Samsung កំពុងស្ថិត​ក្នុងដំណាក់កាល​រីកចម្រើន​មិន​ធ្លាប់មាន៖ ទាំង​ស្មា​ត​ហ្វូ​ន ទាំង​ឈី​ប​ចងចាំ សុទ្ធតែ​រកបាន​ចំណូល​ខ្ពស់

ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Samsung នៅក្នុង​ត្រីមាស​ទីមួយ នៃ​ឆ្នាំ ២០២២ នេះ បាន​កើន ៥០%។

ទស្សនាវដ្ដី Forbes របស់ អាម៉េរិក ឱ្យដឹងថា Samsung Electronics ទើបបាន​ប្រកាស​អំពី​ប្រាក់ចំណេញ​បឋម​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២។ លទ្ធផល​បង្ហាញថា ប្រាក់ចំណេញ​បាន​កើនឡើង​លើសពី​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ ដោយសារ​តម្រូវការ​លើ​ទូរស័ព្ទ​ថ្មី និង​ឈី​ប​អង្គ​ចងចាំ​របស់​ក្រុមហ៊ុន។

ជាក់ស្ដែង ប្រាក់ចំណេញ​ពី​ប្រតិបត្តិការ (operating profit) របស់ Samsung កើន ៥០% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ ឡើងដល់ ១១.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងអំឡុង ៣ ខែ ដែល​បញ្ចប់​នៅក្នុង​ខែមីនា ២០២២។ ប្រាក់ចំណូល​សរុប​ក្នុង​ត្រីមាស​ដំបូង​នេះ ក៏បាន​កើន ១៨% ឡើងដល់​ជាង ៦២.៨ ពាន់​លាន​ដុល្លារ​អាម៉េរិក។

Samsung នឹង​បញ្ចេញ​ព័ត៌មាន​ស្ដីពី​ប្រាក់ចំណេញ​សុទ្ធ និង​សេចក្ដីលម្អិត​នៃ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ​របស់​ផ្នែកនីមួយៗ នៅពេល​ពួកគេ​បញ្ចេញ​របាយការណ៍​សរុប​នៅ​ថ្ងៃទី ២៨ មេសា​ខាងមុខ។

Samsung Galaxy S២២

ក្នុង​ផ្នែក​បច្ចេកវិទ្យា​ចល័ត ប្រាក់ចំណូល​បឋម​រប​ស់ Galaxy S២២ មាន​កម្រិត​ខ្ពស់ ដោយ​លក់​ចេញ​បាន​ជាង ១ លាន​គ្រឿង​នៅ កូរ៉េខាងត្បូង ក្នុង​សប្ដាហ៍​នេះ។ Galaxy S២២ ដែល​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​ចាប់តាំងពី​ខែកុម្ភៈ ត្រូវបាន​លក់​ចេញ​លឿន​ជាង ២០% ធៀប​នឹង S២។ នៅ សហរដ្ឋ​អាម៉េរិក S២២ ត្រូវបាន​លក់​ចេញ​លឿន​ជាង ៦០% ធៀប​នឹង S២១ ក្នុងអំឡុង ៣ សប្ដាហ៍​ដំបូង។

 

Advertisement