កំលោះ​កើត​ឆ្នាំ ១៩៩២ ក្លាយជា​មហាសេដ្ឋី​ដោយសារ «​អែប​បញ្ជា​ទិញ​ និង​​ប្រគល់​អាហារតាម​ទូរស័ព្ទ​»

កំលោះ​ Andy Fang

ដោយមាន​ទ្រព្យ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក Andy Fang ប្រធាន​ផ្នែក​បច្ចេកវិទ្យា (CTO) របស់ DoorDash ក៏មាន​វត្តមាន​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​វ័យក្មេង​បំផុត​របស់​ទស្សនាវដ្ដី Forbes។

នៅពេល​និយាយ​ដល់​អ្នកជំនួញ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ជ្រលង​ភ្នំ Silicon គេ​មិនអាច​មិន​រំលឹក​ដល់ Andy Fang ដែលជា CTO របស់​ក្រុមហ៊ុន​ប្រគល់​អាហារ​រហ័ស DoorDash។

កំលោះ​ជនជាតិ​អាម៉េរិក ដើមកំណើត​ចិន កើត​ឆ្នាំ ១៩៩២ ជា​មនុស្ស​ពូកែ ឧ​ស្សហ៍​ព្យាយាម និង​ហ៊ាន​ប្រឈមមុខ​នឹង​ហានិភ័យ។ ប៉ុន្តែ ទាំងនេះ​មិនមែន​គ្រប់យ៉ាង​ដែលនាំឱ្យ Andy Fang ជោគជ័យ​នោះទេ។

«Andy Fang គឺជា​សិស្ស​គំរូ​ម្នាក់​ដែល​គ្រូបង្រៀន​ណា​ក៏​ចូលចិត្ត។ គាត់​ប្រឹងប្រែង​ខ្លាំងណាស់ សូម្បីតែ​មេរៀន​ដែល​តូចតាច​បំផុត» Eric Nelson ប្រធាន​មុខ​វិ​ជ្ជ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Stanford បាន​ប្រាប់ The Harker ដូច្នេះ។

មុនពេល​បាន​ក្លាយជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មួយ​ដែលមាន​តម្លៃ​បំផុត​នៅ​ជ្រលង Silicon កំលោះ Fang គឺជា​សិស្ស​ឆ្នើម។ គាត់​ធ្លាប់ជា​ប្រធាន​សមាគមនិស្សិត។

ឱកាស​បាន​ផ្ដល់ឱ្យ Andy Fang នៅពេល​កំពុង​ជា​និស្សិត​ឆ្នាំ​ទី​ពីរ។ គ្រាមួយ គាត់​រួម​នឹង​និស្សិត ៣ នាក់​ទៀត គឺ Evan Moore, Stanley Tang និង Tony Xu បានធ្វើ​កិច្ចការ​សាលា​ជាមួយគ្នា និង​មានឱកាស​ពិភាក្សា​គ្នាច្រើន ក្នុងនោះ​មាន​ទាំង​បញ្ហា​បញ្ជា​ទិញ​អាហារ​ផងដែរ។ បន្ទាប់​បាន​និយាយ​ជាមួយ​ម្ចាស់​ភោជនីយដ្ឋាន​ជិត ១០ កន្លែង ពួកគេ​ក៏​ដឹងថា ការទទួល​ការបញ្ជាទិញ និង​ការប្រគល់​ទំនិញ​នៅលើ​គេហទំព័រ តែងតែមាន​បញ្ហា និង​មិន​ងាយស្រួល។ ពួកគេ​ក៏បាន​បង្កើត PaloAltoDelivery ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​បញ្ជា​ទិញ​ទំនិញ​បាន​យ៉ាង​លឿន​នៅលើ​ទូរស័ព្ទ។ មិនយូរប៉ុន្មាន ពួកគេ​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់ និង​ក្រុម​ម្ចាស់​ភោជនីយដ្ឋាន។

ដើម្បី​ស្វែងរក​អតិថិជន​ដំបូង​ៗ​ ក្រុម​របស់ Andy Fang ក៏បាន​នាំគ្នា​ផ្ញើ​សារ​ឱ្យ​និស្សិត​ក្នុង​សាលា និង​ក្នុង​អន្តេវាសិកដ្ឋាន។ មកដល់​ឆ្នាំ ២០១៣ PaloAltoDelivery ទទួល​ប្រាក់ ១២០,០០០ ដុល្លារ​ពី​កម្មវិធី​ជំនួយ​ក្នុង​ការបើក​ក្រុមហ៊ុន​ថ្មី​របស់ Y Combinator។ Fang និង​សហការី បាន​ប្ដូរ​ឈ្មោះ PaloAltoDelivery ទៅជា DoorDash។

មុនពេល​ជ្រើសរើស​បុគ្គលិក​សម្រាប់​ដឹកជញ្ជូន សហ​ស្ថា​និក​ទាំង ៤ រូប​របស់ DoorDash នៅតែ​ធ្វើការ​ដឹកជញ្ជូន​ដោយផ្ទាល់ ចាប់ពី​ម៉ោង ៦ ដល់​ម៉ោង ១៨ ជា​រៀងរាល់ថ្ងៃ។ ឆ្នាំ ២០១៤ DoorDash ទទួលបាន​ខ្ទង់​វិនិយោគ ២០ លាន​ដុល្លារ។ ពេលនោះ DoorDash ក៏បាន​ក្លាយជា​ក្រុមហ៊ុន​ប្រគល់​អាហារ​សម្រាប់​ភោជនីយដ្ឋាន​ជាង ១,០០០ នៅ Bay Area និង Los Angeles មុនពេល​ពង្រីក​ខ្លួន​ពាសពេញ​ទឹកដី​អាម៉េរិក។

ពីរ​ឆ្នាំ​ក្រោយមក Andy Fang និង Stanley Tang មានឈ្មោះ​នៅក្នុង​បញ្ជី Forbes Under ៣០ ក្នុង​ប្រភេទ​បច្ចេកវិទ្យា​សម្រាប់​អតិថិជន។ ចុងឆ្នាំ ២០១៩ DoorDash ប្រមូល​ទុន​បាន​ជាង ២.៥ ពាន់​លាន​ដុល្លារ​ពី​អ្នកវិនិយោគធំៗដូចជា SoftBank, Sequoia Capital និង Singapore GIC ជាដើម នេះ​បើតាម CNBC។

មួយឆ្នាំ​បន្ទាប់មកទៀត DoorDash បាន​ឡើង​ផ្សារ​ហ៊ុន។ Fang បាន​ឈាន​ជើង​ចូលក្នុង​ក្លឹប​មហាសេដ្ឋី​របស់​ពិភពលោក ហើយ​បច្ចុប្បន្ន​មានទ្រព្យ​ចំនួន ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្រោយពី​ជោគជ័យ​នៅ អាម៉េរិក DoorDash ចាប់ផ្ដើម​ពង្រីក​ខ្លួន​ទៅក្នុង​ទីផ្សារ​បរទេស ដូចជា អាល្លឺម៉ង់ និង ជប៉ុន។

«យើង​នៅតែ​ធ្វើ​កិច្ចការ​ដើម្បី​កសាង​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​ឆ្លាត​វៃ។ គ្រប់​ការងារ​លម្អិត សុទ្ធតែ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ដូចជា ​អ្នក​ប្រគល់​ទំនិញ​អាច​ចត​យានយន្ត​នៅ​កន្លែង​ណា​ក្នុង​ទីក្រុង, ចំណាយពេល​ប៉ុន្មាន​ក្នុងការ​ធ្វើ​នំ​ភី​ហ្សា ១ ឈុត ឬ​កា​រ៉ែ​ម ១ ដើម​អាច​រក្សា​ភាព​ត្រជាក់​បាន​រយៈពេល​ប៉ុន្មាន​នាទី។ល។ កិច្ចការ​លម្អិតនីមួយៗសុទ្ធតែ​ត្រូវបាន​គិតគូរ​យ៉ាង​ប្រុងប្រយ័ត្ន ទាមទារ​ឱ្យមាន​សុក្រឹតភាព​ខ្ពស់។ ប្រការនេះ​បាន​ជួយ​ឱ្យ DoorDash ខុសប្លែក​ពី​បណ្ដា​អែប​ប្រគល់​អាហារផ្សេង» មហាសេដ្ឋី Andy Fang បញ្ជាក់​ដូច្នេះ៕

Advertisement