ត្រូវ​ក្ស័យធន​​ដោយ​​សារ​​បំណុល​​ជាង​​ ៥០​ ​ពាន់​​លាន​​ដុល្លារ​ ​​ស្រីលង្កា កំពុង​​សង្ឃឹម ​និង​​រង់​ចាំ​​ជំនួយ​​ពី ​ប្រទេស​​ចិន

អ្នកការទូត​ជាន់ខ្ពស់​របស់ ប្រទេស​ស្រីលង្កា នៅ ទីក្រុង​ប៉េកាំង ជឿថា ប្រទេស​ចិន នឹង​អនុម័ត​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​តម្លៃ ២.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ស្ថានការណ៍​ដែល​ប្រទេស​កោះ​មួយ​នេះ​ប្រកាស​ក្ស័យធន​នា​ថ្ងៃទី ១២ មេសា ២០២២។

ខាងលើ​គឺជា​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ១២ មេសា ដោយ Bloomberg ដកស្រង់​សម្ដី​របស់លោក Palitha Kohona ឯកអគ្គរដ្ឋទូត​ស្រីលង្កា ប្រចាំ ប្រទេស​ចិន។

យោងតាម​លោក Kohona ប្រទេស​ចិន «បាន​សន្យា​ស្ដីពី​ហិរញ្ញវត្ថុ​ចំពោះ ស្រីលង្កា កាលពី​សប្ដាហ៍​កន្លង» ទន្ទឹមនឹង​ការរៀបចំ​ខ្ទង់​ប្រាក់កម្ចី​ថ្មី។ ស្រីលង្កា កំពុង​ស្នើ​ប្រាក់កម្ចី​ពី ចិន ចំនួន ១ ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ទូទាត់​បំណុល​ដែល​ដល់​កាលកំណត់​ត្រូវ​សង​នៅ​ខែកក្កដា ឆ្នាំនេះ។

លោក Kohona គ្រាន់តែ​និយាយថា ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់ ទីក្រុង​ប៉េកាំង នឹង​មកដល់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ដោយ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​លក្ខខណ្ឌ​ដែល​ប្រទេស​នេះ​ត្រូវបំពេញ។

ស្រីលង្កា កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​កន្លងមកនេះ នៅពេល​ទំនិញ​ឡើងថ្លៃ​ខ្ពស់ និង​ឆាប់រហ័ស​ជាងគេ​នៅ អាស៊ី (ប្រហែល ១៩%) កាលពី​ខែ​កន្លង។ តម្លៃ​ទំនិញ​កើនឡើង​ខ្ពស់ បញ្ហា​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ និង​ស្ថាន​ភាពខ្វះ​ស្បៀងអាហារ រួម​នឹង​បញ្ហា​ក្នុង​ប្រព័ន្ធ​សុខាភិបាល​ជាដើម បាន​នាំឱ្យមាន​បាតុកម្ម​កើតឡើង​ពាសពេញ​ប្រទេស។

ប្រទេស​ស្រីលង្កា

ថ្មីៗនេះ លោក Kohona ឱ្យដឹងថា ប្រធានាធិបតី​ស្រីលង្កា Gotabaya Rajapaksa បានស្នើ​ឱ្យ ប្រធានាធិបតី​ចិន ផ្ដល់ប្រាក់​កម្ចី​ដល់​ប្រទេស​នេះ។ ក្រុមមន្ត្រី​នៅ កូឡុំបូ ក៏បាន​តឿន​ឱ្យ ទីក្រុង​ប៉េកាំង ជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ «កាន់តែ​ឆាប់ កាន់តែ​ល្អ»។

កាលពី​ថ្ងៃទី ១២ មេសា ២០២២ ស្រីលង្កា បានប្រកាសថា ពួកគេ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទូទាត់​បំណុល​បរទេស​ដែលមាន​តម្លៃ ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា បាន​អំពាវនាវ​ដល់​ម្ចាស់បំណុល រួមទាំង​បណ្ដា​រដ្ឋាភិបាល​បរទេស ពន្យារពេល​នៃ​ការទូទាត់​ការប្រាក់ ឬ​ជ្រើសរើស​វិធី​ទទួលយក​ខ្ទង់​ប្រាក់កម្ចី​ដើម ដោយ​រូបិយវត្ថុ​ក្នុងស្រុក​របស់​ប្រទេស​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា ឱ្យដឹងថា «រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​បន្ទាន់…ដើម្បី​ទប់ស្កាត់​ឱនភាព​បន្ថែមទៀត​នៃ​ស្ថានការណ៍​ហិរញ្ញវត្ថុ​របស់ ស្រីលង្កា។ ការប្រកាស​ក្ស័យធន ក៏​ដើម្បី​ធានាឱ្យមាន​ការ​ព្រឹ​ត្ត​ដោយ​យុត្តិធម៌​ចំពោះ​ម្ចាស់បំណុល រហូតដល់ ស្រីលង្កា ទទួលបាន​ជំនួយ​ពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)»៕

Advertisement