច​ប៉ះប៉ូវ​ការចំណាយ​ទៅលើ​ប្រេងសាំង​ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់​នាបច្ចុប្បន្ន។

ទោះជា​យ៉ាងណាក៏ដោយ របាយការណ៍មួយចំនួន ក្នុងនោះ​មាន អង្គការ Penn Wharton Budget Model (PWBM) ជាដើម បានឱ្យដឹងថា ផលប្រយោជន៍​ដែល​ប្រជាជន​ទទួលបាន​ពី​ការផ្អាក​ការយកពន្ធ​លើ​ប្រេងសាំង គឺមាន​កម្រិត​ទាប។

សាស្ត្រាចារ្យ Kent Smetters មកពី​សាលា Wharton នៃ​សាកលវិទ្យាល័យ Pennsylvania គណនា​ឃើញថា ពលរដ្ឋ​ម្នាក់​នឹង​សំច័យ​ប្រាក់​បាន​ប្រហែល​តែ ៥០ ដុល្លារ​ប៉ុណ្ណោះ បើសិន​គោលនយោបាយ​ខាងលើ​ត្រូវបាន​អនុវត្ត​ចាប់ពី​ខែមីនា ដល់​ដំណាច់​ឆ្នាំនេះ។

ចំណែក​ប្រភព​ចំណូល​របស់​រដ្ឋ ដែល​បានមកពី​ការយកពន្ធ​លើ​ប្រេងសាំង នឹងត្រូវ​ថយចុះ​ប្រហែល ២០ ពាន់​លាន​ដុល្លារ បើសិន​មិន​យកពន្ធ​លើ​ប្រេងសាំង​រហូតដល់​ចុងឆ្នាំ នេះ​បើតាម​របាយការណ៍​រប​ស់ PWBM៕

Advertisement