ក្រុមហ៊ុនអ៊ីនធើណិត​ Opennet ​ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​នៅ​សប្ដាហ៍​ក្រោយ ព្រោះ​មិន​ទាន់​ទូទាត់បំណុល​​​រាប់​លាន​ដុល្លារ

ដោយសារ​មិនទាន់​ចូលទៅ​ទូទាត់​បំណុល​ប្រមាណ​ជា ៦.៦ លាន​ដុល្លារ​អាមេរិក ជូន​រដ្ឋ ដូច្នេះ ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត ឈ្មោះ King Technologies (Opennet) នឹងត្រូវ​បាន ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចុះទៅ​បិទ​​ជា​​បណ្ដោះ​អាសន្ន​​នៅ​​សប្ដាហ៍​​ក្រោយ។

Opennet នៅ​ជំពាក់​បំណុល​រដ្ឋ ជាង ៦ លាន​ដុល្លារ​អាមេរិក ដែល​បាន​ជំពាក់​ចាប់តាំងពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០១៩ និង​វិភាគទាន​បន្ថែម​ចូល​មូលនិធិ USO និង CBRD សរុប​ជាង ១.៨ លាន​ដុល្លារ ដែល​មិនបាន​ប្រកាស​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២០។ នេះ​បើតាម លោក សូ វិ​សុ​ទ្ធី ដែលជា​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ម្សិលមិញ។

អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា Opennet មិនបាន​ធ្វើការ​ទូទាត់​ប្រាក់​បំណុល​ឱ្យបាន​សព្វគ្រប់ ដោយបាន​បង់​បំណុល​តែ ១.៣ លាន​ដុល្លារ និង​នៅ​ជំពាក់ ៦.៦ លាន​ដុល្លារ។ «នៅ​អាទិត្យ​ក្រោយនេះ ក្រុមការងារ​ក្រសួង​នឹង​ចុះទៅ​បិទ​ក្រុមហ៊ុន​ជា​បណ្ដោះអាសន្ន» លោក សូ វិ​សុ​ទ្ធី ប្រាប់​ដូច្នេះ។

កាលពី​ថ្ងៃទី ១០ កុម្ភៈ ២០២២ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ រួម​នឹង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​លិខិត​រួមគ្នា​មួយ បង្គាប់​ឱ្យ​ក្រុមហ៊ុន King Technologies (Opennet) ចូលមក​ទូទាត់​ប្រាក់​បំណុល​ក្នុង​រយៈពេល ៧ ថ្ងៃ ហើយ​ថា នឹង​ចាត់វិធានការ​តាមច្បាប់ ក្នុងករណី​ក្រុមហ៊ុន​នេះ​នៅតែ​គេចវេះ​មិន​ព្រម​ទូទាត់​បំណុល​ជូន​រដ្ឋ។

ក្រុមហ៊ុន Opennet គឺ​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធមួយ​​របស់ ក្រុម​ហ៊ុន​ វៀតណាម FPT Group ដែល​ដើម​ឡើយ​មាន​ឈ្មោះ​ថា The Corporation for Financing and Promoting Technology (FPT)។ FPT Group មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ រដ្ឋធានី​ហាណូយ​ ប្រទេស​វៀតណាម​។

ក្រុម​ហ៊ុន​ Opennet និងក្រុម​ហ៊ុន​ Viettel (Metfone) គឺជា​ដៃគូរកស៊ី​ក្នុង​វិស័យ​អ៊ីនធើណិត​ នៅ​ កម្ពុជា​។ Metfone គឺជា​ក្រុម​ហ៊ុន​​បុត្រសម្ព័ន្ធ​របស់​ Viettel Group ដែល​ជា​ក្រុម​ហ៊ុន​របស់​ រដ្ឋ​វៀតណាម និង​គ្រប់​គ្រង​ដោយ​​​កង​ទ័ពវៀតណាម មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ ហាណូយ​៕

Advertisement