សមត្ថកិច្ច​ពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​បាន​ជាង ១៩ ពាន់​លាន​រៀល ក្នុង​ឆ្នាំ ២០២១

ឆ្នាំ ២០២១ យានយន្ត​ជាង ២២ លាន​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ក្នុងនោះ​មាន​ជាង ២.២ សែន​គ្រឿង​ត្រូវបាន​ពិនិត្យ​ជា​ប្រាក់​សរុប​ជាង ១៩ ពាន់​លាន​រៀល (ជិត ៥ លាន​ដុល្លារ​អាម៉េរិក)។

តួលេខ​ខាងលើនេះ​គឺ​យោងទៅតាម​ការបញ្ជាក់រ​បស់ អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ យុន ឈុ​ន្នី។ លោក​ថ្លែងថា ក្នុងចំណោម​យានយន្ត​ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខាងលើ មាន​ម៉ូតូ​ជាង ១.៦ សែន​គ្រឿង (៧៥%) និង​រថយន្ត​ជាង ៥.៤ ម៉ឺន​គ្រឿង (២៥%)។

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃទី ៩ ខែកុម្ភៈ ២០២១ របស់ អគ្គលេខាធិការដ្ឋាន​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី

ចំណែក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា សម្រាប់​ឆ្នាំ ២០២២ សមត្ថកិច្ច​នគរបាល នឹង​ធ្វើការ​ការពិន័យ​ជា​ប្រាក់ និង​ការដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ចំពោះ​យានយន្ត​ដែល​នៅ​បន្ត​ប្រ​ពឹ​ត្ត​ល្មើស​នឹង​ច្បាប់​ចរាចរណ៍។

បច្ចុប្បន្ន ក្រសួង​សាធារណការ បាន​ទិញ​ឧបករណ៍​ស្កេ​ន​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ ចំនួន ៣០០ គ្រឿង​រួចហើយ និង​គ្រោង​ទិញ​បន្ថែម ២៥០ គ្រឿង​ទៀត សម្រាប់​មន្ត្រីនគរបាល​ចរាចរណ៍​បំពេញការងារ។ ស្ថាប័ន​មាន​សមត្ថកិច្ច​កំពុង​សាកល្បង​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ មានដូចជា ការ​ស្កេ​ន​លើ​បទល្មើស​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ការបើកបរ​លើស​ល្បឿន​កំណត់ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ការផ្ទុក​មនុស្ស​លើស​ការកំណត់ និង​ការមិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍។ល។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

យោងតាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បណ្ណ​បើកបរ​ដែលមាន​ច្បាស់​ប្រព្រឹត្ត​លើ្ម​សនឹង​ច្បាប់​ចរាចរណ៍ នឹង​ត្រូវបាន​កាត់បន្ថយ​ព​ន្ទុ​ពី ១ ដល់ ៦ ពិន្ទុ ទៅតាម​ស្ថានភាព​ជាក់ស្ដែង។ បណ្ណ​បើកបរនីមួយៗ ត្រូវ​បានកំណត់​ពិន្ទុសរុប ត្រឹម ១២ ពិន្ទុ។ ក្នុងករណី​អស់​ពិន្ទុ បណ្ណ​បើកបរ​នោះ​ត្រូវបាន​ចាត់ទុកជា​មោ​ឃៈ។

ករណី​បណ្ណ​បើកបរ​អស់​ពិន្ទុ ហើយ​ម្ចាស់​បណ្ណ​ត្រូវការ​បណ្ណ​បើកបរ​ថ្មី នោះ​ពួកគេ​នឹងត្រូវ​រៀន និង​ប្រឡង​យក​បណ្ណ​បើកបរ​សាជាថ្មី​ឡើងវិញ ក្នុង​រយៈពេល​យ៉ាងតិច ៦ ខែ គិត​ចាប់តាំងពី​ថ្ងៃ​ដែល​បណ្ណ​បើកបរ​នោះ​ត្រូវអស់​ពិន្ទុ៕

Advertisement