សាស្ត្រាចារ្យ​ចិន ក្លាយជា​មហាសេដ្ឋី ដោយសារ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា

តាង ស៊ីវអ៊ូ (Tang Xiao’ou) សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន SenseTime បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន​ចំនួន ២១% ដែល​ប្រហាក់ប្រហែល​នឹង ៣.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។

SenseTime Group ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI/Artificial intelligence) ធំជាងគេ​នៅ ប្រទេស​ចិន កាលពី​សប្ដាហ៍​កន្លង​បានកំណត់​មូល​ប​ត្រ​នៅពេល​ធ្វើ IPO ក្នុងតម្លៃ ៣.៨៥ ដុល្លារ​ហុងកុង/ហ៊ុន ហើយ​ប្រមូល​ទុន​បាន ៥.៥៥ ពាន់​លាន​ដុល្លារ​ហុងកុង។ មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ​នឹងត្រូវ​ដាក់ឱ្យ​ជួញដូរ​នៅលើ​ផ្សារ​ហ៊ុន​ហុងកុង ចាប់ពី​ថ្ងៃទី ៣០ ធ្នូ ២០២១។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​មូលធន​ទីផ្សារ​តម្លៃ​ជាង ១៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។

យោងតាម Bloomberg Billionaires Index បច្ចុប្បន្ន សហ​ស្ថាបនិក​របស់ SenseTime គឺ​លោក តាង ស៊ីវអ៊ូ  កំពុង​កាន់កាប់​ភាគហ៊ុន​ចំនួន ២១% នៅក្នុង​ក្រុមហ៊ុន ដែល​នៃ​ប្រហាក់ប្រហែល​នឹង ៣.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។ លោក តាង ស៊ីវអ៊ូ ឆ្នាំនេះ​មាន​អាយុ ៥៣ ឆ្នាំ ហើយក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម​បច្ចេកវិទ្យា​ព័ត៌មាន (Information Technology Engineering/ITE) នៃ​សាកលវិទ្យាល័យ​ចិន​ហុងកុង( Chinese University of Hong Kong)។

លោក តាង ស៊ីវអ៊ូ

លោក តាង ស៊ីវអ៊ូ បាន​ចូលប្រលូក​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ផ្នែក​ស្កេ​ន​ផ្ទៃមុខ តាំងតែ​ពី​យូរ​មកហើយ។ លោក​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចិន បន្ទាប់មក​ក៏​ទទួលបាន​វិញ្ញាបនបត្រ​ពី​សាកលវិទ្យាល័យ Rochester នៅ​ទីក្រុង​នី​វ​យ៉​ក សហរដ្ឋ​អាម៉េរិក ហើយ​ក្រោយមកទៀត​ក៏​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts កាលពី​ឆ្នាំ ១៩៩៦។

លោក តាង ស៊ីវអ៊ូ ធ្លាប់ធ្វើ​ការឱ្យ Microsoft Research Asia អស់​រយៈពេល​ច្រើន​ឆ្នាំ មុននឹង​ក្លាយជា​សហ​ស្ថាបនិក​របស់ SenseTime កាលពី​ឆ្នាំ ២០១៤ នៅ សៀង​ហៃ ដោយ​សហការ​ជាមួយ Xu Li (កាលណោះ Xu Li ធ្វើ​ការឱ្យ Lenovo Group។ មិនយូរប៉ុន្មាន ក្រុមហ៊ុន SenseTime ក៏​ទទួលបាន​ទុនវិនិយោគ​ពី IDG Capital, SoftBank, Alibaba Group រួមទាំង Silver Lake ផងដែរ។

សារព័ត៌មាន Bloomberg បានឱ្យដឹងថា បច្ចុប្បន្ន SenseTime គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ធំជាងគេ​ប្រចាំ ទ្វីបអាស៊ី ដោយមាន​ចំណែក​ទីផ្សារ ១១%។ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​នេះ កាលពី​ឆ្នាំទៅ កើន ១៤% ដែល​ឡើងដល់ ៣.៤ ពាន់​លាន​យុន (៥៣៤ លាន​ដុល្លារ​អាម៉េរិក) ប៉ុន្តែ ពួកគេ​ក៏​ខាតបង់ ១.៨ ពាន់​លាន​យុន​ផងដែរ ទៅលើ​ការចំណាយ​នានា​របស់​ក្រុមហ៊ុន៕

Advertisement