ស្ថាបនិក​របស់ SpaceX នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​ដែល​ជំពាក់​បំណុល​ច្រើន​ជាង​គេ​បង្អស់​ ​​នៅ សហរដ្ឋ​អាម៉េរិក បើសិន​ទិញ Twitter

លោក Elon Musk

អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក អាច​ទទួលបាន​ងារ​ថ្មី​ផ្សេង​មួយទៀត នោះ​គឺ នាយក​ប្រតិបត្តិ​ដែល​ជាប់បំណុល​ច្រើន​បំផុត​នៅ សហរដ្ឋ​អាម៉េរិក។

លោក Elon Musk ត្រូវការ​ប្រាក់ ៤៤ ពាន់​លាន​ដុល្លារ ដើម្បី​អាច​ទិញ​បាន Twitter ហើយ​លោក​ត្រូវ​ចំណាយ​ប្រាក់ ២/៣ ក្នុងចំណោម​កញ្ចប់​ថវិកា​សម្រាប់​ទិញ​បណ្ដាញ​សង្គម​នេះ។ ៤៤ ពាន់​លាន​ដុល្លារ​គឺជា​ចំនួន​ច្រើន បើ​ទោះ​លោក Musk មានទ្រព្យ​សុទ្ធ​សរុប​ប្រហែល ២៥០ ពាន់​លាន​ដុល្លារ។ ទ្រព្យ​របស់លោក Musk ផ្សារភ្ជាប់​ទៅនឹង​ភាគហ៊ុន Tesla រួម​នឹង​ទុន​នៅក្នុង​ក្រុមហ៊ុន SpaceX និង The Boring ដូច្នេះ លោក​នឹងត្រូវ​លក់​ភាគហ៊ុន​រាប់លាន​ហ៊ុន និង​ចំណាយ​បន្ថែម​រាប់លាន​ដុល្លារ​ដើម្បី​ប្រមូលប្រាក់​ឱ្យបាន​គ្រប់​ចំនួន​សម្រាប់​ទិញ​បណ្ដាញ​សង្គម។

យោងតាម​របាយការណ៍​ដែល​បាន​បញ្ជូន​ទៅកាន់ គណៈកម្មការ​មូល​ប​ត្រ​អាម៉េរិក (SEC) គម្រោង​ហិរញ្ញវត្ថុ​សម្រាប់​ការទិញ​ដូរ Twitter របស់លោក Musk នឹង​រួមមាន ១៣ ពាន់​លាន​ដុល្លារ​ជា​កម្ចី​ពី​ធនាគារ, ២១ ពាន់​លាន​ដុល្លារ​ជា​ប្រាក់​ផ្ទាល់ខ្លួន និង ១២.៥ ពាន់​លាន​ដុល្លារ​ជា​ប្រាក់កម្ចី​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន Tesla។

ដោយសារតែ​បណ្ដា​ធនាគារ​តម្រូវឱ្យ​មានកា​រ​ធានា​ខ្ពស់​សម្រាប់​ភាគហ៊ុន​ដែល​អាចមាន​ការប្រែប្រួល​ខ្ពស់​ដូចជា Tesla ជាដើម លោក Musk នឹងត្រូវ​ដាក់បញ្ចាំ​ភាគហ៊ុន Tesla ប្រហែល ៦៥ ពាន់​លាន​ដុល្លារ ឬ​ប្រហាក់ប្រហែល​នឹង ១/៤ នៃ​ទ្រព្យ​បច្ចុប្បន្ន​របស់លោក សម្រាប់​ប្រាក់កម្ចី។

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Audit Analytics បានឱ្យដឹងថា លោក Musk បាន​ត្រៀម​ភាគហ៊ុន​តម្លៃ​ជាង ៩០ ពាន់​លាន​ដុល្លារ​សម្រាប់​ការដាក់​បញ្ចាំ។ ខ្ទង់​ប្រាក់​នេះ​ធ្វើឱ្យ​លោក Musk ក្លាយជា​កូនបំណុល​ដែល​ដាក់បញ្ចាំ​ភាគហ៊ុន​ធំ​បំផុត​ក្នុងចំណោម CEO នៅ សហរដ្ឋ​អាម៉េរិក។ តួលេខ​នេះ​ច្រើនជាង​ឆ្ងាយ​ធៀប​នឹង​នាយក​ប្រតិបត្តិ​ដែលជា​កូនបំណុល​ធំ​ទី ២ គឺ Larry Ellison ប្រធាន និង​ជា CEO របស់ Oracle។ លោក Larry Ellison ជំពាក់​បំណុល ២៤ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម ISS Corporate Solutions៕

Advertisement