Bitcoin ឡើងថ្លៃ​ជិត 55,000​ដុល្លារ​/​bitcoin ​នាំ​ឱ្យ​តម្លៃ​មូលធន​របស់​វា កើន​ដល់ 1លាន​លាន​ដុល្លារ​អាមេរិក

ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី នាយក​ផ្នែក​ប្រមូល​ទុន​របស់​បណ្ដា​ក្រុមហ៊ុន និង​ក្រុមហ៊ុន​វិនិយោគ និង​ក្រុម​អ្នកវិនិយោគ​ស្ថាប័ន (Institutional Investors) ជាដើម ត្រូវបាន​គេ​យល់ថា ជា​អ្នក​រុញច្រាន​ឱ្យមាន​ការឡើង​ថ្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin។

ប្រាក់ Bitcoin ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ​ក្រោម 54,000 ដុល្លារ​អាមេរិក ហើយ​ក្រោយមក​ក៏​កើន​ឡើងដល់ 54,880 ដុល្លារ ក្នុង​ 1 bitcoin កាលពី​ថ្ងៃទី 19 កុម្ភៈ នេះ​បើតាម​ក្រុមហ៊ុន Coin Metrics។ ការឡើង​ថ្លៃ​នេះ បាន​ជួយ​ឱ្យ​តម្លៃ​មូលធន​របស់ Bitcoin កើនឡើង​ដល់ 1 លាន​លាន (1,000,000,000,000) ដុល្លារ​ជា​លើកដំបូង។ ប្រការនេះ​ក៏បាន​នាំឱ្យ​ប្រាក់​ឌីជីថល/អេឡិចត្រូនិក​នេះ រកបាន​ចំណេញ​ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យផ្សេងៗ មានដូច​ជា មូល​ប​ត្រ និង​មាស​ជាដើម។

តម្លៃមូលធនរបស់ Bitcoin កើនដល់ 1លានលានដុល្លារអាមេរិក

យោងតាម​សារព័ត៌មាន Bloomberg តម្លៃ​មូលធន​របស់ Bitcoin នៅក្នុង​ដើមឆ្នាំ 2021 នេះ បាន​កើនឡើង​បន្ថែមចំនួន 450 ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី ឬ​ក្រុម​អ្នក​រំពឹង​លើ​ការ​ចំណេញ​រយៈពេល រួម​នឹង​នាយក​ផ្នែក​ប្រមូល​ទុន​របស់​បណ្ដា​ក្រុមហ៊ុន និង​ក្រុម​អ្នកវិនិយោគ អ្នកវិនិយោគ​ស្ថាប័ន (Institutional Investors) ត្រូវបាន​គេ​ជឿថា ជា​ក្រុម​ដែល​បាន និង​កំពុង​ជំរុញ​ឱ្យ Bitcoin ឡើងថ្លៃ​កប់​ពពក​បែបនេះ។

ក្រុម​អ្នកគាំទ្រ Bitcoin នៅតែ​ជជែក​តវ៉ា​ជាមួយនឹង​ក្រុម​ដែល​សង្ស័យ​អំពី​កត្តា​លើកទឹកចិត្ត​នៅ​ពីក្រោយ​ការឡើង​ថ្លៃ​របស់​រូ​បិ​ប័ណ្ណ​ឌីជីថល Bitcoin នេះ។ ក្រុម​មួយ​និយាយថា Bitcoin គឺជា​ទ្រព្យ​ដែល​ត្រូវបាន​គេ​ទទួលយក​ច្រើន ដោយសារតែ​ប្រសិទ្ធភាព​នៃ​ការ​ទប់​ទល់នឹង​ហានិភ័យ​នៃ​បញ្ហា​អតិផរណា។ ចំណែក​ក្រុម​មួយទៀត​គិតថា នេះ​គ្រាន់​តែ​​ជាការ​រំភើប​បណ្ដោះអាសន្ន​ប៉ុណ្ណោះ៕

ប្រភព៖ Bloomberg

Advertisement