សហរដ្ឋ​អាម៉េរិក ពិនិត្យ​លទ្ធភាព​​ក្នុង​ការ​ «បង្កើត​រូបិយវត្ថុ​ដុល្លារ​ឌីជីថល»

យោងតាម​ធនាគារជាតិ​អាម៉េរិក (FED/Federal Reserve System) ប្រាក់​ដុល្លារ​អាម៉េរិក​ឌីជីថល ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល នឹង​ជួយ​ឱ្យ​ការជួញដូរ និង​ទូទាត់​ប្រាក់​ប្រព្រឹត្តទៅ​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​សម្រាប់​មនុស្ស​ភា​គ​ច្រើន បើ​ធៀប​នឹង​ប្រព័ន្ធ​ធនាគារ​បច្ចុប្បន្ន។

ថ្មីៗនេះ FED បានប្រកាស​ជា​សាធារណៈ​អំពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​របស់​ប្រាក់​ដុល្លារ​ឌីជីថល បំណង​ប្រមូល​មតិយោបល់​ពី​សាធារណ​ជន ដើម្បី​កំណត់ និង​សម្រេច​ថា តើ​គួរ​បញ្ចេញ​ប្រាក់​ឌីជីថល ឬទេ។

ការអភិវឌ្ឍ​ប្រាក់​ដុល្លារ​អាម៉េរិក​ឌីជីថល​នេះ​នឹង​ជាការ​ផ្លាស់ប្ដូរ​យ៉ាង​ធំ​ទាក់ទង​នឹង​តួនាទី​របស់​រដ្ឋ​នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ហើយ​វា​មាន​ចំណុច​វិជ្ជមាន​ជាច្រើន។ ក៏ប៉ុន្តែ និយាយ​អំពី​ចំណុច​អវិជ្ជមាន​វិញ អ្វីដែល​គេ​អាច​មើលឃើញ​ច្បាស់​ជាងគេ នោះ​គឺថា ភាព​ទាក់ទាញ​របស់​បណ្ដា​ធនាគារ​ពាណិជ្ជកម្ម​នឹងត្រូវ​អនថយ។

ធនាគារកណ្ដាល​របស់​ សហរដ្ឋ​អាម៉េរិក (FED)

ឥរិយាបថ​របស់ FED ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ប្រទេស​ជាង ៩០ ក្នុង​ពិភពលោក កំពុង​អភិវឌ្ឍ​រូបិយវត្ថុ​ឌីជីថល​ដោយឡែករៀងៗខ្លួន។ ធនាគារកណ្ដាល​របស់​អឺរ៉ុប បញ្ចេញ ប្រាក់​អឺរ៉ូ​ឌីជីថល (EUR) ចំណែក ប្រទេស​ចិន វិញ ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង ប្រាក់​យុន​ឌីជីថល (e-CNY) ដែល​បាន​អភិវឌ្ឍ​តាំងតែ​ពី​ឆ្នាំ ២០១៤។

ប្រកាស​របស់ FED ក៏បាន​ឱ្យដឹងថា រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក កំពុង​ស្វែងរក​វិធី​ដើម្បី​រក្សា​អំណាច​របស់​ប្រាក់​ដុល្លារ​អាម៉េរិក នៅក្នុង​ទីផ្សារ​ពិភពលោក៕

Advertisement