ផ្សា​រមូល​ប​ត្រ​របស់ រុស្ស៊ី ដាំ​ក្បាល​ចុះ​ជ្រៅ ខណៈ​ប្រាក់​រូប ក៏​ធ្លាក់​ថ្លៃ​ទាប​មិន​ធ្លាប់មាន ព្រោះតែ វិបត្តិ​នៅ អ៊ុយ​ក្រែ​ន

បន្ទាប់ពី ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទីន ប្រកាស​បើក​យុទ្ធនាការ​យោធា​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន ភ្លាមនោះ​ទីផ្សារ​ភាគហ៊ុន​របស់ រុស្ស៊ី ក៏​ដាំ​ក្បាល​ចុះ នៅពេល​បើក​ការជួញដូរ​ក្នុង​ថ្ងៃទី ២៤ កុម្ភៈ។

ស​ន្ទ​ស្សន៍ MOEX បាត់បង់​ពិន្ទុ​រហូតដល់ ២៨% ក្នុង​រយៈពេល ៣០ នាទី​នៃ​ការជួញដូរ​ដំបូង។ និន្នាការ​នៃ​ការលក់​ចោល​ភាគហ៊ុន បាន​កើតឡើង​ក្រោយពី សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ប្រកាស​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ដើម្បី​ឆ្លើយតប​នឹង​ការសម្រេច​របស់ ប្រធានាធិបតី ពូ​ទីន ដែល​បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

ក្រុមមន្ត្រី​គ្រប់គ្រង​ទីផ្សារ​មូល​ប​ត្រ​នៅ រុស្ស៊ី បានឱ្យដឹងថា នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ចាំបាច់ ដើម្បី​បញ្ចៀស​ផលវិបាក​អាក្រក់​បំផុត​ដែល​អាច​កើតមាន។

ស្ថាប័ន​គ្រប់គ្រង​ផ្សា​រមូល​ប​ត្រ មូ​ស្គូ ក្រោយមក​ក៏បាន​សម្រេចចិត្ត​ផ្អាក​ការជួញដូរ​នៅ​ម៉ោង ១០ និង ៤០ នាទី (ម៉ោង​នៅ មូ​ស្គូ) ដោយសារ​តែមាន​ការលក់​ចោល​មូល​ប​ត្រ​កាន់តែច្រើន មិន​ធ្លាប់មាន​ពីមុនមក។ ភាគហ៊ុន​របស់​ធានា​គារ​រដ្ឋ​រុស្ស៊ី Sberbank បាត់បង់​តម្លៃ ២៨% ចំណែក VTB ដែលជា​ធនា​ការ​ធំ​ទី ២ ធ្លាក់​ថ្លៃ​រហូតដល់ ៣៥% ខណៈដែល​ភាគហ៊ុន​របស់​បណ្ដា​ក្រុមហ៊ុន​ថាមពល និង​ក្រុមហ៊ុននាំចេញ​លោហធាតុ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាដើម សុទ្ធតែ​ត្រូវបាន​លក់​ចោល​ក្នុង​កម្រិត​ខ្ពស់។

រូបិយវត្ថុ រូប របស់ រុស្ស៊ី វិញ ក្នុងថ្ងៃនេះ មានពេលខ្លះ​ធ្លាក់​ថ្លៃ ១០% ដោយ ១០០ រូប ដូរ​បាន ១ អឺរ៉ូ និង ៩០ រូប ដូរ​បាន ១ ដុល្លារ​សហរដ្ឋ​អាម៉េរិក។

Advertisement