NASA តែងតាំង​ពលរដ្ឋ​ដើមកំណើត វៀតណាម ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ

អ្នកស្រី Margaret Vo Schaus ដែលជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត វៀតណាម ត្រូវបានតែងតាំង​ឱ្យធ្វើជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) នេះ​បើតាម​សារព័ត៌មាន Yahoo News។

អ្នកស្រី ​Margaret ​Vo Schaus បានឱ្យដឹងថា «មាន​មោទកភាព​ខ្លាំងណាស់ នៅពេល​បាន​ស្បថ​ចូលកាន់​តំណែង» ក្រោម​អធិបតីភាព​របស់​អគ្គ​នាយក NASA លោក Bill Nelson កាលពី​ថ្ងៃទី 04 សីហា។ លោកស្រី​ក៏បាន​សំដែង​ការដឹងគុណ​ដល់​ប្រធានាធិបតី Biden ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​អ្នកស្រី ធ្វើជា​អ្នក «គ្រប់គ្រង​ថវិកា​របស់ NASA»។

លោក Nelson ឱ្យដឹងថា លោក​បាន​ស្គាល់ Vo Schaus ជាច្រើន​ឆ្នាំ​មកហើយ និង​យល់ថា បទពិសោធន៍​របស់​អ្នកស្រី នឹង «ជួយ​អនុវត្ត​គោលដៅ និង​បេសកកម្ម​របស់ NASA ពី​និយមន័យ ឱ្យទៅជា​ការជាក់ស្ដែង»។

អ្នក​ស្រី Vo Shaus

មុនពេល​ត្រូវបានតែងតាំង​ជា​នាយិកា​ផ្នែក​ហិរញ្ញវត្ថុ​របស់ NASA អ្នកស្រី Vo Shaus បាន​កាន់តំណែង​ជា​ប្រធាន​ពាណិជ្ជកម្ម​នៃ​ការិយាល័យ​ស្រាវជ្រាវ​និង​បច្ចេកទេស របស់​ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដែល​ទទួលខុសត្រូវ​ក្នុងការ​តាមដាន «ថវិកា​ខ្ទង់ពាន់​លាន​ដុល្លារ»។ អ្នកស្រី​ក៏​ស្ថិតក្នុង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​នាយកដ្ឋាន​ថាមពល និង​ការពារជាតិ អស់​ជាច្រើន​ទសវត្សរ៍។

អ្នកស្រី Vo Schaus បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា សង្គម និង​ភាសា​អង់គ្លេស។ អ្នកស្រី​ក៏​ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ពី សាកលវិទ្យាល័យ Stanford ផងដែរ៕

Advertisement