ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្លឹប Chelsea និង​មហា​សេដ្ឋី​រុស្ស៊ី ច្រើន​នាក់​ទៀត​ ត្រូវបាន​បង្ក​កនៅ អឺរ៉ុប

មហាសេដ្ឋីរុស្ស៊ី Roman Abramovich

មហាសេដ្ឋី​រុស្ស៊ី Roman Abramovich ត្រូវបាន​រដ្ឋាភិបាល​នៃ ប្រទេស​អង់គ្លេស ដាក់ទណ្ឌកម្ម ដោយ​ការ​បង្កក​ទ្រព្យ។

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Liz Truss នា​ថ្ងៃទី ១០ មីនា​នេះ បានប្រកាស​បទបញ្ជា​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ធ្វើដំណើរ​ចំពោះ​អ្នកមានកំពូលៗចំនួន ៧ រូប​របស់ រុស្ស៊ី។ ក្នុងចំណោម​នោះ​មាន​ប្រធាន​ក្លឹប​បាល់ទាត់​អង់គ្លេស Chelsea លោក Roman Abramovich ផងដែរ។

បទបញ្ជា​ដាក់ទណ្ឌកម្ម​នេះ​បានលើកឡើង​ច្បាស់​ថា ទ្រព្យសម្បត្តិ​ទាំងអស់​របស់​បុគ្គល​ទាំង ៧ រូបនេះ នៅ អង់គ្លេស នឹងត្រូវ​បាន​បង្កក។ ពួកគេ​ក៏ត្រូវ​ហាម​ធ្វើដំណើរ ចូលមក​ទឹកដី​អង់គ្លេស ព្រមទាំង​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់ អង់គ្លេស ធ្វើ​ជំនួញ​ជាមួយ​បុគ្គល​ទាំងនេះ។

កាលពី​សប្ដាហ៍​មុន មហាសេដ្ឋី Abramovich ប្រកាស​លក់​ក្លឹប​បាល់ទាត់ Chelsea ហើយ​ប្រាក់​ដែល​លក់បាន​នឹងត្រូវ​យកទៅជួយ​ដល់​ក្រុម​អ្នករងគ្រោះ​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

ការសម្រេច​របស់​អាជ្ញា​ធរ​អង់គ្លេស នឹងមាន​សុពលភាព​មុនពេល​ដំណើរ​ការលក់​ក្លឹប Chelsea ដែលមាន​តម្លៃ​ប្រហែល ៣ ពាន់​លាន​ផោន ស្មើនឹង​ជាង ៣.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​ចប់សព្វគ្រប់។

មកដល់ពេលនេះ អង់គ្លេស បានដាក់​ទណ្ឌកម្ម​ចំពោះ​បុគ្គល និង​ក្រុមហ៊ុន​រុស្ស៊ី ចំនួន​ជាង ២០០ បុគ្គល និង​ស្ថាប័ន។ ក្រៅពី​លោក Abramovich បុគ្គល​ដែល​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​របស់ អង់គ្លេស ក៏មាន មហាសេដ្ឋី Oleg Deripaska ដែលមាន​ភាគហ៊ុន​ច្រើន​នៅ En+ Group, Igor Sechin នាយក​ប្រតិបត្តិ​របស់ Rosneft, Andrey Kostin ប្រធាន​ធនាគារ VTB, Alexei Miller នាយក​ប្រតិបត្តិ​របស់ Gazprom, Nikolai Tokarev ប្រធាន​ក្រុមហ៊ុន Transneft និង Dmitri Lebedev ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ Rossiya ផងដែរ៕

Advertisement