«ស្រី​ស្អាត​​​ឌីជីថល» រកបាន​ចំណូល​រាប់លាន​ដុល្លារ​អាម៉េរិក ពី​រូបថត NFT ផ្ទាល់ខ្លួន

Irene Zhao អាយុ ២៨ ឆ្នាំ បានដាក់​រូបថត NFT (Non-Fungible Token ឬ ទ្រព្យ​ដែល​មិនអាច​ផ្លាស់ប្ដូរ​បាន) របស់ខ្លួន​នៅលើ​ផ្សារ​ជួញដូរ​ទ្រព្យ​ឌីជីថល ក្នុង​បំណង​សាកល្បង​ប៉ុណ្ណោះ ប៉ុន្តែ នឹកស្មាន​មិន​ដល់​ថា មានការ​ជួញដូរ​រហូត​ដល់ ៦ លាន​ដុល្លារ​អាម៉េរិក។

កម្រង​រូបថត​របស់ Irene ត្រូវ​បានដាក់​ឡើងលើ​ផ្សារ NFT OpenSea កាលពី​ថ្ងៃទី ១៤ មករា ហើយ​មកដល់​បច្ចុប្បន្ន មាន​មនុស្ស ៤៩៩ នាក់ បាន​ទិញ ជាមួយនឹង​តម្លៃ​សរុប​ឡើងដល់ ២,៣០០ ETH (ប្រាក់​ឌីជីថល Ethereum) ស្មើនឹង ៦ លាន​ដុល្លារ​អាម៉េរិក។ តម្លៃ​ទាប​បំផុត​នៅក្នុង​កម្រង​រូបថត​របស់​នាង​គឺ ០.៩៥ ETH។ បុគ្គល​ល្បីឈ្មោះ​ជាច្រើនរូប​ដូចជា អ្នកវិនិយោគ Mike Novogratz ឬ YouTuber Logan Paul ជាដើម ត្រូវបាន​គេ​ជឿថា បាន​ទិញ​រូបថត NFT រាប់សិប​សន្លឹក​របស់ Irene។

Irene បាន​ប្រាប់ CoinDesk ថា ដំបូង​ឡើយ​នាង​មានបំណង​សាកល្បង​ប៉ុណ្ណោះ។ វា​ជា​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅពេល​រូបថត NFT ទាំងនេះ​ត្រូវបាន​គេ​ទិញ​អស់យ៉ាង​ឆាប់រហ័ស និង​មានតម្លៃ​ខ្ពស់។ «ខ្ញុំ​បាន​ចេញទៅ​ក្រៅ​ប្រហែល ៤០ នាទី ហើយ​ពេល​ត្រលប់​មកវិញ កម្រង​រូបថត NFT ៥០០ សន្លឹក ត្រូវបាន​គេ​ទិញ​អស់រលីង» នាង​បន្ថែម​ដូច្នេះ។

Irene Zhao គឺជា​តារា​បង្ហាញ​ម៉ូដ​នៅលើ Instagram និង​មាន​អ្នកតាមដាន​ជិត ៤ សែន​នាក់​នៅលើ​បណ្ដាញ​សង្គម​នេះ។ កាលពី​ឆ្នាំ ២០២១ នាង​ក៏​ធ្លាប់បាន​ល្បីឈ្មោះ​នៅក្នុង​ពិភព blockchain បន្ទាប់ពី​ក្លាយជា​នាយិកា​ផ្នែក​ទីផ្សារ​របស់ Konomi Network ជា​គម្រោង​គ្រប់គ្រង​ទ្រព្យ​ឌីជីថល​លើ blockchain។

រូបថត​របស់ Irene ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ធ្វើជា sticker សម្រាប់​អ្នកប្រើប្រាស់ Telegram។ កម្រង sticker នេះ មាន​អ្នក​ទាញយក​មកប្រើប្រាស់​ជាង ២,០០០ លើក បន្ទាប់ពី​បង្ហាញខ្លួន​បាន ៤ ថ្ងៃ។ អ្នកគាំទ្រ​ម្នាក់​ដែលមាន​រហ័ស​នាម​ថា libevm បាន​ណែនាំ​ឱ្យ Irene សាកល្បង​ប្រែក្លាយ​វា​ទៅជា NFT។

នាង​ Irene Zhao

រូបថត NFT របស់ Irene ត្រូវបាន​បង្កើតឡើង​ដោយយោង​ទៅតាម​ការទាក់ទាញ​អារម្មណ៍​ពី​កម្រង​រូបថត Ghozali Everday របស់​និស្សិត​ជនជាតិ​ឥណ្ឌូណេស៊ី។ កម្រង​រូបថត​ដែល​ថត​ក្នុង​រយៈពេល ៤ ឆ្នាំ បាន​ជួយ​ឱ្យ Ghozali Ghozalo ក្លាយជា​បុគ្គល​ល្បីឈ្មោះ ហើយ​ការជួញដូរ​រូបថត​ទាំងនេះ​មានតម្លៃ​ឡើងដល់ ១ លាន​ដុល្លារ​អាម៉េរិក៕

Advertisement