ក្រុម​មហាសេដ្ឋី​ និង​អ្នក​មាន​កំពូល​ៗ​រាប់​​រយ​នាក់ នៅ សហរដ្ឋ​អាម៉េរិក ទទួលបាន​ប្រាក់​ជំនួយ COVID-19!

យោងតាម ProPublica មហាសេដ្ឋី​សរុប​ចំនួន 18 នាក់ និង​អ្នកមាន​លំដាប់កំពូលៗជាង 200 នាក់ ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត COVID-19 ពី​រដ្ឋាភិបាល​អាម៉េរិក។

ProPublica ដែលជា​អង្គការ​សារព័ត៌មាន​ឯករាជ្យ និង​មិន​ស្វែងរក​កម្រៃ មាន​ជំនាញ​ខាង​ស៊ើបអង្កេត បានឱ្យដឹងថា ក្រុម​មហាសេដ្ឋី បានទទួល​ខ្ទង់​ប្រាក់​ជំនួយ​ដំបូង ដែល​នេះ​គឺ​យោងទៅតាម​ឯកសារ​បែកធ្លាយ​ពី​ការិយាល័យ​សេវា​ចំណូល​ផ្ទៃក្នុង (Internal Revenue Service/ IRS)។

ក្នុងចំណោម​មហាសេដ្ឋី​ដែល​ត្រូវបាន​ចោទថា បានទទួល​ប្រាក់​ជំនួយ​ខាងលើ ក៏មាន​មហាសេដ្ឋី George Soros ដែល​បច្ចុប្បន្ន​មានទ្រព្យ​ចំនួន 8.6 ពាន់​លាន​ដុល្លារ។ បន្ទាប់មកទៀត​គឺ ស្ថាបនិក​របស់ Renco Group លោក Ira Rennert ដែលមាន​ទ្រព្យ​ប្រមាណ 3.7 ពាន់​លាន​ដុល្លារ។ ចំណែក មហាសេដ្ឋី Terrence Pegula ដែលមាន​ទ្រព្យ 5.7 ពាន់​លាន​ដុល្លារ ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នេះ។

ស្ថាបនិក​របស់ Renco Group លោក Ira Rennert

គ្រួសារ​របស់​មហាសេដ្ឋី George Soros ក្រោយមក បានប្រកាសថា បាន​សង​ប្រាក់​ទាំងនេះ​ត្រលប់​ទៅវិញ ខណៈដែល​មហាសេដ្ឋី Rennert បាន​បដិសេធ​ការអធិប្បាយ​ចំពោះ​បញ្ហា​នេះ។

Timothy Headington ជា​អ្នកវិនិយោគ​លើ​អណ្ដូងប្រេង អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​ជា​ផលិតករ​ភាពយន្តល្បីៗដូចជា «Argo» និង «World War Z» ជាដើម ដែលមាន​ទ្រព្យ​ប្រមាណ 1.4 ពាន់​លាន​ដុល្លារ ក៏ត្រូវ​បាន​គេ​រកឃើញ​ក្នុង​បញ្ជី​នេះ​ផងដែរ។

Robert Dart អ្នក​ស្នង​មរតក​របស់​គ្រួសារ​ត្រកូល Dart ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់ Dart Container ក៏​ទទួលបាន​កញ្ចប់​ថវិកា​ជំនួយ បើ​ទោះ​លោក​លែង​ជា​ពលរដ្ឋ​អាម៉េរិក និង​ប្រកាស​ពន្ធ​ពី​អាសយដ្ឋាន​មួយ​នៅ​ប្រជុំ​កោះ Cayman។ Dart ក្រោយមក​ក៏បាន​ប្រគល់​ប្រាក់​នេះ​ត្រលប់មក​រដ្ឋាភិបាល​វិញ។

​មហាសេដ្ឋី George Soros

នៅមាន​បុគ្គល​អ្នកមាន​ជាច្រើន​ផ្សេងទៀត​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ខាងលើ ក្នុងនោះ​មាន​ទាំង​អតីត​នាយក​ប្រតិបត្តិ​របស់ Lehman Brothers លោក Richard Fuld ឬ លោក​ Erik Prince ស្ថាបនិក​របស់​ក្រុមហ៊ុន Blackwater ដែលជា​ក្រុមហ៊ុន​យោធា​ឯកជន និង​ជា​អ្នកម៉ៅការ​របស់​រដ្ឋាភិបាល។

យោងតាម​ច្បាប់​ផ្ដល់ជំនួយ សង្គ្រោះ និង​សន្តិសុខ​សេដ្ឋកិច្ច​សម្រាប់​វិបត្តិ Coronavirus (CARES) ក្រុម​គោលដៅ​ដែល​ត្រូវ​ទទួលបាន​ប្រាក់​ជំនួយ​ដោយសារ COVID-19 គឺជា​គូ​ស្វាមី ភរិយា ដែល​ប្រកាស​ពន្ធ​រួម ហើយ​មាន​ចំណូល​សរុប​ក្រោម 150,000 ដុល្លារ/ឆ្នាំ និង​ពលរដ្ឋ​នៅ​លីវ​ដែលមាន​ចំណូល​ក្រោម 75,000 ដុល្លារ/ឆ្នាំ នៅ​ចុងឆ្នាំ 2019។

ProPublica ឱ្យដឹងថា ក្រុម​មហាសេដ្ឋី និង​កំពូល​អ្នកមាន​រាប់រយ​នាក់ បានទទួល​ប្រាក់​ជំនួយ ព្រោះតែ​ពួកគេ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ដោយសារតែ​រដ្ឋាភិបាល​កំណត់​ទៅលើ​តែ​ប្រាក់ចំណូល​ដែល​ត្រូវ​បង់ពន្ធ។ សរុប មនុស្ស​ប្រមាណ 270 នាក់​ដែល​បាន​បង់ពន្ធ​ក្នុងនាម​ជា​អ្នកមាន មាន​ប្រាក់ចំណូល​សរុប 5.7 ពាន់​លាន​ដុល្លារ នេះ​បើតាម​តារាង​ប្រកាស​ពន្ធ​មុន​នោះ​របស់​ពួកគេ។ ប៉ុន្តែ ខ្ទង់​ពន្ធ​នានា​ដែល​ត្រូវបាន​កាត់បន្ថយ​របស់​ពួកគេ​ធំ​រហូតដល់​ថ្នាក់​ក្លាយជា​ចំណូល​អវិជ្ជមាន (Negative Income) ក្នុង​ឆ្នាំ 2019។

លោក​ Erik Prince ស្ថាបនិក​របស់​ក្រុមហ៊ុន Blackwater

ការដែល​ក្រុម​មហាសេដ្ឋី ទទួលបាន​ប្រាក់​ជំនួយ បានបង្ហាញ​អំពី​កំហុសឆ្គង​នៅក្នុង​គោលនយោបាយ​ពន្ធដារ​ចំពោះ​ក្រុម​កំពូល​អ្នកមាន។ បញ្ហា​នេះ​បាន​នាំឱ្យ​ពួកគេ​ត្រូវបាន​ការពារ​ច្រើនជាង​ក្រុម​ពលរដ្ឋ​ដែល​រស់​ដោយសារ​ប្រាក់ខែ៕

Advertisement