កម្ពុជានឹង​ខ្ចីលុយជាងពីរពាន់លានដុល្លារអាម៉េរិក​ទៀត ដើម្បីអភិវឌ្ឍប្រទេស​ក្នុងឆ្នាំ 2024

កម្ពុជា មាន​គម្រោង​ខ្ចីលុយ 1,700 លាន SDR (Special Drawing Rights) របស់ IMF ​ដែល​ស្មើ​នឹង​​ជាង 2.2 ពាន់លានដុល្លារអាម៉េរិក​ ឬប្រមាណជិត 9,3 ទ្រីលានរៀល ដើម្បីអភិវឌ្ឍវិស័យជាអាទិភាពមួយចំនួននៅក្នុង​ឆ្នាំ​ 2024​។

យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 កម្ចីខាងលើ​នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការ​អភិវឌ្ឍវិស័យសំខាន់ៗមួយ​ចំនួន រួម​មាន​ជា​អាទិ៍​ វិស័យថាមពលចំនួនមួយ​គម្រោង, វិស័យធារាសាស្ត្រចំនួនបីគម្រោង, វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន 16 គម្រោង, វិស័យអប់រំនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ចំនួនពីរ​គម្រោង រួម​នឹង កម្មវិធីជំរុញពាណិជ្ជកម្ម និងការប្រកួតប្រជែង​ផងដែរ​។

គិត​ត្រឹម​ត្រី​មាស​ទី​បី ឆ្នាំ​ 2023 ​កម្ពុជា​មានបំណុល​សា​ធារណៈ​ក្រៅ​ប្រទេស​ ចំនួនជាង​ 10.74 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើនឹង 34% នៃផលិតផលក្នុងស្រុកសរុប។

ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន​នៅ​ឡើយ​។ នេះបើតាមក្រសួងហិរញ្ញវត្ថុកម្ពុជា៕

Advertisement