Facebook ធ្លាក់​ពី​តារាង​ចំណាត់ថ្នាក់​ស្ដីពី «កំពូល​ក្រុមហ៊ុន​ទាំង ១០ ដែលមាន​តម្លៃ​ជាងគេ​ក្នុង​ពិភពលោក»

តម្លៃ​ភាគហ៊ុន​ដាំ​ក្បាល​ចុះ​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ បានធ្វើឱ្យ​មូលធន​ទីផ្សារ​របស់ Meta Platforms ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook បច្ចុប្បន្ន​នៅសល់តែ ៥៦៥ ពាន់​លាន​ដុល្លារ​អាម៉េរិក។

តួលេខ​របស់ Bloomberg បាន​បង្ហាញថា ជាមួយនឹង​មូលធន​ទីផ្សារដែល​មាន​តម្លៃ ៥៦៥ ពាន់​លាន​ដុល្លារ Meta បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​ធំជាងគេ​លំដាប់​ទី ១១ នៅក្នុង​ពិភពលោក បន្ទាប់ពី Tencent Holdings (ចិន)។ កាលពី​ឆ្នាំ ២០២១ Meta Plafroms ធ្លាប់​ឈរ​លំដាប់ថ្នាក់​ទី ៦ ដោយមាន​តម្លៃ​ជាង ១,០០០ ពាន់​លាន (១ ទ្រី​លាន) ដុល្លារ​អាម៉េរិក។

ភាគហ៊ុន​នេះ​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល ២ សប្ដាហ៍​កន្លង ដោយសារតែ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ បង្ហាញថា កំណើន​នៃ​ចំនួន​អ្នកប្រើប្រាស់​នៅ​ទ្រឹង ចំណែក​ប្រាក់ចំណេញ​ក៏​ថយចុះ។

យោងតាម Bloomberg ក្រុមហ៊ុន​ដែល​បាន​ចូលមក​កាន់​ចំណាត់ថ្នាក់​ទី ៦ ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​មូលធន​ទីផ្សារ​ធំ​ជាង​ទាំង ១០ របស់​ពិភពលោក ជំនួស Meta គឺ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ដោយមាន​តម្លៃ ៩០៦ ពាន់​លាន​ដុល្លារ។ ចំណែក​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ជាងគេ​ក្នុង​ពិភពលោក នៅតែ​ជា Apple ដោយមាន ២,៨០០ ពាន់​លាន​ដុល្លារ។ តាម​ពីក្រោយ Apple គឺ Microsoft និង​ក្រុមហ៊ុន​រដ្ឋ Aramco របស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត៕

Advertisement