ក្រោយ​បាន​យកឈ្នះ អាម៉េរិក ចិន បាន​ក្លាយជា​ប្រទេស​អ្នកមាន​លំដាប់​ទីមួយ​របស់​ពិភពលោក

បរិមាណ​ទ្រព្យសម្បត្តិ​ទូទាំង​ពិភពលោក បាន​កើនឡើង​បី​ដង​ក្នុង​ពីរ​ទសវត្សរ៍​កន្លង ដោយសារ​ការដែល​ប្រទេស​ចិន បាន​យកឈ្នះ សហរដ្ឋ​អាម៉េរិក ក្នុងការ​ដណ្ដើម​តំណែង​កំពូល​លើសគេ​លើ​លោក​ទាក់ទង​នឹង​ទំហំ​ទ្រព្យសម្បត្តិ។

របាយការណ៍​ដែល​ទើប​ត្រូវបាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ McKinsey & Co ចុះផ្សាយ បាន​បង្ហាញថា ប្រទេស​ចិន បាន​នាំមុខ សហរដ្ឋ​អាម៉េរិក និង​ក្លាយជា​ប្រទេស​ដែល​កាន់កាប់​ទ្រព្យសម្បត្តិ​សរុប​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក។

យោងតាម​សារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិ​សរុប​របស់ ប្រទេស​ចិន បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល 20 ឆ្នាំ​កន្លង នាំឱ្យ​ទ្រព្យ​សរុប​កើនឡើង​ច្រើនជាង​មុន 17 ដង ពោលគឺ​ពី 7 លាន​លាន (7 ទ្រី​លាន/7,000,000,000,000) ដុល្លារ​កាលពី​ឆ្នាំ 2000 ឡើងដល់ 120 លាន​លាន (120 ទ្រី​លាន) ដុល្លារ នៅ​ឆ្នាំ 2020។

ប្រទេស​ចិន បច្ចុប្បន្ន​កាន់កាប់​ជិត 1/3 នៃ​តម្លៃ​ទ្រព្យ​សរុប​របស់​ពិភពលោក​ដែល​បាន​កើនឡើង​ក្នុង​រយៈពេល 20 ឆ្នាំ​កន្លង​មក​នេះ​។ ឆ្នាំ 2000 ចិន បាន​ចូល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជួយ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ មាន​កំណើន​គួរឱ្យ​ចាប់អារម្មណ៍។

ក្នុងដំណាក់កាល​ដូចគ្នានេះ ទ្រព្យ​សប្ប​ត្តិ​សរុប​របស់ សហរដ្ឋ​អាម៉េរិក ក៏បាន​កើនឡើង​ទ្វេដង។ ប៉ុន្តែ បើ​យោងតាម​ក្រុម​ហ៊ុន​ McKinsey ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​ត្រូវ «ប្រគល់» តំណែង​លេខ​មួយ​ទៅឱ្យ​ទីក្រុង​ប៉េកាំង នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ប្រទេស​អ្នកមាន​ជាងគេ​ទាំង 10 ក្នុង​ពិភពលោក ដោយសារតែ​ទ្រព្យសម្បត្តិ​សរុប​របស់ អាម៉េរិក កើន​ដល់​ត្រឹមតែ 90 លាន​លាន (90 ទ្រី​លាន) ដុល្លារ នៅក្នុង​ឆ្នាំ 2020។

ជា​សរុប ទ្រព្យសម្បត្តិ​ទូទាំង​ពិភពលោក បាន​កើន​ដល់ 514 លាន​លាន (511 ទ្រី​លាន) ដុល្លារ នៅក្នុង​ឆ្នាំ 2020 ដោយ​កើន​ពី 156 លាន​លាន​ដុល្លារ កាលពី​ឆ្នាំ 2000៕

Advertisement