កម្ពុជា​​ចូល​រួម​​​វេទិកា​ប្រចាំឆ្នាំ​​ របស់​​​ធនាគារ​ពិភព​លោក ស្តីពី ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង និង​ប្រឹក្សា​​លើ​​ទុន​បម្រុង​​អន្តរជាតិ

ឯកឧត្ដម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 បាន​អញ្ជើញ​ចូលរួម​វេទិកា​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក ស្តីពី ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង និង​ប្រឹក្សា​លើ​ទុនបម្រុង​អន្តរជាតិ (RAMP)។

វេទិកា​ដែលមាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ធនាគារកណ្ដាល នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញ​គ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ​នេះ មាន​គោលបំណង​ផ្ដល់ឱកាស​សម្រាប់​ការពិភាក្សា​លើ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក បទពិសោធន៍​នៃ​ការគ្រប់គ្រង​ទុនបម្រុង​អន្តរជាតិ និង​ទស្សនវិស័យ​នាពេលខាងមុខ ហើយ​ប្រធានបទ​បច្ចុប្បន្នភាពសំខាន់ៗដែល​វេទិកា​នេះ​បានលើកឡើង​ដែរនោះ​រួមមាន៖ ការកើនឡើង​នៃ​អត្រា​អតិផរណា ការធ្វើ​ប្រក្រតី​កម្ម​នយោបាយ​រូបិយវត្ថុ ការកើនឡើង​កម្រិត​បំណុល ការប្រែប្រួល​អាកាសធាតុ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ។

ទាក់ទង​នឹង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ វេទិកា​នេះ​ក៏បាន​លើកឡើង​អំពី​កំណើន​នៃ​ការប្រើប្រាស់​ពី​សំណាក់​អតិថិជន ដែល​ជំរុញឱ្យមាន​ការបង្កើត​រូបិយប័ណ្ណ​អេឡិចត្រូនិក ផ្អែកលើ​បច្ចេកវិទ្យា Blockchain ដូចជា Crytocurrencies និង​រូបិយវត្ថុ​អេឡិចត្រូនិក​របស់​ធនាគារកណ្ដាល (Central Bank Digital Currency/CBDC) ដែល​កំពុង​ក្លាយជា​ជំហាន​ថ្មី​នៃ​ការប្រែប្រួល​របស់​រូបិយប័ណ្ណ។

ចំពោះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ កម្ពុជា ធនាគារជាតិ បាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ទំនើប និង​បាន​ដាក់ឱ្យ​ដំណើរការប្រព័ន្ធ​ទូទាត់​បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain សម្រាប់​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង ដើម្បី​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ (Financial Inclusion) ដែលជា​ការផ្ដល់​វេ​សា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​គ្រប់​ស្រទាប់ តម្លាភាព គណនេយ្យភាព និង​អាច​ទូទាត់​ឆ្លង​គ្រឹះស្ថាន​បាន (interoperability) ជួយ​សម្រួល​ការទូទាត់​ទាំង​ក្នុងស្រុក និង​សមាហរណកម្ម​ទៅក្នុង​តំបន់៕

Advertisement