IMF ថា ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មិនគួរ​ប្រើប្រាស់ Bitcoin ជា​រូបិយវត្ថុ​គោល​របស់ខ្លួន

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃទី 22 វិច្ឆិកា បាន​ព្រមាន​ដល់ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ ថា មិនគួរ​ប្រើប្រាស់ Bitcoin ធ្វើជា​រូបិយវត្ថុ​ផ្លូវការ​របស់​រដ្ឋ​ទេ ដោយសារតែ​ប្រាក់​ឌីជីថល​នេះ​មាន​ផ្ទុក​ហានិភ័យ​ច្រើន។

ក្នុង​ប្រកាស​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​សង្កត់ធ្ងន់ថា ដោយសារតែ​តម្លៃ​របស់ Bitcoin មានការ​ប្រែប្រួល​ខ្លាំង ការប្រើប្រាស់ Bitcoin ជា​រូបិយវត្ថុ​ស្របច្បាប់ នឹង​នាំឱ្យមាន​ហានិភ័យ​ខ្ពស់​ក្នុង​បញ្ហា​ការពារ​អតិថិជន តម្លាភាព និង​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ។ យោងតាម IMF ការប្រើប្រាស់ Bitcoin ក៏មាន​ហានិភ័យ​បង្ក​ជា​ខ្ទង់​បំណុល​ហិរញ្ញវត្ថុភ្លាមៗផងដែរ ដូច្នេះ Bitcoin មិនគួរ​ត្រូវបាន​ប្រើប្រាស់​ជា​ប្រាក់​ស្របច្បាប់។

IMF ក៏បានផ្ដល់​អនុសាសន៍​ដល់ អែល​សាល់​វ៉ា​ឌ័​រ ថា គួរ​បង្រួម​វិសាលភាព​របស់​ច្បាប់​របស់​ប្រទេស​នេះ ដែល​​បាន​​អនុញ្ញាត​ឱ្យ​ Bitcoin ក្លាយជា​រូបិយវត្ថុ​ស្របច្បាប់។ ទន្ទឹមនឹងនេះ IMF ក៏បាន​ជំរុញ​ឱ្យ អែល​សាល់​វ៉ា​ឌ័​រ រឹតបន្តឹង​លើ​ការកំណត់ និង​គ្រប់គ្រង​ប្រព័ន្ធ​ទូទាត់​ថ្មី ទាក់ទង​នឹង Bitcoin

សូម​រំលឹកថា មុននេះ​មួយថ្ងៃ អែល​សាល់​វ៉ា​ឌ័​រ បានប្រកាស​អំពី​គម្រោង​សាងសង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក ដោយ​ប្រើប្រាស់​ទុនវិនិយោគ​ដំបូង​ដែល​ប្រមូលបាន​ពី​មូល​ប​ត្រ​បំណុល​របស់ Bitcoin។

អែល​សាល់​វ៉ា​ឌ័​រ បាន​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាម៉េរិក អស់​រយៈពេល 2 ទសវត្សរ៍​មកហើយ។ កាលពី​ខែកញ្ញា 2021 អែល​សាល់​វ៉ា​ឌ័​រ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក​ដែល​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin នៅក្នុង​ការទូទាត់ ក្រោយពី​ការអនុម័ត​ពី​សភាជាតិ៕

Advertisement