កំពូល​អ្នកបោក​ប្រាស់​ក្នុង​វិស័យ​ប្រាក់​អេឡិចត្រូនិក៖ កាន់កាប់ Bitcoin តម្លៃ 1ម៉ឺន​លាន​ដុល្លារ ដោយសារ​បោក​អ្នកវិនិយោគ​នៅ OneCoin រួច​គេចខ្លួន​បាត់ស្រមោល ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ធំ​សម្បើម!

ដំបូង​ឡើយ Ruja Ignatova បាន​អះអាងថា OneCoin នឹង​ក្លាយជា​រូបិយវត្ថុ​អេឡិចត្រូនិក​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក ប៉ុន្តែ ក្រោយ​រយៈពេល​តែមួយ​ឆ្នាំ​សោះ អ្នកស្រី​បាន​បាត់​ខ្លួន​សូន្យឈឹង ជាមួយនឹង​ខ្ទង់​ប្រាក់​ដ៏​ច្រើន​សម្បើម ដែល​បោក​បាន​ពី​ក្រុម​អ្នកវិនិយោគ។

នៅក្នុង​ពាក្យបណ្ដឹង នាពេលថ្មីៗនេះ របស់​ក្រុម​អ្នកវិនិយោគ OneCoin (គម្រោង​ប្រាក់​អេឡិចត្រូនិក ដែល​ដំណើរការ​តាម​ទម្រង់ «បណ្ដាញ​ទីផ្សារ» (Multi-level marketing (MLM)/ Network marketing / Pyramid selling) បានឱ្យដឹងថា ស្ថាបនិក​របស់ OneCoin គឺ​អ្នកស្រី Ruja Ignatova កំពុង​កាន់កាប់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin ចំនួន 230,000 bitcoin ដែល​បច្ចុប្បន្ន មានតម្លៃ​ជាង 1ម៉ឺន​លាន​ដុល្លារ​អាមេរិក។

ជាក់ស្ដែង កាលពី​ឆ្នាំ2015 Ruja Ignatova គឺជា​តួអង្គ​សំខាន់​ជាងគេ​នៃ​ការជួញដូរ Bitcoin ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ នៅក្នុង​ការជួញដូរ​មួយ អ្នកស្រី Ruja Ignatova ត្រូវបាន Sheikh Al Qassimi (សមាជិក​ម្នាក់​របស់​រា​ជ​វង្ស Dubai) ប្រគល់ Bitcoin ចំនួន 230,000 ដែលមាន​តម្លៃ​ប្រហែល 50លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន (18 ខែឧសភា ឆ្នាំ2021) Bitcoin នេះ មានតម្លៃ​សរុប​ជាង 1ម៉ឺន​លាន​ដុល្លារ។

Sheikh Al Qassimi ប្រគល់ Bitcoin ទាំងនេះ​ទៅឱ្យ Ignatova គឺ​ដើម្បី​ទទួលបាន​គណនី​ធនាគារ OneCoin (បច្ចុប្បន្ន ត្រូវបាន​បង្កក), អចលនទ្រព្យ​នៅ UAE និង​ទ្រព្យ​មួយចំនួនទៀត។ នេះ​បើតាម Finance Feeds។

ក្នុង​ពាក្យបណ្ដឹង​ប្រឆាំងនឹង OneCoin ជនរងគ្រោះ​បាន​បង្ហើប​ឱ្យដឹងថា ក្រៅពី​ចំនួន Bitcoin ដ៏​ច្រើន​ខាងលើ Ignatova ក៏​កំពុង​កាន់កាប់​ប្រាក់​ប្រហែល 500លាន​ដុល្លារ នៅក្នុង​គណនី​ធនាគារ​មួយ​នៅ Dubai រួម​ជាមួយនឹង​ទ្រព្យ​ជាច្រើន​ផ្សេងទៀត​ដែលមាន​តម្លៃ 1ពាន់​លាន​ដុល្លារ​អាមេរិក។ ទ្រព្យ​ទាំងនោះ ត្រូវបាន Sebastian Greenwood និង​សហការី​មួយចំនួន​ផ្សេងទៀត​របស់ Ignatova នៅក្នុង​ក្រុមហ៊ុន OneCoin ឈរឈ្មោះ។

OneCoin គឺជា​កម្មវិធី​ទីផ្សារ​បណ្ដាញ (Network Marketing) ដែល​ត្រូវបាន​គេ​ឃោសនា​ក្រោមរូបភាព​រូបិយវត្ថុ​អេឡិច​ត្រូនិក ដោយ​ក្រុមហ៊ុន OneCoin (ចុះឈ្មោះ​នៅ Dubai) និង OneLife Network (ចុះឈ្មោះ​នៅ Belize)។ ក្រុមហ៊ុន​ទាំងពីរ​នេះ សុទ្ធតែ​ត្រូវបាន​បង្កើត និង​អភិវឌ្ឍ​ឡើង​ដោយ Ruja Ignatova និង Sebastian Greenwood។

នៅពេល OneCoin បង្ហាញខ្លួន អ្នកស្រី Ignatova បាន​អះអាងថា នេះ​នឹង​ក្លាយជា​រូបិយវត្ថុ​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក និង​ថែមទាំង​អាច​ដណ្ដើមបាន​តំណែង​លេខ​មួយ​ពី Bitcoin។ ក៏ប៉ុន្តែ មួយឆ្នាំ​ក្រោយមក (2017) Ignatova ក៏បាន​បាត់​ខ្លួន​សូន្យឈឹង ជាមួយនឹង​ខ្ទង់​ដ៏​ច្រើន​សម្បើម​ដែល​បានមកពី​ក្រុម​អ្នកវិនិយោគ។ មកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​រកឃើញ​ដំណឹង​អំពី​កំពូល​អ្នកបោក​ប្រាស់​នេះ​នៅឡើយ។

ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក បាន​គណនា​ឃើញថា ខ្ទង់​ប្រាក់​វិនិយោគ​សរុប ទៅលើ OneCoin គឺ​ប្រហែល 4ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង OneCoin រកបាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅឱ្យ​ធនាគារ​នានា និង​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​នៅ Dubai ជា​កន្លែង​ដែល​ត្រូវបាន​គេ​ជឿថា មានការ​គាំទ្រ​ដោយ Sheikh Al Qassimi ដែលជា​កូនប្រុស​របស់​បុរស​អ្នកមាន​ជាងគេ​មួយរូប​នៅ អារ៉ាប់​រួម (UAE) និង​អតីត​បុគ្គលិក​ផ្នែក​អចលនទ្រព្យ​ម្នាក់។

ជនសង្ស័យ​ឈ្មោះ Ignatova ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​អ្នកបោក​ប្រាស់​ធំជាងគេ​មួយរូប​ក្នុង​ពិភពលោក នៅក្នុង​វិស័យ​រូបិយវត្ថុ​អេឡិចត្រូនិក។ ក្រៅពីនេះ អ្នកស្រី Ignatova ក៏​ជាប់​ទាក់ទិន​នឹង​ករណី​បោកប្រាស់ BigCoin និង​ត្រូវ​ទទួលទោស​រយៈពេល 14ខែ ដោយ​នៅក្រៅ​ឃុំ ក្នុងប្រទេស​អាល្លឺម៉ង់​ផងដែរ។

មកដល់​បច្ចុប្បន្ន គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា Ignatova បាន​លក់ Bitcoin ចំនួន 230,000 នេះហើយ ឬ​នៅ ​ដោយ​សារ​តែ​​គោល​ការណ៍​​មិន​បញ្ចេញ​អត្តសញ្ញាណ​ក្នុងពេល​ជួញដូរ របស់​រូបិយវត្ថុ​អេឡិចត្រូនិក​មួយ​នេះ៕

ប្រភព៖ Finance Feeds
ប្រែ​សម្រួល៖ បុត្រា

Advertisement