នាវា​ទេសចរណ៍​តម្លៃ ៦០០ លាន​ដុល្លារ របស់ មហាសេដ្ឋី​រុស្ស៊ី ត្រូវ​ប្រទេស​លោកខាងលិច រឹបអូស

នាវាទេសចរណ៍​ខ្នាតយក្ស Dilbar

នាវា​មួយគ្រឿង​ដែល​ស្ថិតក្នុង​ចំណោម​នាវា​ទេសចរណ៍​ធំជាងគេ​ក្នុង​ពិភពលោក របស់ មហាសេដ្ឋី​រុស្ស៊ី Alisher Usmanov ត្រូវបាន​អាជ្ញាធរ​អាល្លឺម៉ង់ រឹបអូស​កាលពី​ថ្ងៃទី ២ មីនា ដែល​នេះ​គឺជា​ករណី​រឹបអូស​នាវា​ទេសចរណ៍​ដំបូង ក្រោយពី អឺរ៉ុប និង អាម៉េរិក ដាក់ទណ្ឌកម្ម​លើ​ក្រុម​មហាសេដ្ឋី​រុស្ស៊ី។

យោងតាម Yahoonews នាវា​ទេសចរណ៍ Dilbar មាន​ប្រវែង ១៥៦ ម៉ែត្រ ត្រូវបាន​សាងសង់​ដោយឡែក​ទៅតាម​ការបញ្ជាទិញ​រប​ស់​មហាសេដ្ឋី Alisher Usmanov។ អ្នកមាន​រូបនេះ​បាន​ទិញ​នាវា​ទេសចរណ៍​កាលពី​ឆ្នាំ ២០១៦ ក្នុងតម្លៃ ៦០០ លាន​ដុល្លារ​អាម៉េរិក។ មានពេលខ្លះ នេះ​គឺជា​នាវា​ទេសចរណ៍​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក បើ​គិត​ទៅតាម​សមត្ថភាព​ផ្ទុក។ ចាប់ពី​ខែតុលា ២០២១ នាវា Dilbar បាន​ស្ថិត​នៅឯ Hamburg ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជួសជុល។

មហាសេដ្ឋី Alisher Usmanov កំពុង​ប្រឈមមុខ​នឹង​ទណ្ឌកម្ម​របស់លោក​ខាងលិច។ លោក Usmanov មានទ្រព្យ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ នៅក្នុង​ក្រុង​ហ៊ុន Metalloinvest, ក្រុមហ៊ុនទូរស័ព្ទ MegaFon, ក្រុមហ៊ុន​អេឡិចត្រូនិក Xiaomi ក៏ដូចជា​អចលនទ្រព្យ​ជាច្រើន​នៅ​ពាសពេញ ទឹកដី​អឺរ៉ុប។ Forbes បានឱ្យដឹងថា លោក Usmanov ក៏​ជា​អ្នកវិនិយោគ​ដំបូង​មួយរូប​របស់ Facebook។

មហាសេដ្ឋី Alisher Usmanov (ស្ដាំ) និង​លោក​ ពូទីន

ក្នុង​ថ្ងៃទី ២ មីនា​ដដែល ក្លឹប​បាល់ទាត់ Everton F.C នៃ​លិ​គ​កំពូល​អង់គ្លេស បាន​កាត់ផ្ដាច់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ៣ ផ្សេងទៀត របស់លោក Usmanov។

កាលពី​សប្ដាហ៍​កន្លង មហាសេដ្ឋី​រុស្ស៊ី Roman Abramovich ក៏បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ក្រុមបាល់ទាត់ Chelsea ទៅឱ្យ​មូលនិធិ​មនុស្សធម៌ មុនពេល អង់គ្លេស អនុវត្ត​ការដាក់ទណ្ឌកម្ម។ មហាសេដ្ឋី​រូបនេះ​ក៏​កំពុង​ស្វែងរក​វិធី​ដើម្បី​លក់​ក្លឹប​បាល់ទាត់​នេះ។

សេត​វិមាន បាន​ព្រមាន​ថា «យើង​នឹង​បញ្ជូន​កម្លាំង​ពិសេស​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដើម្បី​កំណត់​ទីតាំង ស្វែងរក និង​បង្កក​ទ្រព្យសម្បត្តិ​របស់​បណ្ដា​ក្រុមហ៊ុន និង​មហាសេដ្ឋី​រុស្ស៊ី ដែល​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម»។

ទណ្ឌកម្ម​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី រុស្ស៊ី បាន​ចូល​ឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ក្រោមលេស​ថា ដើម្បី​ការពារ​សន្តិសុខ​ប្រទេសជាតិ និង​ការពារ​ប្រជាជន​ដែល​និយាយ ភាសា​រុស្ស៊ី នៅ​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន៕

Advertisement