កម្មករ​ម្នាក់ ប៊ិះ​បោះចោល​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជិត ៤០០,០០០ ដុល្លារ​អាម៉េរិក

(សហរដ្ឋ​អាម៉េរិក)-បុរស​ម្នាក់​រកឃើញ​សន្លឹកឆ្នោត​ដែល​ខ្លួន​បាន​ទិញ នៅពេល​យក​ខោអាវ​ទៅ​បោកគក់ ហើយ​ប៊ិះ​បោះ​វា​ចោល​ក្នុង​ធុងសំរាម មុនពេល​បានដឹងថា វា​ជា​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ជាង ៣៨៧,00០ ដុល្លារ។

លោក Maricus «Bezo» Barnes រស់នៅក្នុង​រដ្ឋ Virginia បាន​ទិញ​ឆ្នោត Cash 5 នៅឯ​កន្លែង​លក់​ឆ្នោត​ស្វ័យប្រវត្ត ក្នុង​ហាង​មួយ​នៅ​តំបន់ Hampton កាលពី​ថ្ងៃទី ២៣ តុលា ហើយ​បាន​ភ្លេច​វា រហូតដល់​ពេល​យកស​ម្លៀ​ក​បំពាក់​ទៅ​បោកគក់ ទើបបាន​ឃើញ។

«ខ្ញុំ​បាន​ប្រុង​បោះ​វា​ចោល» Barnes រៀបរាប់​នៅពេល​ទៅ​ទទួល​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​ឆ្នោត Virginia កាលពី​ថ្ងៃទី ១០ វិច្ឆិកា។ «ប៉ុន្តែ ខ្ញុំ​បានសម្រេច​ចិត្ត​ពិនិត្យឡើងវិញ ព្រោះ​គិតថា អាច​ត្រូវបាន​ប៉ុន្មាន​ដុល្លារ​ដែរ»។

សន្លឹកឆ្នោត​ដែលមាន​លេខ ៦-១៨-២០-២២-២៤ របស់លោក Barnes បាន​ត្រូវ​រង្វាន់​តម្លៃ ៣៨៧,៤៥០ ដុល្លារ​អាម៉េរិក។

លោក Barnes ធ្លាប់បាន​បម្រើការ​ក្នុង​ជួរ​កងទ័ព​របស់ សហរដ្ឋ​អាម៉េរិក ហើយ​បច្ចុប្បន្ន​គឺជា​កម្មករ​នៅក្នុង​រោងចក្រ​ផលិត​កប៉ាល់។ បុរស​នេះ​មិនទាន់មាន​គម្រោង​ប្រើប្រាស់​ទ្រព្យ​ថ្មី​ដ៏​មហា​សំណាង​របស់ខ្លួន​នេះ​នៅឡើយ៕

Advertisement