រូបិយវត្ថុ​ឌីជីថល​មួយ ដែល​បាន​ឡើងថ្លៃ ១,៣០០% នៅក្នុង​ឆ្នាំ ២០២១

BNB ឡើងថ្លៃ​ខ្ពស់​ដោយសារ​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​នៅលើ Binance ដែលជា​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​ធំជាងគេ​ក្នុង​ពិភពលោក។

ក្នុងចំណោម​រូបិយវត្ថុ​ឌី​ជី​ល​ដែលមាន​មូលធន​ទីផ្សារ​ធំជាងគេ​ក្នុង​ពិភពលោក គេ​ឃើញថា Binance Coin (BNB) លេចធ្លោ​ជាងគេ​បង្អស់​ក្នុង​ឆ្នាំ ២០២១ ធៀប​នឹង Bitcoin និង Ether។ ប្រាក់​ឌីជីថល ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្សារ​ជួញដូរ​ប្រាក់​ឌី​ជី​ល Binance Holdings នេះ បាន​កើនឡើង​ប្រមាណ ១,៣០០% ក្នុង​ឆ្នាំ ២០២១ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់ Arcane Research។

ចំណែក Bitcoin វិញ បាន​កើន ៦៥% ខណៈ Ether កើន ៤០៧%។ យោងតាម Coinmarketcap ប្រាក់​ឌីជីថល BNB កំពុងមាន​តម្លៃ​ប្រហែល ៥១៨ ដុល្លារ និង​មាន​មូលធន​ទីផ្សារ (Market Capitalization) ៨៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។

BNB ត្រូវបាន​ប្រើប្រាស់​ច្រើន​នៅលើ Binance ដែលជា​ផ្សារ​ជួញដូរ​ប្រាក់​ឌីជីថល​ធំ​បំផុត​ក្នុង​ពិភពលោក បើ​គិត​ទៅតាម​ទំហំ​នៃ​ការជួញដូរ។ BNB ក៏​ជា​ប្រាក់​ឌីជីថល​សម្រាប់ Binance Smart Chain (BSC) ដែលជា​ថ្នាល blockchain គាំទ្រ​ដល់​កិច្ចព្រមព្រៀង​ឆ្លាត​វៃ (smart contract) ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​វិមជ្ឈការ​ហិរញ្ញវត្ថុ (DeFi) ផងដែរ។ល។

Binance Coin (BNB)

ក្រៅពី​រូបិយវត្ថុ​ឌីជីថល​មួយចំនួន​ខាងលើ គេ​ឃើញថា នៅមាន altcoin (ប្រាក់​ឌីជីថល​ជំនួស Bitcoin) ដទៃទៀត មានដូចជា Solana និង Fantom ជាដើម ក៏​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ២០២១។ ក្រុមអ្នកវិភាគ​ព្យាករ​ថា និន្នាការ​នៃ​ការកើនឡើង​របស់​បណ្ដា altcoin នឹង​នៅតែ​បន្ត​កើតមាន។

តម្លៃ​របស់​ប្រាក់​ឌីជីថល​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន​បំផុត​ក្នុង​ពិភពលោក គឺ Bitcoin បាន​ថយ​ចុះមក​នៅក្រោម ៤៧,០០០ ដុល្លារ/coin នៅ​ចុងខែ​ធ្នូ​នេះ។ យោងតាម Bloomberg ប្រាក់​ឌីជីថល​នេះ នៅតែ​ជា​និមិត្តរូប​នៃ​ការប្រែប្រួល ហើយ​តម្លៃ​របស់​វា​នៅ​ឆ្នាំក្រោយ នឹង​នៅតែ​ជា​សំណួរ​មួយ​ដ៏​ធំ ក្នុង​គ្រា​ដែល​ជំងឺ​អាសន្នរោគ កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង​បន្តិចម្ដង៕

Advertisement