ទ្រព្យពុករលួយជាង 386,000,000,000,000 ដុង ត្រូវបានវៀតណាមរឹបអូសអំឡុងពាក់កណ្ដាលអាណត្តិដំបូងនៃនីតិកាលទី15

(វៀតណាម) – យោង​តាម​ស្ថាប័ន​នានា​របស់​សភា បេសកកម្ម​រឹបអូស​យក​ទ្រព្យ​ដែល​បាន​ពី​អំពើ​ពុក​រលួយ​មាន​ការ​ប្រែ​ប្រួល​វិជ្ជមាន​ ក្នុង​នោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​​រឹបអូស​ប្រាក់​បាន​ជាង 386,000,000,000,000 ដុង​។

រាប់​ចាប់​ពី​ដើម​អាណត្តិ​សភា​នីតិកាល​ទី 15 (2021-2026) វៀតណាម​បាន​រកឃើញ​អំពើ​​ពុក​រលួយ​ចំនួន​ 865 ករណី​ ក្នុង​នោះ​មាន​បុគ្គល 1374 នាក់​ត្រូវ​បាន​រក​ឃើញ​ថា​បាន​​រលោភ​ច្បាប់​ និង​សំណង​គិត​ជា​ប្រាក់​ជាង 972 ពាន់​លាន​ដុង​ (ប្រហែល 39.8 លាន​ដុល្លារ​អាម៉េរិក)​។ នេះ​បើ​តាម​​ទំព័រ​សារព័ត៌មាន​វៀតណាម Sai Gon Giai Phong (SGGP) ចុះ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃទី 05 តុលា 2023​។

ពិសេសជាង​នេះ មាន​មន្ត្រី​រដ្ឋការ​ចំនួន 934 រូប​ត្រូវ​បាន​កាត់​ទោស​ពីបទ​រំលោភ​គោលការណ៍​​រដ្ឋ​។ យោង​តាម​ស្ថាប័ន​នានា​របស់​សភា បេសកកម្ម​រឹបអូស​យក​ទ្រព្យ​ដែល​បាន​ពី​អំពើ​ពុក​រលួយ​មាន​ការ​ប្រែ​ប្រួល​វិជ្ជមាន​ ក្នុង​នោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​​រឹបអូស​ប្រាក់​ពុក​រលួយ​បាន​ជាង 386,000,000,000,000 (386 ទ្រីលាន​) ​ដុង ដែល​ប្រហែល​នឹង​ 15.8 ពាន់​លាន​ដុល្លារ​អាម៉េរិក​, អចលនទ្រព្យ​ចំនួន 249 កន្លែង និង​ភាគហ៊ុន​ជាង​ 56 លាន​ហ៊ុន​។

ការ​​រឹបអូស​ទ្រព្យ​ពុក​រលួយ​ធំៗ​ ដូច​ករណីក្រុម​ហ៊ុន Viet A ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​ជាប់​ពាក់​ព័ន្ធ បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ប្រាក់​ដែល​បាន​ពី​អំពើ​ខុស​ច្បាប់​ ខណៈ​ដែល​សមត្ថកិច្ច​រឹប​អូស​ទ្រព្យ​បាន​ 1.6 ទ្រីលាន​ដុង​ (65.5 លាន​ដុល្លារ​អាម៉េរិក) គ្រាដែល​ករណី​ស្រដៀង​នេះ​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ចាត់​ការ​។

សភា​កុម្មុយនីស្ត​ឯកបក្ស​វៀតណាម​ដែល​បច្ចុប្បន្ន​មាន​សមាជិក​ជិត​ 500 រូប​ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ជាក់​លំអិត​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ ដោះ​ស្រាយ​​ការ​តវ៉ា ចោទ​ប្រកាន់ និង​បង្ហាញ​ឱ្យ​បាន​ច្បាស់​ថា ស្ថាប័ន អង្គភាព និង​វិស័យ​ណា​ខ្លះ​ដែល​ងាយ​កើត​មាន​អំពើ​ពុក​រលួយ​ផងដែរ​៕

Advertisement