រឹបអូស​​បាន​ប្រាក់​ Bitcoin​ តម្លៃ​ ៣.៦ ​ពាន់​​លាន​​ដុល្លារ​ អាជ្ញាធរ​​អាម៉េរិក​ ប្រកាស​ថា ​«រូបិយវត្ថុ​​ឌីជីថល ​មិន​មែន​ជា​​ជម្រក​​សុវត្ថិភាព​​សម្រាប់​​ឧក្រិដ្ឋ​ជន»

អនុប្រធានរបស់ FBI លោក Paul M. Abbate

ក្រសួងយុត្តិធម៌​អាម៉េរិក រឹបអូស​ប្រាក់​ឌីជីថល Bitcoin បាន​ជាង ៩៤,០០០ កាក់ ពី​ករណី​ហែក (hack) ចូល​ប្រព័ន្ធ Bitfinex និង​បាន​អះអាងថា ប្រាក់​ឌីជីថល​វិមជ្ឈការ ដែលមាន​ដូចជា Bitcoin ឬ Dogecoin ជាដើម មិនមែនជា​កន្លែង​សុវត្ថិភាព​សម្រាប់​ឧក្រិដ្ឋជន។

កាលពី​ថ្ងៃទី ៨ កុម្ភៈ ក្រសួងយុត្តិធម៌​អាម៉េរិក បានប្រកាសថា បាន​ចាប់ខ្លួន​ជនសង្ស័យ ២ នាក់ ដោយ​ចោទថា បាន​លាង​លុយ និង​បាន​រឹបអូស​ប្រាក់​ឌីជីថល Bitcoin ដែល​នៅសល់ មុននឹង​ត្រូវបាន​គេ​ផ្ទេរចេញ។

ស្ថាប័ន​នេះ​មិនទាន់​បង្ហើប​ឱ្យដឹង​អំពី​ពេលវេលា​ជាក់លាក់​ស្ដីពី​ការរកឃើញ​រូបិយវត្ថុ​នេះ​នៅឡើយ ប៉ុន្តែ បានឱ្យដឹងថា ពេលនោះ​ប្រាក់ Bitcoin ទាំងនេះ​មានតម្លៃ​រហូតដល់ ៣.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បច្ចុប្បន្ន ប្រាក់ Bitcoin ទាំងនេះ​មានតម្លៃ​ជាង ៤.៥ ពាន់​លាន​ដុល្លារ ហើយ​វា​បាន​ក្លាយជា​ករណី​រឹបអូស​ទ្រព្យ​ធំជាងគេ​បង្អស់​ដែល​ក្រសួងយុត្តិធម៌​ធ្លាប់បាន​អនុវត្ត​កន្លងមក។

ជនសង្ស័យ ២ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​គឺ​ឈ្មោះ Ilya Lichtenstein អាយុ ៣៤ ឆ្នាំ និង​ប្រពន្ធ​របស់​ជននេះ​ឈ្មោះ Heather Morgan អាយុ ៣១ ឆ្នាំ រស់នៅក្នុង​ទីក្រុង New York។

យោងតាម​ឯកសារ​របស់​អាជ្ញាធរ ករណី​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ខាងលើនេះ បាន​កើតឡើង​កាលពី​ឆ្នាំ ២០១៦ បណ្ដាលឱ្យ​ប្រាក់ Bitcoin ចំនួន ១១៩,៧៥៤ កាក់ ត្រូវបាន​គេ​លួច​យក​ចេញពី​ផ្សារ​ជួញដូរ Bitfinex។ ចោរ​អ៊ី​ន​ធើ​ណិ​ត (Hacker) ក្រោយមក​ក៏បាន​ធ្វើការ​ជួញដូរ​ខុសច្បាប់​ជាង ២,០០០ លើក និង​បាន​ផ្ទេរ Bitcoin ខាងលើ​ចូលទៅក្នុង​កាបូប​អេឡិចត្រូនិក​មួយ​ដែល​គ្រប់គ្រង​ដោយ Lichtenstein។

ជំនួយការក្រសួងយុត្តិធម៌អាម៉េរិក លោក Kenneth A. Polite

ក្នុង​រយៈពេល ៥ ឆ្នាំ ប្រាក់ Bitcoin ប្រហែល ២៥,០០០ កាក់ ត្រូវបាន​ផ្ទេរ​ចេញពី​កាបូប​អេឡិចត្រូនិក Lichtenstein តាមរយៈ​ការលាង​លុយ​ដ៏​ស្មុគស្មាញ និង​បញ្ចប់​ដោយ​ការផ្ញើ​ប្រាក់​ចូលទៅក្នុង​គណនី​ដែល​គ្រប់គ្រង​ដោយ Lichtentein និង Morgan។ ប្រាក់​ដែល​នៅសល់​ក្នុង​កាបូប​នោះ ក៏​រួមមាន​ទាំង Bitcoin ជាង ៩៤ ពាន់​កាក់» ប្រកាស​របស់​សមត្ថកិច្ច​បានឱ្យដឹង​ដូច្នេះ។

បន្ទាប់ពី​មាន​សិទ្ធិ​ឆែកឆេរ​គណនី​អន​ឡាញ​របស់ Lichtenstein ក្រុមមន្ត្រី​ស៊ើបអង្កេត​ពិសេស​ក៏បាន​រកឃើញ​ហ្វា​ល​ដែលមាន​ផ្ទុក​លេខ​សម្ងាត់​ដើម្បី​ចូលទៅ​កាន់​កាបូប​អេឡិចត្រូនិក​ខាងលើ ទើប​ពួកគេ​អាច​រឹបអូស​ប្រាក់​ឌីជីថល Bitcoin ដែល​នៅសល់។

«ជនល្មើស​តែងតែ​ស​ន្ស​ល់​ដាន ហើយ FBI មាន​ឧបករណ៍​ស្រាវជ្រាវ​លើ​ដាន​ទាំងនោះ បើទោះជា​វា​នាំទៅដល់​ទីណា» អនុប្រធាន​របស់ FBI លោក Paul M. Abbate បានប្រកាស​ដូច្នេះ។

ចំណែក ជំនួយការ​ក្រសួងយុត្តិធម៌​អាម៉េរិក លោក Kenneth A. Polite ក៏បាន​អះអាងថា លទ្ធផល​នេះ​បង្ហាញថា ក្រុម​ស្រាវជ្រាវ​អាច​តាមដាន​ប្រាក់​នៅលើ blockchain និង​បញ្ជាក់ថា ប្រាក់​ឌីជីថល​វិមជ្ឈការ (ប្រាក់​នៅក្នុង​បណ្ដាញ​បច្ចេកវិទ្យា​ដែល​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ធនាគារ ឬ​ប្រទេស​ណាមួយ) នឹង​មិនមែនជា​ជម្រក​សុវត្ថិភាព​សម្រាប់​សកម្ម​ភាព​លាង​លុយ​របស់​ឧក្រិដ្ឋជន៕

Advertisement