ស្ដាយ​ជំនួស Bill Gates! បើសិន​បន្តដំណើរ​ជាមួយ Microsoft មកដល់​បច្ចុប្បន្ន លោក​អាចមាន​ទ្រព្យ​ច្រើនជាង Elon Musk ទ្វេដង

មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ក្នុង​សម័យនេះ មិនមែនជា​បុគ្គល​ដែល​ជួយ​ឱ្យ Microsoft រីកចម្រើន​បំផុត ហើយក៏​មិនមែនជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នោះដែរ។

លោក Bill Gates គួរ​ណាស់​តែមាន​ទ្រព្យ​ច្រើនជាង​លោក Elon Musk និង​លោក Jeff Bezos បូក​ចូលគ្នា

សារព័ត៌មាន Bloomberg បាន​អះអាងថា មហាសេដ្ឋី Bill Gates ប្រហែលជា​មានការ​សោកស្ដាយ​នៅពេល​បានឃើញ​តម្លៃ​មូល​ប​ត្រ​របស់ Microsoft នាបច្ចុប្បន្ន។ គួរ​ណាស់​តែ​លោក​បាន​ក្លាយជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក​នាពេលនេះ ពោលគឺ​មានទ្រព្យ​ច្រើនជាង​មហាសេដ្ឋី Elon Musk និង​មហាសេដ្ឋី Jeff Bezos បូក​ចូលគ្នា បើសិនជា​លោក Bill Gates នៅតែ​បន្ត​រក្សា​ភាគហ៊ុន​របស់ខ្លួន​នៅ Microsoft រហូតដល់​បច្ចុប្បន្ន។

យោងតាម​ស្ថិតិ​របស់ Bloomberg មហាសេដ្ឋី Bill Gates បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ប្រមាណ 138.5 ពាន់​លាន​ដុល្លារ។ កាលពី​ខែកញ្ញា ឆ្នាំ 1998 លោក Gates កាន់កាប់​ភាគហ៊ុន​ជាង 2 ពាន់​លាន​ហ៊ុន​របស់ Microsoft ហើយ​នោះ​គឺជា​អំឡុង​ពេលដែល​ក្រុមហ៊ុន​នេះ​ក្លាយជា​ស្ថាប័ន​ដែលមាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក។

លោក​ Bill Gates និង​អតីត​ភរិយា​ Melinda French Gates

បច្ចុប្បន្ន Microsoft នៅតែ​ជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​លោក ដោយមាន​មូលធន​ទីផ្សារ 2.5 លាន​លាន (2.5 ទ្រី​លាន) ដុល្លារ។ ប្រការនេះ​មានន័យថា ភាគហ៊ុន​រាប់ពាន់​លាន​ហ៊ុន​ដែល​លោក Bill Gates ធ្លាប់បាន​កាន់កាប់ បើសិន​រក្សាទុក​ដល់​ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 នឹងមាន​តម្លៃ​សរុប​ប្រហែល 693 ពាន់​លាន​ដុល្លារ ច្រើនជាង​ទ្វេដង​ធៀប​នឹង​ទ្រព្យ 340.4 ពាន់​លាន​ដុល្លារ​របស់លោក Elon Musk និង​ច្រើនជាង 3 ដង ធៀប​នឹង​ទ្រព្យ 200.3 ពាន់​លាន​ដុល្លារ​របស់លោក Jeff Bezos។

ក៏ប៉ុន្តែ គួរឱ្យ​ស្ដាយ​ខ្លាំងណាស់ ប្រការ​ទាំងនោះ​មិនបាន​កើតឡើង​នោះទេ។ លោក Bill Gates បាន​លក់​ភាគហ៊ុន​ស្ទើរតែ​ទាំងអស់​របស់ខ្លួន នៅពេល​លោក​ចាក​ចេញពី​ក្រុមប្រឹក្សាភិបាល​របស់ Microsoft កាលពី​ឆ្នាំទៅ។ កាលណោះ (ប្រហែល​ខែមីនា ឆ្នាំ 2020) លោក Gates បានប្រកាសថា នឹង​ចាក​ចេញពី​ក្រុមហ៊ុន​លំដាប់​យក្ស Microsoft ដើម្បី​ផ្ដោតទៅលើ​កិច្ចការ​មនុស្សធម៌។ បច្ចុប្បន្ន មហាសេដ្ឋី​រូបនេះ នៅសល់​ភាគហ៊ុន​ត្រឹមតែ 1.3% ប៉ុណ្ណោះ នៅក្នុង​ក្រុមហ៊ុន Microsoft។

ការចាកចេញ​ពី​ក្រុមប្រឹក្សាភិបាល​របស់ Microsoft កាលពី​ឆ្នាំ 2020 របស់លោក Gates កើតឡើង​ដោយសារ​កត្តា​មួយចំនួន ពិសេស​គឺ​បញ្ហា​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ផ្សេង។ល។ ក្រោយមក បញ្ហា​អវិជ្ជមាន​ជាច្រើន​របស់លោក​ក៏ត្រូវ​បាន​គេ​បើក​កកាយ​យកមក​និយាយ​ជា​ហូរហែ៕

Advertisement