មហាសេដ្ឋី​ Elon Musk បរិច្ចាគ​ភាគហ៊ុន Tesla តម្លៃ​ជិត ៦ ពាន់​លាន​ដុល្លារអាម៉េរិក

CEO របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk

អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក បានឱ្យដឹងថា លោក​បាន​បរិច្ចាគ​ភាគហ៊ុន Tesla ជាង ៥ លាន​ហ៊ុន នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២១។

យោងតាម​ឯកសារ​ដែល​បាន​បញ្ជូន​ទៅកាន់​គណៈកម្មកា​រមូល​ប​ត្រ​អាម៉េរិក (SEC) CEO របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បាន​បរិច្ចាគ​ភាគហ៊ុន Tesla ជាង ៥ លាន​ហ៊ុន នៅក្នុង​អំឡុងពេល​ចន្លោះ​ពីថ្ងៃ​ទី ១៩ វិច្ឆិកា ដល់ ២៩ វិច្ឆិកា ២០២១។ ភាគហ៊ុន​ទាំងនេះ​មានតម្លៃ ៥.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក បើ​គិត​ទៅតាម​តម្លៃ​មធ្យម​នៅក្នុង​ដំណាក់​កាលនោះ។

នេះ​គឺជា​ខ្ទង់​បរិច្ចាគ​ដ៏​សម្បើម​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ។ ឈ្មោះ​នៃ​អង្គ​ការដែល​បានទទួល​ការបរិច្ចាគ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

ខ្ទង់​បរិច្ចាគ​ខាងលើ​ត្រូវបាន​ធ្វើឡើង​ចំពេល​មាន​សង្គ្រាមពាក្យសម្ដី​រវាង​លោក Elon Musk និង​អ្នកនយោបាយ​អាម៉េរិក ទាក់ទិន​នឹង​វិសមភាព​នៃ​ប្រាក់ចំណូល និង​អត្រាពន្ធ​លើ​ទ្រព្យសម្បត្តិ។

Bloomberg បាន​គណនា​ឃើញថា ប្រាក់​ពន្ធ​ដែល​លោក Musk ត្រូវ​បង់​ជូន​រដ្ឋ គឺ​ប្រមាណ ១០ ពាន់​លាន​​ដុល្លារ​ ដោយ​យោង​​​ទៅ​លើ​សិទ្ធិ​ជ្រើស​ទិញ​ភាគហ៊ុន​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ដែល​លោក​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​កន្លង។

ប៉ុន្មាន​ឆ្នាំ​មកនេះ លោក Musk បានធ្វើ​សកម្មភាព​មនុស្សធម៌​ញឹកញាប់​ជាង​មុន។ លោក​ធ្លាប់បាន​ផ្ដល់ជំនួយ ១០០ លាន​ដុល្លារ​ដល់​ការប្រកួតប្រជែង​កាត់បន្ថយ​កាបូន និង​ជូន ៥ លាន​ដុល្លារ​ដល់​អ្នកវិទ្យាសាស្ត្រ​ដែលមាន​ការស្រាវជ្រាវ​ទាក់ទង​នឹង​កូ​វីដ-១។ល។

លោក Musk បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ ២២៧ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម Bloomberg Billionaires Index៕

Advertisement