ក្រុម​មហាសេដ្ឋី​ដែល​រកស៊ី​ពី​បាតដៃ​ទទេ កំពុងមាន​ប្រៀប​ជាង​អ្នក​មាន​ក្នុង​​ក្រុម Chaebol នៅ កូរ៉េខាងត្បូង

ស្រទាប់​អ្នកជំនួញ​ដែល​ទើបតែ​រកស៊ី​មានបាន​ក្នុង​ជំនាន់​ថ្មី កំពុងតែ​គ្រប់គ្រង​តារាង​ចំណាត់ថ្នាក់​អ្នក​មាននៅ​ប្រទេស​កូរ៉េខាងត្បូង ដោយមាន​ប្រៀប​ជាង​សមាជិក​នៃ​ក្រុម​ត្រកូលអ្នកមានៗដែល​ឈរ​នៅ​ពីក្រោយ​បណ្ដា​ក្រុមហ៊ុន​ចាស់វស្សា។

Brian Kim ស្ថាបនិក​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី​ផ្ញើ​សារ Kakao គឺជា​ឧទាហរណ៍​លេចធ្លោ​បំផុត នៅពេល «យកឈ្នះ» លើ «អ្នក​ស្នង​មរតក» របស់ Samsung លោក Jay Y. Lee (Lee Jae-yong) ហើយ​ក្លាយជា​អ្នកមាន​ជាងគេ​បង្អស់​នៅ​ប្រទេស​កូរ៉េខាងត្បូង ដោយមាន​ទ្រព្យ​ចំនួន 12.9 ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រៅពី Brian កូរ៉េខាងត្បូង ក៏​នៅមាន​មហាសេដ្ឋី​ដែល​បាន​រកស៊ី​ពី​បាតដៃ​ទទេ ជាច្រើន​ទៀត ដែល​កំពុង​បង្ហាញ​ឥទ្ធិពល​របស់ខ្លួន ក្នុងនោះ​មាន Seo Jung-jin ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Celltrion មានទ្រព្យ​ប្រមាណ 10 ពាន់​លាន​ដុល្លារ, Bom Kim (ពលរដ្ឋ​អាមេរិក ដើមកំណើត កូរ៉េខាងត្បូង) ស្ថាបនិក​នៃ​ផ្សារ​ពាណិជ្ជកម្ម​អន​ឡាញ Coupang ឬ Chang Byung-gyu ដែលជា​ម្ចាស់​ក្រុមហ៊ុន​ហ្គេម Krafton។ល។

ការប្រែប្រួល​នេះ​គឺជា​សញ្ញា​មួយ​បង្ហាញថា ខឿនសេដ្ឋកិច្ច​ដែលមាន​តម្លៃ 1.6 លាន​លាន (1.6 ទ្រី​លាន) ដុល្លារ របស់ កូរ៉េខាងត្បូង កំពុង​ឈានចូល​ដល់​យុគសម័យ​រីកចម្រើន​ថ្មី និង​កាត់បន្ថយ​ការពឹងផ្អែក​ទៅលើ​តែ​ក្រុម chaebol (ក្រុម​ត្រកូល​អ្នកមាន​ដែល​គ្រប់គ្រង​បណ្ដា​ក្រុមហ៊ុនធំៗនៅ កូរ៉េខាងត្បូង) ដែល​ធ្លាប់បាន​ក្ដោប​ក្ដាប់​អំណាច​ធំ​នៅក្នុង​សង្គម ដោយនៅ​ពីក្រោយ​បណ្ដា​ក្រុមហ៊ុន​ខ្នាត​យក្ស ដូចជា Huyndai, Samsung, LG និង Hanjin។ល។

Brian Kim ស្ថាបនិកនៃក្រុមហ៊ុនគ្រប់គ្រងកម្មវិធីផ្ញើសារ Kakao និង​ជា​អ្នក​មាន​ជាង​គេ​នៅ​ កូរ៉េខាង​ត្បូង

សាស្ត្រាចារ្យ Kyong-hwan មកពី​សាកលវិទ្យាល័យ Sungkyunkwan បាន​អធិប្បាយ​ថា៖ «នេះ​គឺជា​ការប្រែប្រួល​វិជ្ជមាន ចំពោះ កូរ៉េខាងត្បូង»។ ក្រុម chaebol កំពុងតែ​ទុក​ឱកាស​ឱ្យ​បណ្ដា​ក្រុមហ៊ុនថ្មីៗ ដែល​ចាប់ផ្ដើម​លេចធ្លោ​បន្តិចម្ដង។ នេះ​បើតាម​សារព័ត៌មាន Bloomberg។

សម័យ COVID-19 បានធ្វើឱ្យ​តម្រូវការ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អន​ឡាញ កំសាន្ត និង​បច្ចេកវិទ្យា​ជីវសាស្ត្រ កើនឡើង​យ៉ាង​ឆាប់រហ័ស នាំឱ្យ​ក្រុម​អ្នកវិនិយោគ​ទម្លាក់​លុយរាប់​ពាន់​លាន​ដុល្លារ​ទៅក្នុង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី។ ខ្ទង់​វិនិយោគ​ហានិភ័យ (Risky Investment) ដែល​ត្រូវបាន​ទម្លាក់​មកកាន់​ប្រទេស​នេះ បាន​កើន​ឡើងដល់ 2.7 ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ 2021 ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុងអំឡុង ខែ។ នេះ​បើតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង។

សាស្ត្រាចារ្យ Kyong-hwan ថ្លែងថា៖ «នេះ​គឺជា​ឱកាសល្អ​សម្រាប់​ការរីកចម្រើន និង​ការប្រមូល​ទុន​របស់​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី»។ លោក​បាន​ព្យាករ​ថា កូរ៉េខាងត្បូង​នឹងមាន​មហាសេដ្ឋី​ថ្មី​ជាច្រើន​ទៀត​ដែលមាន​ប្រៀប​ជាង​បណ្ដា​មហាសេដ្ឋី «បុរាណ»។ លោក Kyong-hwan សង្កត់ធ្ងន់ថា៖ «ក្រុម​មហាសេដ្ឋី​ថ្មី​គឺជា​គំរូ​ដែល​ជួយ​ឱ្យ​ក្រុម​យុវវ័យ​យល់ថា ពួកគេ​អាច​ក្លាយជា​អ្នកមាន​ប្រកបដោយ​ភាព​ឯករាជ្យ ជំនួស​ឱ្យ​ការទទួល​មរតក»៕

Advertisement