វៀតណាម មិន​ព្រម​បន្ថយ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី ខណៈ​កម្ពុជា​បញ្ចុះ​ 50%​

ថ្មីៗនេះ សំណើសុំ​បញ្ចុះ​អត្រាពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​របស់បណ្ដា​​ក្រុមហ៊ុន​ និង​ស្ថាប័ន​មួយចំនួន​នៅ​ប្រទេស​វៀតណាម បានទទួល​ចម្លើយ​ជា​ផ្លូវការ​ពី​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម កាលពី​ចុងឆ្នាំ​កន្លង បាន​ស្នើឱ្យ​រដ្ឋាភិបាល កុំ​អនុម័ត​គោលនយោបាយ​កាត់បន្ថយ​អត្រាពន្ធ​ពិសេស​ចំពោះ​ការ​នាំចូល​រថយន្ត​អគ្គិសនី ដោយ​លើកហេតុ​ផល​​ថា វៀតណាម​មាន​គោលនយោបាយ​បញ្ចុះ​អត្រាពន្ធ​ជាច្រើន​រួច​ហើយ ក្នុងនោះ​ក៏​អត្រាពន្ធ​នាំចូល​គ្រឿងបន្លាស់​សម្រាប់​ការផលិត និង​ដំឡើងរថយន្ត​អគ្គិសនី​ ដែល​បញ្ចុះ​មក​​​នៅ 0% ជាដើម ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​បៃតង​នៅ​ប្រទេស​នេះ។

ចំពោះ​អ្នកប្រើប្រាស់​វិញ រដ្ឋាភិបាល​វៀតណាម​អនុវត្ត​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា 0 ដុង ក្នុង​រង្វង់​បី​ឆ្នាំ ចាប់ពី​ខែមីនា 2022 និង​បញ្ចុះ​ពន្ធ​នេះ 50% នៅ​ពីរ​ឆ្នាំ​បន្ទាប់។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​។

ជាង​នេះ ក្រសួង​ខាង​លើ​បាន​បញ្ជាក់​ថា ការបញ្ចុះ​អត្រាពន្ធ​នាំចូល​ចំពោះ​រថយន្ត​អគ្គិសនី ក៏​នឹង​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​របស់​រថយន្ត​ផលិត​ក្នុងស្រុក​ត្រូវ​ថយចុះ ប៉ះពាល់​ដល់​ប្រភព​ចំណូល​របស់​រដ្ឋ និង​បន្ថែម​សម្ពាធ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​គម​នា​គម​ក្នុងប្រទេស​នេះ​ផងដែរ។

សំណើសុំ​មិន​បញ្ចុះ​អត្រាពន្ធ​សម្រាប់​ការ​នាំចូល​រថយន្ត​អគ្គិសនី​របស់​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ក៏ត្រូវ​បាន​ឧបនាយករដ្ឋមន្ត្រី​វៀតណាម Le Minh Khai អនុម័ត​រួចហើយ​កាលពី​ចុងឆ្នាំ 2022។

នេះ​គឺជា​ការបដិសេធ​ជា​ផ្លូវការ​ទៅនឹង​សំណើសុំ​បញ្ចុះ​អត្រាពន្ធ​ដែល​ក្រុមហ៊ុន TMT ​ដៃគូ​សហការ​របស់​សម្ព័ន្ធ​ក្រុមហ៊ុនចិន​-​អាម៉េរិក SGMW (SAIC-GM-Wuling) នៅ​វៀតណាម និង​សមាគម​អាជីវកម្ម​មេកានិច​វៀតណាម (VAMI) ដែល​បានស្នើ​មុន​នោះ។

នៅ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​កាន់តែច្រើន​ថែមទៀត រាជរដ្ឋាភិបាល​បាន​ទម្លាក់​ពន្ធ​នាំចូល​រថយន្ត​អគ្គិសនី​ចំនួន 50% ខណៈដែល​ការនាំ​ចូល​យានយន្ត​ដែល​ដើរ​ដោយ​ប្រេងឥន្ធនៈ តម្រូវឱ្យ​បង់ពន្ធ​នាំចូល​រហូតដល់ 120%។ នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ថ្លែង​នៅក្នុង​ពិធី «អបអរសាទរ​ខួប​បី​ឆ្នាំ និង​ការដាក់​តាំងពិព័រណ៍​ល​ក់​លេខ​ពិសេស​ផ្ទាល់ខ្លួន» នៅ​សួនច្បារ​វត្ត​បទុម​វ​តី កាលពី​ព្រឹក​ថ្ងៃទី 07 មីនា 2023៕

Advertisement