៣ ត្រកូល​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បង្អស់​នៅ​តំបន់​ អាស៊ីអាគ្នេយ៍

យោងតាម​ការស្រាវជ្រាវ​របស់ Bloomberg Billionaires Index ២០ គ្រួសារ​តែមាន​ទ្រព្យ​ច្រើនជាងគេ​នៅ ទ្វីបអាស៊ី ឆ្នាំនេះ គឺមាន​ជាង​ឆ្នាំ ២០២០ រហូតដល់ ៣៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​បើ​គិត​ជា​សរុប ពួកគេ​កាន់កាប់​ទ្រព្យ​តម្លៃ ៤៩៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង GDP របស់ ហុងកុង ឬ សិង្ហ​បុរី ទៅទៀត។

ក្នុងចំណោម​ត្រកូល​ទាំង ២០ ខាងលើ ក៏មាន ៣ ត្រកូល ដែល​ស្ថិតក្នុង តំបន់​អាស៊ីអាគ្នេយ៍ ផងដែរ ក្នុងនោះ​រួមមាន ត្រកូល ហារ​តូ​ណូ (Hartono) នៅ ឥណ្ឌូណេស៊ី, ត្រកូល ជា​វ៉ា​រ៉ា​ន​ន្ទ (Chearavanont) និង ត្រកូល យូ​វី​ឌី​យ៉ា (Yoovidhya) នៅ ប្រទេស​ថៃ។

១-ត្រកូល ហារ​តូ​ណូ (Hartono)

-ក្រុមហ៊ុន៖ Djarum, Bank Central Asia
-ប្រទេស៖ ឥណ្ឌូណេស៊ី
-ជំនាន់​ដែល​កាន់កាប់​ក្រុមហ៊ុន៖ ទី ៣
-ទ្រព្យ៖ ៣៦.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក

ឆ្នាំ ១៩៥០ អូ​អេ វី ក្វាន (Oei Wie Gwan) បាន​ទិញ​ក្រុមហ៊ុន​ផលិត​បារី​មួយ និង​បាន​ប្ដូរ​ឈ្មោះ​ទៅជា Djarum។ មិនយូរប៉ុន្មាន ក្រុមហ៊ុន​នេះ​ក៏បាន​រីកចម្រើន​ទៅជា​ក្រុមហ៊ុន​ផលិត​បារី​ធំជាងគេ​បង្អស់​នៅ ឥណ្ឌូណេស៊ី។

ក្រោយពី អូ​អេ វី ក្វាន បាន​លាចាក​លោក កាលពី​ឆ្នាំ ១៩៦៣។ កូនប្រុស​ពីរ​នាក់​របស់លោក គឺ ម៉ៃ​ឃើ​ល បា​ម​បាំង ហារ​តូ​ណូ (Michael Bambang Hartono) ឬ អូ​អេ ក្វី ស្យុ​ង (Oei Gwie Siong) និង រ៉ូបឺត ប៊ូ​ឌី ហារ​តូ​ណូ (Robert Budi Hartono) ឬ អូ​អេ ហ្វី ជង់ (Oei Hwie Tjhong) បាន​ពង្រីក និង​បន្ថែម​មុខ​ជំនួញ ដោយ​ការវិនិយោគ​ទៅលើ Bank Central Asia (ឥណ្ឌូណេស៊ី)។ ភាគហ៊ុន​នៅ​ធនាគារ​នេះ បច្ចុប្បន្ន​រួមចំណែក​មួយ​ភាគ​ធំ​នៅក្នុង​ទ្រព្យសម្បត្តិ​របស់​ត្រកូល​នេះ។

២-ត្រកូល ជា​រ៉ា​វ៉ាន​ន្ទ (Chearavanont)

-ក្រុមហ៊ុន៖ Charoen Pokphand Group
-ប្រទេស៖ ថៃ
-ជំនាន់​ដែល​កាន់កាប់​ក្រុមហ៊ុន៖ ៤
-ទ្រព្យ៖ ៣០ ពាន់​លាន​ដុល្លារ​អាម៉េរិក

ឆ្នាំ ១៩២១ ជា ឯក ឆ័​រ (Chia Ek Chor) បាន​ចាក​ចេញពី​ភាគខាងត្បូង​ប្រទេស​ចិន ដើម្បី​មក​រស់នៅ ប្រទេស​ថៃ។ នៅទីនេះ បងប្អូន ២ នាក់​របស់គាត់ បាន​បើកហាង​លក់​គ្រាប់ពូជ​បន្លែ។ បច្ចុប្បន្ន វា​បាន​រីកចម្រើន​ទៅជា Charoen Pokphand Group ជា​ក្រុមហ៊ុន​ពហុ​វិស័យ  ក្នុងនោះ​មាន​ទាំង​វិស័យ​អាហារ លក់រាយ និង​ទូរគមនាគមន៍ ដែល​គ្រប់គ្រង​ដោយ​កូនប្រុស​ឈ្មោះ ជា ថៈ​និ​ន ជា​រ៉ា​វ៉ាន​ន្ទ (Chia-Dhanin Chearavanont)។

៣-ត្រកូល យូ​វី​ឌី​យ៉ា (Yoovidhya)

-ក្រុមហ៊ុន៖ TCP Group
-ប្រទេស៖ ថៃ
-ជំនាន់​ដែល​កាន់កាប់​ក្រុមហ៊ុន៖ ២
-ទ្រព្យ៖ ១៩.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក

ឆា​ឡេ​អូ យូ​វី​ឌី​យ៉ា (Chaleo Yoovidhya) បង្កើត​ក្រុមហ៊ុន​ឱសថ T.C. Pharmaceutical កាលពី​ឆ្នាំ ១៩៥៦ ហើយ​បន្ទាប់មក​ក៏បាន​ពង្រីក​ទៅក្នុង​វិស័យ​ផលិតផល​ប្រើប្រាស់។ ឆ្នាំ ១៩៧៥ ក្រុមហ៊ុន​នេះ​បាន​បញ្ចេញ​ភេសជ្ជៈ Krating Daeng (ឈ្មោះ​ជា​ភាសា​ថៃ របស់ Red Bull)។ ក្នុង​ដំណើរ​បំពេញការងារ​មួយ អ្នកជំនួញ​ជនជាតិ​អូទ្រីស ឈ្មោះ ឌី​ធ្រី​ក ម៉ា​តេ​ឈិ​ត (Dietrich Mateschitz) បាន​ស្គាល់​ភេសជ្ជៈ​នេះ។ លោក​បាន​សហការ​ជាមួយ ឆា​ឡេ​អូ ដើម្បី​កែសម្រួល​រូបមន្ត និង​បាន​ផ្សព្វផ្សាយ Red Bull ទៅកាន់​សកលលោក។ លោក ឆា​ឡេ​អូ បាន​លាចាក​លោក​កាលពី​ឆ្នាំ ២០១២។ កូនប្រុស​របស់គាត់​គឺ លោក សា​រ៉ាវុធ យូ​វី​ឌី​យ៉ា (Saravoot Yoovidhya) បច្ចុប្បន្ន​បានក្លាយ​ជា CEO របស់ TCP Group៕

Advertisement