ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ជាច្រើនរូប​បាន​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់រហ័ស! ដោយឡែក Elon Musk រកបាន​ជាង 100ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ

ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk

សារព័ត៌មាន Bloomberg បាន​ស្រាវជ្រាវ​ឃើញថា ទ្រព្យ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី បាន​កើនឡើង​ជាង 140ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ម្ចាស់​ក្រុមហ៊ុន Tesla រកបាន​ចំណូល 111ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ 2020។

2020 គឺជា​ឆ្នាំ​ដែល​មហាសេដ្ឋី Elon Musk ទទួលបាន​ដំណឹង​ល្អជា​បន្តបន្ទាប់។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បានក្លាយ​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប 139ពាន់​លាន​ដុល្លារ​អាម​រិ​ក លោក Musk ក៏បាន​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ដែល​ស្ថិតក្នុង​ស​ន្ទ​ស្សន៍ S&P 500 (ស​ន្ទ​ស្សន៍​ដែល​ស្ដីអំពី​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ទុន​ច្រើនជាងគេ​ទាំង 500 នៅក្នុង​ពិភពលោក) នៅពេលដែល Tesla ត្រូវបាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​ស​ន្ទ​ស្សន៍​នេះ។

ប៉ុន្តែ CEO របស់ Tesla មិនមែនជា​អ្នកជំនួញ​តែ​ម្នាក់​គត់​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់​ក្នុង​ឆ្នាំ 2020នេះ​ទេ។ យោងតាម​ស្ថិតិ​របស់ Bloomberg មាន​គូប្រជែង​មួយចំនួន​របស់ Tesla ថែមទាំង​រកបាន​ចំណូល​លឿន​ជាង​លោក Elon Musk ទៀតផង។

William Li ស្ថាបនិក​របស់​ក្រុមហ៊ុន Nio

William Li ស្ថាបនិក​របស់​ក្រុមហ៊ុន Nio រកបាន​ទ្រព្យ​ច្រើនជាង​មុន 12ដង ដោយសារ​តម្លៃ​មូល​ប​ត្រ​ដែល​លោក​កំពុង​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នេះ (កំពុង​បោះផ្សាយ​មូល​ប​ត្រ​នៅ​សហរដ្ឋអាមេរិក) កំពុង​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស។ នេះ​គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​កើនឡើង​លឿន​ជាងគេ​បង្អស់​នៅក្នុង​ចំណោម​ក្រុម​អ្នកមាន​ជាងគេ​ទាំង 500នាក់​ក្នុង​ពិភពលោក។

ទ្រព្យ​សុទ្ធ​របស់ He Xiaopeng ដែលជា​ប្រធាន​ក្រុមហ៊ុន Xpeng Inc ក៏​កើនឡើង​ជាង 600% ផងដែរ។ ទ្រព្យសម្បត្តិ​សរុប​របស់​បណ្ដា​មហាសេដ្ឋី​ផ្នែក​ផលិត​រថយន្ត​អគ្គិសនី ត្រូវបាន Bloomberg រកឃើញថា បាន​កើនឡើង​ជាង 140ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បាន​កើនឡើង 111ពាន់​លាន​ដុល្លារ។

General Motors គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​ផែនការ​បញ្ចេញ​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន 30ម៉ូ​ដែល នៅក្នុង​ឆ្នាំ 2025 ហើយ​ប្រការនេះ​ក៏បាន​ជួយ​ឱ្យ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ លោត​ឡើងដល់​ចំណុចកំពូល​បំផុត​ក្នុងអំឡុង 3ឆ្នាំ​កន្លងមកនេះ។

Wang Chuan-Fu ដែលជាស្ថាបនិករបស់ BYD

បណ្ដា​គូប្រជែង​របស់លោក Musk រកបាន​ប្រាក់ចំណេញ​កើនឡើង​លឿន​ជាង ប៉ុន្តែ លោក Musk នៅតែ​ជា​អ្នក​ដែល​រកបាន​ប្រាក់​ច្រើនជាងគេបង្អស់​ក្នុងឆ្នាំនេះ ដោយសារ​អត្រា​កើនឡើង 580% នៃ​មូល​ប​ត្រ Tesla រាប់​ចាប់ពី​ដើមឆ្នាំ​រហូតមកដល់​ប​ច្ចុ​ប្បន្ន។ តាម​ពីក្រោយ Elon Musk គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​វិស័យ​ផលិត​រថយន្ត​អគ្គិសនី នោះ​គឺ Wang ​Chuan​-​Fu ដែលជា​ស្ថាបនិក​របស់ BYD។ ទ្រព្យ​របស់លោក Wang បាន​កើនឡើង​ច្រើនជាង​មុន​បី​ដង ដែលនាំឱ្យ​ទ្រព្យ​សរុប​របស់លោក បាន​ឡើងដល់ 14ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ Bloomberg

Advertisement