ប្រាក់​រូ​ប្ល (ruble) របស់ រុស្ស៊ី ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន រដ្ឋាភិបាល​ដំឡើង​ការប្រាក់​ឡើងដល់ ២០%

រូបិយវត្ថុ​ក្នុងស្រុក​របស់ រុស្ស៊ី មានពេលខ្លះ​ធ្លាក់​ថ្លៃ ៤០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក កាលពី​ព្រឹក​នេះ ក្រោយពី អាម៉េរិក និង អឺរ៉ុប កាត​ផ្ដាច់​ធនាគារធំៗរបស់ រុស្ស៊ី ចេញពី​បណ្ដាញ SWIFT។

ក្នុងការ​ជួញដូរ​ព្រឹក​មិញ ប្រាក់​រូ​ប្ល​រុស្ស៊ី មានពេលខ្លះ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១១៧.៧៥ រូ​ប្ល សម្រាប់​ប្ដូរ​យក ១ ដុល្លារ​អាម៉េរិក ថយចុះ ៤០% ពី ៨៣.៧៥ រូ​ប្ល​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg។

មូលហេតុ​នៃ​ការធ្លាក់​ថ្លៃ​នេះ​គឺ​ដោយសារ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប រួម​នឹង កាណាដា កាលពី​សប្ដាហ៍​កន្លង បាន​យល់​ស្របគ្នា​ក្នុងការ​កាត់​ធនាគារធំៗមួយចំនួន​របស់ រុស្ស៊ី ចេញពី SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក។

ដើម្បី​ប៉ះប៉ូវ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការធ្លាក់​ថ្លៃ​របស់ ប្រាក់​រូ​ប្ល​រុស្ស៊ី ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក រួម​នឹង​បញ្ហា​អតិផរណា ធនាគារជាតិ​រុស្ស៊ី បាន​ដំឡើង​ការប្រាក់​មូលដ្ឋាន​ពី ៩.៥% ឡើងដល់ ២០% ក្នុង​គ្រា​តម្លៃ​ប្រា​ក់រូ​ប្ល​រុស្ស៊ី ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

ចំណែក​តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ព្រឹក​នេះ ក្នុង​គ្រា​ដែល​អ្នកវិនិយោគ​មានការ​បារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់ ព្រោះតែ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ តម្លៃ​ប្រេង Brent ឡើងដល់ ១០៥ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល នៅពេល​ចាប់ផ្ដើម​ការជួញដូរ ដែល​តួលេខ​នេះ​ខ្ពស់ជាង​ប្រហែល ៧ ដុល្លារ បើ​ធៀប​នឹង​សប្ដាហ៍​កន្លង៕

Advertisement