អ្នក​ជួញដូរ​ប្រាក់​ឌីជីថល គួរ​ប្រយ័ត្ន! វេជ្ជបណ្ឌិត​ម្នាក់ បាត់បង់ Bitcoin តម្លៃ​ជាង ១ សែន​ដុល្លារ​អាម៉េរិក ព្រោះតែ​ត្រូវ bot ឆបោក

កាលពី​ខែ​មុន វេជ្ជបណ្ឌិត Anders Apgar និង​គ្រួសារ បាន​ទៅ​ទទួលទាន​អាហារ​ពេលយប់​នៅក្នុង​ភោជនីយដ្ឋាន​មួយ ស្រាប់តែ​ទូរស័ព្ទ​របស់គាត់​រោទ៍​ឡើងជា​បន្តបន្ទាប់ ហើយ​ក្រោយពី​បាន​ធ្វើតាម​ការណែនាំ​រប​ស់​ខ្សែ​ទូរស័ព្ទ​ម្ខាង​ទៀត វេជ្ជបណ្ឌិត​រូបនេះ ក៏​បាត់បង់​ប្រាក់ Bitcoin ដែលមាន​តម្លៃ​ជាង ១ សែន​ដុល្លារ។

ដំបូង​ឡើយ Apgar យល់ថា ការហៅ​ទូរស័ព្ទ​នេះ គឺ​ដូច​ទៅនឹង​ការហៅ​ស្វ័យប្រវត្ត ទើប​មិនបាន​ចាប់អារម្មណ៍។ ការហៅ​ទូរស័ព្ទ​លើក​បន្ទាប់​ក៏ត្រូវ​ភរិយា​របស់លោក​លើ​កទ​ទួល។

«ពេល​ប្រពន្ធ​ខ្ញុំ​លើក​ទូរស័ព្ទ ក៏មាន​សារ​ប្រកាសថា គណនី​របស់​អ្នក​កំពុង​ជួប​គ្រោះថ្នាក់» លោក Apgar រៀបរាប់។ គាត់​យក​ទូរស័ព្ទ​ពី​ប្រពន្ធ​មក​ស្ដាប់​ដោយផ្ទាល់ ប៉ុន្តែ នោះ​ក៏​ជា​ពេលដែល​គ្រួសារ​នេះ​ចាប់ផ្ដើម​ត្រូវ​រន្ធត់​ជាទីបំផុត។

ប្ដី​ប្រពន្ធ Apgar សុទ្ធតែជា​វេជ្ជបណ្ឌិត​នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋ Maryland (សហរដ្ឋ​អាម៉េរិក)។ អ្នក​ទាំងពីរ​បានចាប់ផ្ដើម​វិនិយោគ​ទៅលើ​ទីផ្សារ​រូបិយវត្ថុ​ឌីជីថល តាំងពី​ប៉ុន្មាន​ខែ​មុន។ ខែធ្នូ ២០២១ គណនី​របស់​បុរស​ជា​ប្ដី កើន​ដល់ ១០៦,០០០ ដុល្លារ ដែល​ភាគច្រើន​គឺ​ដោយសារ Bitcoin។ ដូច​ទៅនឹង​ពលរដ្ឋ​អាម៉េរិក រាប់លាន​នាក់​ផ្សេងទៀត ពួកគេ​ក៏​ជួញដូរ និង​រក្សាទុក​កាក់ Bitcoin របស់ខ្លួន​នៅក្នុង​ផ្សារ Coinbase។

នៅពេល​លោក Apgar ស្ដាប់​ទូរស័ព្ទ សំឡេង​ស្ត្រី​ម្នាក់​បាន​និយាយថា៖ «ស្វាគមន៍​អ្នក​មកកាន់​ខ្សែ​ទូរស័ព្ទ​ការពារ​សុវត្ថិភាព​បន្ទាន់​របស់ Coinbase។ យើង​រកឃើញថា មាន​សកម្មភាព​ខុសច្បាប់​កើតឡើង​ដោយសារតែ​ការព្យាយាម​ចូលក្នុង​គណនី​របស់​អ្នក​ដោយ​មិនបាន​សម្រេច ពី​អាសយដ្ឋាន IP នៅ កាណាដា។ បើសិន​មិនមែនជា​អ្នក សូម​ចុច​លេខ ១ ដើម្បី​បញ្ចប់​ដំណើរការ​នៃ​ការការពារ និង​ស្ដារ​គណនី»។ ភ្លាមនោះ Apgar ក៏​ចុច​លេខ ១ ដោយ​មិនបាន​សង្ស័យ​អ្វី​ទាំងអស់។

២ នាទី​ក្រោយមក គណនី​របស់​វេជ្ជបណ្ឌិត Apgar ក៏ត្រូវ​បាន​បិទ ហើយ​រហូតដល់​បច្ចុប្បន្ន នៅតែ​មិនអាច​យកមក​វិញ​បាន។ លោក Apgar បញ្ជាក់ថា លោក​បាន​បាត់បង់​ប្រាក់ Bitcoin ទាំងអស់​ដែលមាន​នៅក្នុង​គណនី។

យោងតាម​អ្នកជំនាញ​ផ្នែក​សន្តិសុខ​អ៊ី​ន​ធើ​ណិ​ត លោក Apgar ត្រូវបាន​គេ​ឆបោក​ដោយ​ប្រើប្រាស់​កម្មវិធី​បញ្ជា​ក់លេ​ខ​កូដ​ត្រួត ២ ជាន់ ឈ្មោះ ២FA។ ២FA គឺជា​វិធី​ការពារ​សន្តិសុខ​នៅលើ​អ៊ី​ន​ធើ​ណិ​ត ដែល​ត្រូវគេ​ប្រើប្រាស់​ច្រើន​នៅក្នុង​ការជួញដូរ​នៅ​ធនាគារ ផ្សារ​រូបិយវត្ថុ​ឌីជីថល បណ្ដាញ​សង្គម និង អ៊ី​មេ​ល។ល។ វា​ត្រូវបាន​វាយតម្លៃថា អាច​ការពារ​គណនី​បាន​ក្នុង​កម្រិត​ខ្ពស់ ដោយ​ការបញ្ជាក់​អំពី​លេខ​សម្ងាត់​ប្រើ​ម្ដង​ចោល (OTP) ដែល​ផ្ញើមក​ទូរស័ព្ទ ទន្ទឹមនឹង​លេខ​សម្ងាត់​គោល។

ក៏ប៉ុន្តែ OTP ក៏​កំពុង​ក្លាយជា​គោលដៅ​ដែល​ក្រុមចោរ​អ៊ី​ន​ធើ​ណិ​ត​ប្រើប្រាស់​ដើម្បី​ឆបោក​យកប្រាក់​ពី​អ្នកប្រើប្រាស់​ផងដែរ។ មិន​ត្រឹមតែ​ធ្វើ​ការហៅ​តាម​ទូរស័ព្ទ ឬ​ផ្ញើ​សារ​ធម្មតា​នោះទេ ប៉ុន្តែ ពួក​ហែក​ឃើ ថែមទាំង​ឆបោក​យកប្រាក់​ឌីជីថល ដោយ​ប្រើ​កម្មវិធី​ណែនាំ​ស្វ័យប្រវត្ត bot ទៀតផង៕

Advertisement