ស្រី​ស្អាត​នៅ​ពីក្រោយ​ឆា​នែ​ល Review រថយន្ត​ទំនើប រកបាន 17 លាន​ដុល្លារ​ក្នុង​រយៈពេល​តែ 3 ឆ្នាំ

សេដ្ឋិនី Alexandra Mary “Alex” Hirschi (Alex Hirschi) គឺជា vlogger ផ្នែក​រថយន្ត ដែលមាន​អ្នកតាមដាន​ជាង 50 លាន​នាក់​នៅលើ​បណ្ដាញ​សង្គម និង​រកបាន​ប្រាក់​រាប់លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

Alex Hirschi វ័យ 35 ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា “Supercar Blondie”។ នាង​បាន​តស៊ូ​ជាមួយនឹង​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​អស់​រយៈពេល​ជាង 1 ទសវត្សរ៍​មកហើយ តាមរយៈ​ការងារ​ជា​អ្នក​ផ្សាយ​សំឡេង ហើយ​បច្ចុប្បន្ន នាង​គឺជា​អ្នកជំនាញ​ផ្នែក អធិប្បាយ (review) ប្រភេទ​រថយន្តទំនើប។ ច្រើន​ឆ្នាំ​មកនេះ  Alex Hirschi បាន​ក្លាយជា​បុគ្គល​ល្បីឈ្មោះ​លំដាប់​អន្តរជាតិ​មួយរូប ដោយសារ​ការ review រថយន្ត​របស់​នាង។

ខាងក្រោម​នេះ​គឺជា​រឿងរ៉ាវ​ជោគជ័យ​ខ្លះ របស់ Alex Hirschi ៖

Alex Hirschi ចាប់កំណើត និង​ធំ​ឡើង​នៅក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។ នាង​បាន​ទៅ​រស់នៅក្នុង​ទីក្រុង ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម (United Arab Emirates) ចាប់ពី​ឆ្នាំ 2008 ជា​កន្លែង​ដែល​នាង​ធ្វើការ​ជា​អ្នកអាន​ព័ត៌មាន និង​ពិធី​ការិនី នៅ​ស្ថានីយ​វិទ្យុ Dubai Eye 103.8។

ពេលនោះ នាង​មានឈ្មោះ​ល្បី​ថា​ជា “Radio Blondie” និង​ធ្លាប់បាន​សម្ភាស​តារាល្បីៗ អំពី​ការចូល​ចិត្ត​រថយន្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ ក្នុងនោះ​មាន​ទាំង​តារា​សម្ដែង​ប្រុស Jake Gyllenhaal និង John Travolta ផងដែរ។

នាង Alex បាន​រៀបការ​ជាមួយ Nik Hirschi ដែលជា​អ្នកគ្រប់គ្រង និង​ជា​ជំនួយការ​របស់​នាង។ Nik ទទួលខុសត្រូវ​លើ​ការថត​វីដេអូ។ បុរស​នេះ​ធ្លាប់ជា​បុគ្គលិក​ធនាគារ ប៉ុន្តែ គាត់​បាន​បោះបង់​ការងារ​នេះ ដើម្បី​ងាក​មក​ផ្ដោតលើ​កិច្ចការងារ​របស់​ភរិយា ចាប់ពី​ឆ្នាំ 2018។ អាច​និយាយបានថា Alex គឺជា​បុគ្គល​សំខាន់​មួយរូប​ដែល​រួមចំណែក​ជួយ​ឱ្យ Alex បានទទួល​ជោគជ័យ​ក្នុង​ការងារ។

ដោយសារ​បង្កើតបាន​ខ្លឹមសារ​ដែល​ខ្លួន​ចូលចិត្តផង​ និង​ប្រកបដោយ​ភាព​ទាក់ទាញ Alex រកបាន​ប្រាក់​ជិត 20 លាន​ដុល្លារ​អាមេរិក។ នៅ​ឆ្នាំ 2018 នាង​បាន​ចាក​ចេញពី​វិទ្យុ ដើម្បី​ថត​វីដេអូ review រថយន្ត។ ការស្រាវជ្រាវ​កាលពី​ឆ្នាំ 2020 របស់ GoCompare (គេហទំព័រ ប្រៀបធៀប​សេវា​ហិរញ្ញវត្ថុ​របស់ អង់គ្លេស) បាន​ផ្សាយ​ថា Alex រកបាន​ប្រហែល 1.4 លាន​ដុល្លារ​អាមេរិក ជា​រៀងរាល់ឆ្នាំ ពី​ការ​បង្ហោះ​អត្ថបទ​ដែលមាន​ម្ចាស់​ឧបត្ថម្ភ នៅលើ​បណ្ដាញ​សង្គម។

គិត​មកដល់​បច្ចុប្បន្ន តាម​ការ​គណនា Alex មានទ្រព្យ​ដែលមាន​តម្លៃ​ជាង 17 លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ ទំនងជា​មិនអាក្រក់​នោះទេ សម្រាប់​អ្នក​ដែល​ទើបតែ​ចូលប្រលូក​ក្នុង​មុខរបរ​ជា​អ្នក review រថយន្ត បាន 3 ឆ្នាំ។ Alex ក៏​ជា​ស្ត្រី​មួយរូប នៅក្នុង​ចំណោម​ស្ត្រី​ដែលមាន​អ្នកតាមដាន​ច្រើនជាងគេ​ក្នុង​ពិភពលោក។

Alex ចាប់ផ្ដើម​បង្ហោះ​ខ្លឹមសារ​ស្ដីពី​រថយន្ត នៅលើ​ទំព័រ Instagram ដែលមាន​អ្នកតាមដាន​ចំនួន 300 នាក់ កាលពី​ឆ្នាំ 2015។ បច្ចុប្បន្ន នាង​មាន​អ្នកតាមដាន​ជាង 9 លាន​នាក់ នៅលើ​បណ្ដាញ​សង្គម​នេះ។ នៅលើ Youtube វិញ នាង​មាន​តាមដាន​ជាង 6.5 លាន​នាក់ និង នៅលើ Facebook មាន​ជាង 40 លាន​នាក់។

ដោយសារ​មាន​ប្រាក់ និង​មាន​ចំណូលចិត្ត​ចំពោះ​រថយន្ត​ទំនើប ដូច្នេះ Alex ក៏មាន​រថយន្តទំនើបៗជាច្រើន​គ្រឿង។ ឆ្នាំ 2020 នាង​បាន​លក់ Lamborghini Huracan មួយគ្រឿង​ដែល​នាង​ចូលចិត្ត នៅមុន​ការមកដល់​របស់ COVID-19។

នាង Alex បាន​និយាយថា៖ «ខ្ញុំ​ទើបតែ​ទទួលបាន​រថយន្ត Rolls-Royce ថ្មី​មួយគ្រឿង និង McLaren ថ្មី​មួយគ្រឿង។ ក្រៅពីនេះ ខ្ញុំ​បាន​បញ្ជា​ទិញ​រថយន្ត Tesla Cybertruck មួយគ្រឿង​ផងដែរ»៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement