កសិករ​កុំ​ទាន់​អស់សង្ឃឹម! ដំឡូង​មី​នឹងមាន​តម្រូវការ​កាន់តែ​ខ្ពស់​នៅលើ​ទីផ្សារ

ភ្នំពេញ៖ កាលពី​ឆ្នាំ​កន្លងទៅនេះ កសិករ​នៅក្នុង​ខេត្ត​ប៉ៃលិន​បាននាំគ្នា​តវ៉ា​ដោយ​យក​រថយន្ត​ដឹក​ដំឡូង​មក​បិទផ្លូវ​ដើម្បី​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​ស្វែងរក​ទីផ្សារ​ដើម្បីឱ្យ​លក់បាន​ក្នុងតម្លៃ​សមរម្យ ហើយ​មកទល់​បច្ចុប្បន្ន ថ្នាក់ដឹកនាំ​ក៏បាន​ចុះទៅពិនិត្យ និង​បង្ហាញថា ដំឡូង​មី​ឆ្នាំនេះ​នឹងមាន​តម្រូវការ​ច្រើន និង​អាច​បាន​ថ្លៃ​ខ្ពស់ជាង​ឆ្នាំមុន។

នៅ​ចំពោះមុខ​កសិករ ឈ្មួញ និង​ក្រុមហ៊ុន​ដែល​ទិញ​ដំឡូង​មី​ពី​កសិករ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គូសបញ្ជាក់ថា និន្នាការ និង​ការរំពឹងទុក​បានបង្ហាញ​ថា តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​នឹងមាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ចង្វាក់​តម្លៃ​ដំឡូង​មី​តាមរយៈ​ការពង្រឹង និង​ពង្រីក​ផលិតកម្ម ការកែច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថភាព​នាំចេញ សំដៅ​ឆ្លើយតប​តម្រូវការ​ទីផ្សារ​នាពេល​អនាគត។

ក្នុងឱកាស​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បើកសម្ពោធ​វេទិកា​ថ្នាក់ជាតិ​លើក​ទី4 ស្តីពី​ការជំរុញ​ការលើកកម្ពស់ និង​អភិវឌ្ឍ​ក​សិ-ពាណិជ្ជកម្ម​កម្ពុជា អមដោយ​ទិវា​ដំឡូង​មី​លើក​ទី2 និង​ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ-ផ្លែឈើ​ខ្មែរ កាលពី​ព្រឹក​ថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 ឯកឧត្តម​បាន​គូសបញ្ជាក់ថា ដើម្បី​ចាប់យក​នូវ​កាលានុវត្តភាព​នេះ កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការវិនិយោគ​បន្ថែម និង​ការឯកភាព​ជា​ធ្លុង​មួយ​រវាង​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា​ដូចជា ភាពទន់ខ្សោយ​នៃ​ខ្សែចង្វាក់​តម្លៃ កង្វះ​ព័ត៌មាន​ទីផ្សារ ការផ្គត់ផ្គង់​មិន​ទៀងទាត់ និង​គុណភាព​ប្រែប្រួល​នៃ​ដំឡូង​មី​ដែលជា​កត្តា​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា។

នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម វ៉េង សាខុន បានស្នើ​ឱ្យមាន​ការចូល​រួម​កាន់តែ​សកម្ម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ធានាបាន​និរន្តរភាព និង​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស និង​ការនាំចេញ​ទី​កាន់​ទីផ្សារ​អន្តរជាតិ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកយក​កំណើន​ដាំ​ដុះ និង​សក្តានុពល​ដំឡូង​មី ដែលជា​ដំណាំ​យុទ្ធសាស្ត្រ​របស់​កម្ពុជា ព្រមទាំង​កត្តា​ប្រឈម​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​គោលនយោបាយ​ជាក់លាក់ និង​ស៊ីជម្រៅ​ស្របតាម​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​បៃតង ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា គ្រឹះស្ថាន​អប់រំ​សិក្សា​កសិកម្ម អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន។

គួរ​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី8 លើ​ពិភពលោក និង​លំដាប់​ទី4 នៅក្នុង​តំបន់។ ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ពាក់ព័ន្ធ​តាម​វិស័យ​នានា តម្រង់​ឆ្ពោះទៅរក​ទីផ្សារ​ក្នុង​បណ្តា​ឆ្នាំកន្លងមក បាន​ជួយ​ជំរុញ​កំណើន​នាំចេញ​កសិផល​កម្ពុជា ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ល្បឿន​មួយ​គួ​ជាទី​មោទនៈ។

យោងតាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ទីផ្សារ​នាំចេញ​ផលិតផល​ដំឡូង​មី​ត្រូវបាន​ពង្រីក​ពី4ប្រទេស (ថៃ វៀតណាម ចិន បារាំង) ក្នុង​ឆ្នាំ2014 ទៅ 16ប្រទេស​ក្នុង​ឆ្នាំ2016 រួមមាន៖ កាណាដា ចិន អង់គ្លេស ហ្វាំ​ង​ឡង់ ឥណ្ឌា អ៊ីតាលី កូរ៉េ លី​ទុយ​អា​នី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហូ​ឡង់ នូ​វែ​ល​សេ​ឡង់ កោះ​តៃវ៉ាន់ ថៃ អាមេរិក និង​វៀតណាម។ ការនាំចេញ​ផលិតផល​ដំឡូង​មី (ដំឡូង​មី​ស្រស់ ចំណិត​ដំឡូង​មី​ក្រៀម និង​ម្សៅដំឡូង​មី) បាន​កើនឡើង​ពី0.22លាន​តោន ក្នុង​ឆ្នាំ2012 ដល់​ជាង 3.6លាន​តោន​ក្នុង​ឆ្នាំ2016 និង​នៅក្នុង​រយៈពេល 9ខែ​ឆ្នាំ2017នេះ ការនាំចេញ​ដំឡូង​មី​សម្រេចបាន​ជាង 1.8លាន​តោន៕

Advertisement