ក្រុម​ហ៊ុន​​ឱសថ​​ Pfizer ​នឹង​​រក​​ប្រាក់​​ចំណូល​បាន ១០០ ពាន់​​លាន​​ដុល្លារ​ ក្នុង​​ឆ្នាំ ​២០២២

CEO របស់ Pfizer លោក​ Albert Bourla

ប្រាក់ចំណូល​របស់ Pfizer ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​ខ្លាំង​ក្នុងឆ្នាំនេះ ក្នុងនោះ វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ កូ​វីដ-១៩ មាន​រហូតដល់​ជាង​ពាក់កណ្ដាល​ឯណោះ។

ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Pfizer បានឱ្យដឹងថា ការកើនឡើង​នៃ​បរិមាណ​លក់​ចេញ​របស់ វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​ជំងឺ កូ​វីដ-១៩ នឹង​បន្ត​ជំរុញ​ឱ្យប្រាក់​ចំណូល​រប​ស់​ក្រុមហ៊ុន​នេះ ឡើងដល់ ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២២។ ថ្នាំ​ប្រឆាំង​វីរុស Paxlovid នឹង​រកចំណូលបាន​ប្រហែល ២២ ពាន់​លាន​ដុល្លារ ខណៈដែល វ៉ាក់សាំង រកបាន ៣២ ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំទៅ Paxlovid រកប្រាក់​ចំណូល​បាន ៧៦ លាន​ដុល្លារ ចំណែក វ៉ាក់សាំង រកបាន ៣៦.៨ ពាន់​លាន​ដុល្លារ។

ថ្មីៗនេះ ក្រុមហ៊ុន Pfizer បាន​ទិញ និង​សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដើម្បី​លើកកម្ពស់​សមត្ថភាព​ក្នុងការ​ផ្គត់ផ្គង់​ថ្នាំ និង វ៉ាក់សាំង របស់​ពួកគេ។ កាលពី​ខែធ្នូ ២០២១ Pfizer បានឱ្យដឹងថា នឹង​ទិញយក​ក្រុមហ៊ុន Arena Pharmaceuticals ក្នុងតម្លៃ ៦.៧ ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​ក៏បាន​វិនិយោគ ២៥ ពាន់​លាន​ដុល្លារ​ផងដែរ ទៅក្នុង​ការពង្រីក​ទីផ្សារ​ចាប់តាំងពី​ឆ្នាំ ២០១៩។

Pfizer នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ទិញ​របស់ខ្លួន នៅក្នុង​វិស័យ​ឱសថ​ព្យាបាល​ជំងឺ​ក្នុងដំណាក់កាល​ដំបូង និង​ដំណាក់កាល​ចុងក្រោយ ដូចជា មហារីក ប្រព័ន្ធ​ភាពស៊ាំ និង​បណ្ដា​ជំងឺ​កម្រ​ជួបផ្សេងៗទៀត។

ការិយាល័យកណ្ដាល​របស់​ក្រុម​ហ៊ុន​ Pfizer នៅ​ សហរដ្ឋ​អាម៉េរិក

ក្រុមហ៊ុន​ដែលមាន​ការិយាល័យ​កណ្ដា​ល​នៅ សហរដ្ឋ​អាម៉េរិក នេះ ក៏បាន​ព្យាករ​ថា ការ​ទិញដូរ​ក្រុមហ៊ុនថ្មីៗនឹង​បង្កើតឱ្យមាន​ចំណូល​បន្ថែម ២៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០៣០។

ភាគហ៊ុន​របស់ Pfizer បាន​ថយចុះ​ជាង ៤% កាលពី​ម្សិលម្ង៉ៃ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បានប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ។ មូលហេតុ​នៃ​ការថយចុះ​នេះ​គឺ​ដោយសារ​ប្រាក់ចំណេញ​ត្រូវបាន​ព្យាករ​ទាប​ជាង​ការរំពឹងទុក​របស់​ក្រុម​អ្នកវិនិយោគ នេះ​បើតាម​អ្នកវិភាគ Umer Raffat នៃ​ក្រុមហ៊ុន Evercore ISI។

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ Pfizer លោក Frank D’Amelio បានឱ្យដឹងថា អត្រា​ប្រាក់ចំណេញ​លើ​ភាគហ៊ុន (EPS) ពី ៦.៣៥ ដល់ ៦.៥៥ ដុល្លារ គឺជា​កម្រិត​ខ្ពស់បំផុត​រួចហើយ​សម្រាប់​ពួកគេ។ ទន្ទឹមនឹងនេះ Pfizer ក៏បាន​បញ្ជាក់ថា ការ​ព្យាករ​ក្នុងឆ្នាំនេះ រួមបញ្ចូល​តែ​បណ្ដា​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើឡើង​រួចរាល់​តែប៉ុណ្ណោះ។ ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ជាង ១០០ អំពី​ថ្នាំ Paxlovid។ ដូច្នេះ ប្រាក់ចំណូល​អាច​នឹង​ខ្ពស់ជាង​មុន ២២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២២ បើសិន​ពួកគេ​មាន​កិច្ចព្រមព្រៀង​បន្ថែមទៀត៕

Advertisement