គម្រោង​សាងសង់​រោងចក្រ​ថ្មី ផលិត​កាបូប និង​កេស​កា​តុង នៅ ខេត្តកណ្ដាល និង​កំពង់ស្ពឺ ទទួលបាន​ការអនុញ្ញាត

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ពីរ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន នេះ​បើតាម​ទំព័រ​បណ្ដាញ​សង្គម​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញផ្សាយ​នា​រសៀល​ថ្ងៃទី 04 វិច្ឆិកា 2022។

ក្រុមហ៊ុន​វិនិយោគ​ទាំងនេះ​ដែល​រួមមាន ក្រុមហ៊ុន «NEW SHUI YAT (CAMBODIA) CO., LTD និង​ក្រុមហ៊ុន KANJIN (CAMBODIA) LUGGAGE CO., LTD នេះ គ្រោង​នឹង​បណ្ដាក់ទុន​វិនិយោគ​សរុប 14 លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​សរុប​ជាង 2,000 កន្លែង។

ក្រុមហ៊ុន «NEW SHUI YAT (CAMBODIA) CO., LTD» គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ថង់​ប្លា​ស្ទិ​ក និង​អេ​ប៉ុង ស្ថិតនៅ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 8.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 358 កន្លែង។

ក្រុមហ៊ុន «KANJIN (CAMBODIA) LUGGAGE CO., LTD» គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​21B ភូមិ​អន្លង់​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 5.5 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,770 កន្លែង។

Advertisement