មានទ្រព្យ ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្ថាបនិក​របស់ Binance យល់ថា ភាពមានបាន​របស់ខ្លួន​គ្រាន់តែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ

លោក Changpeng Zhao

ក្រោយការ​​បង្កើត Binance បាន ៥ ឆ្នាំ លោក Zhao ត្រូវបាន Bloomberg គណនា​ឃើញថា មានទ្រព្យ​សុទ្ធ​រហូតដល់ ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

លោក Changpeng Zhao ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Binance បច្ចុប្បន្ន​គឺជា​មហាសេដ្ឋី​មួយរូប​ក្នុងចំណោម​អ្នកមាន​ទ្រព្យ​ច្រើនជាង​គេង​នៅលើ​ពិភពលោក។

បុរស​វ័យ ៤៤ ឆ្នាំ Changpeng Zhao គឺជា​អ្នកគ្រប់គ្រង​ផ្សារ​រូបិយវត្ថុ​ឌីជីថល ធំជាងគេ​បង្អស់​ក្នុង​សកលលោក ដោយមាន​តម្លៃ​ប្រហែល ៣០០ ពាន់​លាន​ដុល្លារ ពោល​គឺ​ធំ​ជាង​ជិត ៦ ដង ធៀប​នឹង​គូប្រជែង Coinbase នៅ សហរដ្ឋ​អាម៉េរិក។

យោង​តាម​ Bloomberg ក្រោយ​បង្កើត Binance បាន ៥ ឆ្នាំ លោក Zhao មានទ្រព្យ​សុទ្ធ​រហូតដល់ ៧៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជិត​ស្មើនឹង​ទ្រព្យ​របស់ Mark Zuckerberg ដែលជា​នាយក​ប្រតិបត្តិ​របស់ Meta ជា​ក្រុមហ៊ុនមេ​របស់​បណ្ដាញ​សង្គម​ Facebook។ ដោយ​ជាប់​ចំណាត់ថ្នាក់​ជា​អ្នកមាន​ជាងគេ​ទី ១៥ នៅលើទំព័រ​របស់​សារព័ត៌មាន Bloomberg លោក Zhao មានទ្រព្យ​ច្រើនជាង​ស្ថាបនិក​របស់ Dell គឺ Michael Dell និង​អ្នក​ស្នង​មរតក ៣ នាក់ របស់ Walmart ទៅទៀត។

ចែក​រំ​លែង​ជាមួយ Fortune លោក Changpeng Zhao និយាយថា លោក​កើត​នៅក្នុង​គ្រួសារ​ក្រីក្រ និង​ធំ​ឡើង​ក្នុងភូមិ​មួយ​ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន។ លោក​ធ្លាប់​ឆ្លងកាត់​ជំនាន់​ចែក​របប​អាហារ។

ក្រោយមក គ្រួសារ​របស់លោក បាន​ទៅកាន់ ប្រទេស​កាណាដា។ Zhao ចាប់ផ្ដើម​រកប្រាក់​ដោយ​ធ្វើ​ការឱ្យ McDonald’s និង​ធ្វើជា​អ្នកបើកបរ​នៅក្នុង​ការប្រកួត​បាល់ទះ​នានា។ បន្ទាប់មក លោក​បន្ត​រៀន​​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ និងធ្លាប់​បានធ្វើការ​ច្រើន​ឆ្នាំ​នៅ ប្រទេស​ជប៉ុន និង សហរដ្ឋ​អាម៉េរិក មុនពេល​បង្កើត​ក្រុមហ៊ុន Binance។

Binance ដើម​ឡើយ​មាន​ការិយាល័យ​កណ្ដាល​នៅ​ ប្រទេស​ចិន ប៉ុន្តែ បាន​រើ​ចេញពី​ប្រទេស​នេះ ដោយ​សារ​តែ​មាន​​សម្ពាធ​ពី​រដ្ឋាភិបាល​។

ពេលនេះ លោក Zhao បាន​ក្លាយជា​មហាសេដ្ឋី ដោយមាន​ទ្រព្យ​រាប់សិប​ពាន់​លាន​ដុល្លារ និង​ក្ដោប​ក្ដាប់​ផ្សារ​រូបិយវត្ថុ​ឌីជីថល​លំដាប់​លើ​គេ​ក្នុង​ពិភពលោក ដែលមាន​តម្លៃ​នៃ​ការ​​ជួញដូរ​ឡើងដល់ជាង ៣៤,០០០ ពាន់​លាន​ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០២១។

ចំពោះ​ភាពមានបានរបស់​ខ្លួន​ លោក​ Zhao យល់ថា វា​គ្រាន់​តែមាន​នៅលើ​ក្រដាស​ប៉ុណ្ណោះ។ ហើយ​យោងតាម​ល្បឿន​នៃ​ការពង្រីក​ខ្លួន​របស់ Binance ភាពមានបាន​ហាក់​មិនមែន​ជា​របស់​ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​លោកឡើយ៕

Advertisement