កម្ពុជា ខាតបង់​ថវិកា​ប្រមាណ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​តែ​ជំងឺ​រាតត្បាត COVID-19

កម្ពុជា បាន​ខាតបង់​ថវិកា​ស្មើនឹង​ការសាងសង់​ស្ពាន​ចំនួន 20 ខ្សែ ព្រោះតែ​ជំងឺ COVID-19 ដោយ​ថវិកា​ជាតិប្រមាណ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចំណាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​វិបត្តិ​សុខភាព​ក្នុងសម័យ COVID-19។ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

«ខ្ញុំ​សោកស្ដាយ​ណាស់​នៅត្រង់ថា អា COVID-19 នេះ វា​បាន​ស៊ី​ស្ពាន​របស់ខ្ញុំ​ប្រហែលជា 20 ស្ពាន អាហ្នឹង​គិត​តម្លៃ​ខ្ពស់​ផង…។ អីចឹង​ធ្វើឱ្យ​យើង​ត្រូវ​បន្ត​ស្នើសុំ​មិត្ត ចិន ជួយ​បន្តទៀត ហើយ​មិត្ត ចិន នឹង​បន្ត​ជួយ​ទៅតាម​គម្រោង​ដែល​យើង​បានដាក់» សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី 23  ខែវិច្ឆិកា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ជាមួយ​ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង​បើក​ការដ្ឋាន​គម្រោង​សាងសង់​ផ្លូវ​លេខ 71C ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី ប្រទេស​ចិន។

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ

សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា នៅមុន​ផ្ទុះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ COVID-19  រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​សាងសង់​ស្ពាន​ជាច្រើន​កន្លែង ឆ្លងកាត់​ទន្លេ និង​ស្ទឹង​នានា​នៅ​ទូទាំងប្រទេស បន្ទាប់ពី កម្ពុជា ទទួលបាន​ប្រាក់​សន្សំ​ច្រើន៕

Advertisement