ស្ថាប័នធំ2 ផ្ដល់​អនុសាសន៍​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជួយ​ដល់​អ្នករងគ្រោះ​ទឹកជំនន់

ដើម្បី​សម្រួល​ដល់​ការ​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​កើតមាន​ពី​គ្រោះទឹកជំនន់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ ដោយ​ការផ្ដល់​អនុសាសន៍​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឱ្យជួយ​សម្រួល​ដល់​អតិថិ​ជន​ដែល​រង​ផលប៉ះពាល់​ជាក់ស្ដែង​ពី​គ្រោះទឹកជំនន់។ នេះ​បើ​យោងតាម​ការអំពាវនាវ​ដែល​បាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​រួមមួយ​ចុះ​ថ្ងៃទី24 ខែសីហា 2018។

ក្នុង​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា នៅតាម​បណ្តា​ខេត្ត​មួយចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ជាពិសេស​ផលរបរ​កសិកម្ម​រប​ស់​ប្រជាកសិករ។ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​ធ្វើការ​អំពាវនាវ និង​លើកទឹកចិត្ត​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឱ្យជួយ​សម្រួល​ដល់​ប្រជាកសិករ​នូវ​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

1-បន្ដ​ផ្ដល់​ឥណទាន​ដោយ​ប្រុងប្រយ័ត្ន និង​មាន​យន្តការ​ទន់ភ្លន់​ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្ដែង ដើម្បី​រក្សា​ស្ថិរភាព និង​ភាពរឹងមាំ​របស់​វិស័យ​ហិរញ្ញវត្ថុ។

2-បន្ដ​ពិនិត្យ និង​វាយតម្លៃ​លទ្ធភាព​សង​ត្រឡប់​របស់​ប្រជាកសិករ​ដែល​បាន​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​បន្ធូ​បន្ថយ​រយៈពេល​សង បន្ថយ​អត្រា​ការប្រាក់ ឬ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ និង​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រជាកសិករ ព្រមទាំង​ផ្ដល់​ដំណោះស្រាយ​សមស្របផ្សេង។

3-បន្ដ​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់​លើ​ប្រជាកសិករ និង​ផ្ដល់​ការគាំទ្រ​ចាំបាច់​ស្របតាម​កាលៈទេសៈ​ជាក់ស្ដែង។

យោងសេចក្តី​ថ្លែងការណ៍​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារជាតិ​នៃ​កម្ពុជា​សង្ឃឹម និង​ជឿជាក់ថា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​នឹងចូលរួម​សហកា​រ ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក និង​សម្រាល​សម្ពាធ​ហិរញ្ញវត្ថុ​របស់​ប្រជាកសិករ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្តែង៕

Advertisement