រុស្ស៊ី ទំនង​ជា​ ជិត​ត្រូវ​បាន​កាត់​ចេញ​ពី​ SWIFT ដែល​ជា​បណ្ដាញ​ទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក

Ukrainian President Volodymyr Zelensky attends a joint press conference with his counterparts from Lithuania and Poland following their talks in Kyiv on February 23, 2022. (Photo by SERGEI SUPINSKY / AFP)

ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ថ្ងៃនេះ​បានឱ្យដឹងថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​រារាំង​ការបោះ​ជំហាន​របស់ កងទ័ព​រុស្ស៊ី នៅក្នុង​ការ​វាយ​ដណ្ដើម​កាន់កាប់ រដ្ឋធានី​កៀវ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅ រុស្ស៊ី ដាក់​សម្ពាធ​លើ​ប្រធានាធិបតី ពូ​ទីន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ។

លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា កងទ័ព​អ៊ុយ​ក្រែ​ន នៅតែ​គ្រប់គ្រង រដ្ឋធានី​កៀវ និង​បណ្ដា​ទីក្រុងសំខាន់ៗនៅ​ជុំវិញ​រដ្ឋធានី។ លោក​ក៏បាន​ថ្លែងថា អ៊ុយ​ក្រែ​ន «ដណ្ដើមបាន» សិទ្ធិ​ចូល​សហភាព​អឺរ៉ុប (EU) និង​អំពាវនាវ​ឱ្យ EU សម្រេចចិត្ត។ «នេះ​នឹង​ជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការគាំទ្រ​ចំពោះ​ប្រទេសជាតិ​របស់​យើងខ្ញុំ»។

ប្រធានាធិបតី​វ័យ ៤៤ ឆ្នាំ​រូបនេះ​បាន​ជំរុញ​ឱ្យ អាល្លឺម៉ង់ និង ហុង​ហ្គា​រី គាំទ្រ​ចំណាត់ការ​លុប រុស្ស៊ី ចេញពី​ប្រព័ន្ធ SWIFT ដើម្បី​ជាការ​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ។

«ស្ទើរតែ​ទាំង​អស់នៃ​សមាជិក​របស់ EU សុទ្ធតែ​គាំទ្រ​ឱ្យ​កាត់ រុស្ស៊ី ចេញពី SWIFT។ ខ្ញុំ​សង្ឃឹមថា អាល្លឺម៉ង់ និង ហុង​ហ្គា​រី នឹងមាន​ភាពក្លាហាន​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ការសម្រេច​នេះ» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ថ្លែង​ដូច្នេះ។

SWIFT (Society of Worldwide Interbank Financial Telecommunication) គឺជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ​នេះ​មាន​ស្ដង់ដារ​មួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ ក្នុងប្រទេស​ជាង ២០០ នៅក្នុង​ពិភពលោក។

Advertisement