មហា​សេដ្ឋី​ Jeff Bezos ទើបតែ​លក់​ភាគហ៊ុន Amazon តម្លៃ 2 ពាន់​លាន​ដុល្លារ ដើម្បី​យកទៅ «សង្គ្រោះ​ពិភពលោក»

យោងតាម​សារព័ត៌មាន Bloomberg មហាសេដ្ឋី​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក Jeff Bezos ទើបតែ​បាន​លក់​ភាគហ៊ុន​តម្លៃ​ប្រហែល 2 ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន Amazon ក្រោយពី​បាន​សន្យាថា​នឹង​ចំណាយ​ប្រាក់​ទាំងនេះ​ដើម្បី​ស្ដារ​ធម្មជាតិ និង​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ស្បៀងអាហារ​របស់​ពិភពលោក។

ខ្ទង់​ប្រាក់​ចំនួន 2 ពាន់​លាន​ដុល្លារ​ខាងលើ​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​មូលនិធិ Bezos Earth របស់លោក ដើម្បី​អនុវត្ត​ផែនការ​ដែល​លោក​បាន​សន្យា។

ឯកសារ​របស់​គណៈកម្មកា​រមូល​ប​ត្រ​អាម៉េរិក បាន​បង្ហាញថា លោក Bezos បាន​លក់​ភាគហ៊ុន Amazon ចំនួន 608,450 ហ៊ុន។ ដូច្នេះ នៅក្នុង​ឆ្នាំនេះ ស្ថាបនិក​របស់ Amazon បាន​លក់​ភាគហ៊ុន​ដែលមាន​តម្លៃ​សរុប 8.6 ពាន់​លាន​ដុល្លារ។

លោក​ Bezos និង​ព្រះអង្គ​ម្ចាស់​ Charles នៅ​ក្នុង​ជំនួប​មួយ​ នៅ​ឯព្រឹត្តិការណ៍​ COP26 ក្នុង​ក្រុង​ Glasgow, Scotland កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​

លោក Jeff Bezos បាន​ប្រើប្រាស់​ប្រាក់​ដែល​បាន​ពី​ការលក់​ភាគហ៊ុន Amazon សម្រាប់​ទ្រទ្រង់​ក្រុមហ៊ុន​អវកាស Blue Origin។ ក្រៅពីនេះ លោក​ក៏បាន​សន្យាថា ផ្ដល់ប្រាក់ 10 ពាន់​លាន​ដុល្លារ​ទៅឱ្យ​មូលនិធិ Bezos Earth Fund ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ផលប៉ះពាល់​ដែល​កើតឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​របស់​ផែនដី។

ក្នុង​ប្រកាស​ថ្មី​បំផុត លោក Bezos មានបំណង​ចំណាយ 1 ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​សកម្មភាព​ស្ដារ​ធម្មជាតិ​ឡើងវិញ និង 1 ពាន់​លាន​ដុល្លារ​ទៀត​សម្រាប់​កែប្រែ​ប្រព័ន្ធ​ស្បៀងអាហារ និង​វិស័យ​កសិកម្ម​​របស់​ពិភពលោក​៕

Advertisement