អាល្លឺម៉ង់ សន្យា​ផ្តល់ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ

លោក Christian Berger ឯកអគ្គរដ្ឋទូតរបស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា

កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន សហ​ប្រតិ​ប​តិ្ត​ការ រវាង កម្ពុជា និង អាល្លឺម៉ង់ ត្រូវបាន​ចុះហត្ថលេខា​រួចហើយ ដោយ​ក្នុងនោះ អាល្លឺម៉ង់ សន្យា​ផ្តល់​ឥណទាន សម្បទាន​ជាថ្មី ចំនួន ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា សម្រាប់​គម្រោង​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ជនបទ​លើក​ទី២ ដែល​នេះ​នឹង​ផ្ដោត​សំខាន់​ទៅលើ ខេត្តសៀមរាប។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​រប​ស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ចុងខែ​ឧសភា ឆ្នាំ ២០២២។

កន្លងមក អាល្លឺម៉ង់ ក៏​ធ្លាប់​បានផ្តល់​ឥណទាន​ស​ម្ប​ទាន ប្រមាណ ៣០ លាន​អឺរ៉ូ ដល់ កម្ពុជា លើក​ទី១ សម្រាប់​គម្រោង​ខាងលើ កាលពី​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០២០ អាល្លឺម៉ង់ ក៏បានផ្តល់ ៣០ លាន​អឺរ៉ូ ទៀត ដល់ កម្ពុជា សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតរបស់ អាល្លឺម៉ង់ ប្រចាំ កម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីចុងខែឧសភា ឆ្នាំ ២០២២

គិត​ចាប់ពី​ឆ្នាំ ១៩៩២ ដល់​ដំណាច់ឆ្នាំ ២០២១ អាល្លឺម៉ង់ បានផ្តល់​ហិរញប្បទាន​សហប្រតិបត្តិកា​រ ដល់ កម្ពុជា សរុប​ប្រហែល ៧២០ លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន ហិរញ្ញប្បទាន​ឥត​សំណង ប្រហែល ៦៥០ លាន​ដុល្លារ និង​ឥណទាន​សម្បទាន ប្រហែល ៧០ លាន​ដុល្លារ​អាម៉េរិក។

Advertisement