រុស្ស៊ី កំពុង​ពិចារណា​លើ​ការប្រើ​ប្រាស់​​រូបិយវត្ថុ​ឌីជីថល​គ្រីប​តូ ក្នុងការ​ទូទាត់​អន្តរជាតិ

ថ្ងៃទី ៣១ ឧសភា អគ្គនាយករង​ទីមួយ​នៃ​ធនាគារជាតិ​រុស្ស៊ី លោកស្រី Ksenia Yudaeva បានឱ្យដឹងថា ធនាគារ​នេះ​អាច​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្រាក់​ឌីជីថល​គ្រីប​តូ (Cryptocurrency) នៅក្នុង​ការជួញដូរ​អន្តរជាតិ បើ​ទោះ​ការជួញដូរ​ដោយ​ប្រាក់​ឌីជីថល​នេះ​នៅ រុស្ស៊ី មាន​ហានិភ័យ​ខ្ពស់។

ព័ត៌មាន​ពី មូ​ស្គូ ឱ្យដឹងថា លោកស្រី Yudaeva ថ្លែងថា ធនាគារជាតិ​រុស្ស៊ី មិន​ជំទាស់​នឹង​ការប្រើប្រាស់​ប្រាក់​ឌីជីថល​គ្រីប​តូ​នៅក្នុង​ការជួញដូរ​អន្តរជាតិ និង​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ។ ប៉ុន្តែ លោកស្រី​អះអាងថា ការប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល​ប្រភេទ​គ្រីប​តូ នៅក្នុង​ប្រទេស ពិសេស​គឺ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ រុស្ស៊ី គឺអាច​បង្ក​ហានិភ័យ។

កាលពី​ខែមេសា ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី ក៏បាន​លើកឡើង​នូវ​សេចក្ដីព្រាង​នៃ​ការកំណត់​ស្ដីពី​ទីផ្សារ​ប្រាក់​ឌីជីថល​គ្រីប​តូ ដោយ​ស្នើឱ្យ​មានការ​អនុញ្ញាតឱ្យ​បុគ្គល និង នីតិបុគ្គល ជួញដូរ​ដោយ​ប្រាក់​ឌីជីថល​គ្រីប​តូ។ ប៉ុន្តែ ត្រូវគោរព​តាម​គោលការណ៍​ប្រឆាំងនឹង​ការលាង​លុយ និង​ការគាំទ្រ​ដល់​ភេរវកម្ម។ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី ក៏​មិនបាន​ហាមឃាត់​ការប្រើប្រាស់​រូបិយវត្ថុ​ប្រភេទ​នេះ ចំពោះ​អ្នក​ដែល​មិនមាន​ទីលំនៅ​ក្នុង ប្រទេស​រុស្ស៊ី នោះដែរ។

កាលពី​ខែមករា ២០២១ ច្បាប់​ស្ដីពី​ទ្រព្យ​ឌីជីថល និង​ប្រាក់​ឌីជីថល​គ្រីប​តូ​នៅ រុស្ស៊ី បាន​ចូល​ជា​ធរមាន អនុញ្ញាតឱ្យ​ប្រជាជន​វិនិយោគ និង​រក្សាទុក។ បទបញ្ជា​ដែល​បាន​ហាមប្រាម​កន្លងមក ត្រូវបាន​ទុកជាមោឃ។

យោងតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​ទូទាត់​ដោយ​ប្រាក់​ឌីជីថល​គ្រីប​តូ TripleA របស់ សិង្ហ​បុរី បច្ចុប្បន្ន​មាន​ប្រជាជន​ជាង ១៧ លាន​នាក់​នៅ រុស្ស៊ី កំពុង​កាន់កាប់​ប្រាក់​ឌីជីថល​គ្រីប​តូ និង ៦០% ក្នុងចំណោម​ពួកគេ​គឺមាន​អាយុ​ពី ២៥ ដល់ ៤៤ ឆ្នាំ។ ទិន្នន័យ​របស់ សាកលវិទ្យាល័យ Cambridge (អង់គ្លេស) ឱ្យដឹងថា ឆ្នាំ ២០២១ រុស្ស៊ី ជាប់​ចំណាត់ថ្នាក់​ទី​បី​លើ​ពិភពលោក​ស្ដីពី​ការរក​ប្រាក់​ឌីជីថល​គ្រីប​តូ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង កា​ហ្សា​ក់​ស្ថាន៕

Advertisement