អ្នកលេង TikTok អាជីព រកបាន​ប្រាក់​ច្រើនជាង CEO របស់​បណ្ដា​ក្រុមហ៊ុនធំៗមួយចំនួន​នៅ សហរដ្ឋ​អាម៉េរិក ទៅទៀត

តារា TikTok ជាច្រើន កំពុង​សប្បាយចិត្ត ព្រោះតែ​រកបាន​ប្រាក់​ច្រើន​នៅក្នុង​ឆ្នាំ ២០២១ ក្នុងនោះ មាន​តារា​មួយចំនួន​រកបាន​ប្រាក់​ពី TikTok ច្រើនជាង CEO កំពូលៗមួយចំនួន​នៅ សហរដ្ឋ​អាម៉េរិក ទៀតផង។

Charli D’ Amelio ដែល​បានចាប់ផ្ដើម​បង្ហោះ​វីដេអូ​រាំរែក​របស់ខ្លួន លើ​បណ្ដាញ​សង្គម TikTok តាំងពី​ឆ្នាំ ២០១៩ រកបាន​ប្រាក់ ១៧.៥ លាន​ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០២១ នេះ​បើតាម Forbes។ ថ្មីៗនេះ នាង​មាន​វត្តមាន​នៅក្នុង​ចំណោម TikToker ដែល​រកបាន​ចំណូល​ខ្ពស់បំផុត​ក្នុង​ឆ្នាំ ២០២។ ដោយមាន​អ្នកតាមដាន​ជាង ១៣៣ លាន​នាក់​នៅលើ TikTok នាង D’ Amelio រកបាន​ប្រាក់​យ៉ាងច្រើន​ពី​តួនាទី​ជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ ផ្សព្វផ្សាយ​ផលិតផល និង​បណ្ដា​ខ្លឹមសារផ្សេងៗនៅលើ TikTok។

និយាយ​អំពី​ប្រាក់បៀវត្សរ៍​មធ្យមភាគ​របស់ CEO នៃ​បណ្ដា​ក្រុមហ៊ុន​នៅក្នុង S&P 500 (ស​ន្ទ​ស្សន៍​នៃ​បណ្ដា​ក្រុមហ៊ុនធំៗទាំង ៥០០ នៅក្នុង​ផ្សារ​ហ៊ុន សហរដ្ឋ​អាម៉េរិក) គឺ ១៣.៤ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០ (ទិន្នន័យ​សម្រាប់​ឆ្នាំ ២០២១ មិនទាន់​ត្រូវបាន​ចេញផ្សាយ) នេះ​បើតាម​ការវិភាគ​របស់ Wall Street Journal (WSJ)។

ប្រាក់ចំណូល​របស់ D’ Amelio ខ្ពស់ជាង​ឆ្ងាយ ធៀប​នឹង CEO របស់​ក្រុមហ៊ុនធំៗមួយចំនួន ដូចជា CEO Darren Woods នៃ​ក្រុមហ៊ុន Exxon Mobil (១៥.៦ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២០), Kevin Johnson នៃ​ក្រុមហ៊ុន Starbucks (១៤.៧ លាន​ដុល្លារ), Ed Bastian នៃ​ក្រុមហ៊ុន Delta Air Lines (ជាង ១៣ លាន​ដុល្លារ), និង Chris Kempczinski នៃ​ក្រុមហ៊ុន McDonald’s (១០.៨ លាន​ដុល្លារ)។

Charli D’Amelio (ឆ្វេង) និង Dixie D’Amelio

Dixie D’ Amelio ដែលជា​បងស្រី​របស់ Charli D’ Amelio មាន​អ្នកតាមដាន​ប្រហែល ៦០ លាន​នាក់​នៅលើ TikTok។ ប៉ុន្តែ នាង​នៅតែ​ជា​អ្នក​ដែល​រកបាន​ប្រាក់​ច្រើនជាងគេ​លំដាប់​ទី ២ លើ​បណ្ដាញ​សង្គម​នេះ ដោយ​រកបាន ១០ លាន​ដុល្លារ។ តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង​ប្រាក់បៀវត្សរ៍​របស់ Gary Kelly ដែលជា CEO របស់ Southwest Airlines។

ក៏ប៉ុន្តែ នៅមាន CEO មួយចំនួន​របស់​បណ្ដា​ក្រុមហ៊ុន​ក្នុង​ស​ន្ទ​ស្សន៍ S&P 500 ដែល​រកបាន​ប្រាក់​ច្រើនជាង​នេះ។ Robert Kotick នៃ​ក្រុមហ៊ុន​ហ្គេម Activision-Blizzard រកបាន​ជិត ១៥៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០, Tim Cook របស់ Apple រកបាន​ជិត ៩៩ លាន​ដុល្លារ។

ប្រាក់​ដែល​បណ្ដា TikToker រកបាន បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ២០២។ យោងតាម Forbes អ្នកលេង TikTok ៧ នាក់ ក្នុងចំណោម​អ្នកលេង​អាជីព​ដែល​រកបាន​ប្រាក់​ច្រើនជាងគេ​លើ​បណ្ដាញ​សង្គម​នេះ រកបាន​សរុប ៥៥.៥ លាន​ដុល្លារ កាលពី​ឆ្នាំទៅ កើន ២០០% ធៀប​នឹង​ឆ្នាំ ២០២០។

ក្រុមហ៊ុន TikTok បានឱ្យដឹងថា កាលពី​ឆ្នាំ ២០២១ បណ្ដាញ​សង្គម​នេះ មាន​អ្នកប្រើប្រាស់​ប្រចាំខែ ឡើងដល់​ជាង ១,០០០ លាន​នាក់។

នាង Addison Rae

ទោះជា​យ៉ាងណាក៏ដោយ បណ្ដា​រូបភាព​អវិជ្ជមាន​នៅលើ​បណ្ដាញ​សង្គម​នេះ អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់​មួយចំនួន។ សារព័ត៌មាន WSJ ថ្មីៗនេះ​បានធ្វើការ​ស៊ើបអង្កេត​មួយ និង​បាន​រកឃើញថា បណ្ដាញ​សង្គម TikTok អាច​ទាក់ទាញ​មនុស្ស​គ្រប់គ្នា និង​អាច​ជំរុញ​ឱ្យ​ក្មេង​ជា​អនីតិជន ចូល​ទៅដល់​ខ្លឹមសារ​ដែល​ទាក់ទង​នឹង​ផ្លូវភេទ និង​គ្រឿងញៀន៕

Advertisement