ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​លើទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ដល់​កម្ពុជា​

ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) និង​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ក្នុងទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ ឬប្រមាណ​ជិត​ 33​ លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

ក្នុងចំណោម​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន​ 29.1លាន​អឺ​រ៉ូ​ ក្នុង​នោះ​ឥណទាន​សម្បទាន​ចំនួន​ 25លាន​អឺ​រ៉ូ​ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ 4.1លាន​អឺ​រ៉ូ​ពី​សហគមន៍​អឺរ៉ុប​។

គម្រោង​នេះ​នឹង​ដាក់ទិស​ដៅ​ពង្រីក​ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ ដើម្បី​វិវឌ្ឍ​ទៅ​រក​ប្រព័ន្ធ​ឆ្លាតវៃ​ (Smart​ Grid​) ដែល​អាច​សម្រួល​បាន​យ៉ាងច្រើន​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល​ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​។

កិច្ច​ព្រមព្រៀង​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ អ្នកតំណាង​ជាន់ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​របស់​ភាគី​បារាំង​ ស្រប​ពេល​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តី​ពី​ “ចីរភាព​បំណុល​សម្រាប់​ចីរភាព​កំណើន​: ចីរភាព​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាលពីដើម​ខែ​ឧសភា​ ឆ្នាំ2019​ កន្លងទៅ​។

គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក៏បាន​ចូលរួម​ពិភាក្សា​អំពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នី​មួយ​ៗ វិធីសាស្ត្រ​ដែល​ប្រទេស​នី​មួយ​ៗយក​ទៅ​អនុវត្ត​ដែល​អាច​ទទួល​បាន​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដែល​ចៀសវាង​បាន​ពី​ការ​ជំពាក់​ច្រើនហួស​ហេតុ​ ការប្រើ​ប្រាស់​ហិរញ្ញប្បទាន​ដោយ​ត្រឹមត្រូវ​ មាន​តម្លាភាព​ និង​ការ​-ទទួលខុសត្រូវ​ ក៏ដូចជា​អាច​ធានា​បាន​នូវ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​ការ​លើកកម្ពស់​ភាពជា​ម្ចាស់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​នី​មួយ​ៗ សំដៅ​ចូលរួម​ចំណែក​ពង្រឹង​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ មានប្រសាសន៍​ថា​ កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ កែទម្រង់​លើ​គ្រប់​វិស័យ​ ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ចាប់​ដើម្បី​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ទោះបីជា​ហិរញ្ញប្បទាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ​ក្ដី​។

ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ បាន​មានប្រសាសន៍​បន្ត​ថា​៖“កម្ពុជា​ស្នើ​ឱ្យ​មានការ​ចូលរួម​ និង​គាំទ្រ​បន្ថែម​ទៀត​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ តាមរយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាស​កល​សមស្រប​ ដើម្បី​ធានា​បាន​នូវ​គុណភាព​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​រូប​វ័ន្ត​ល្អ​ប្រសើរ​ និង​មាន​ចីរភាព​”។

បន្ថែម​លើ​កិច្ចពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​ និង​បារាំង​សំដៅលើ​កកម្ពស់​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ និង​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ និង​បារាំង​នេះ​ គណៈប្រតិភូ​កម្ពុជា​ក៏បាន​ជួប​ជាមួយ​លោកជំទាវ​ Agnes​ PANNIER​RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​ ហើយ​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ក៏បាន​គូសបញ្ជាក់​ពី​មូលដ្ឋាន​តថភាព​ជាក់ស្តែង​ និង​គ្រប់ជ្រុងជ្រោយ​អំពី​ហានិភ័យ​ចំពោះ​ការ​ដក​ជាយថាហេតុ​នៃ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​ (EBA​) ដោយ​សហភាព​អឺរ៉ុប​។

លោកជំទាវ​ Agnes​ PANNIER​ RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​មានប្រសាសន៍​ថា​ បារាំង​ និង​កម្ពុជា​ គឺជា​មិត្ត​ដ៏​ល្អ​ដែល​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បាន​ ហើយ​បារាំង​នឹង​នៅតែ​បន្ត​ជំរុញ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដោយ​តម្រង់​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​របស់​បារាំង​ឱ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា​ជាពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​។

លោកជំទាវ​ Agnes​ PANNIER​ RUNACHER​ មានប្រសាសន៍​ថា​៖“រដ្ឋាភិបាល​បារាំង​បាន​យល់​ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ EBA​ ចំពោះ​កម្ពុជា​ និង​បន្ត​បង្ហាញ​ការពិត​របស់​កម្ពុជា​ចំពោះ​បញ្ហា​នេះ​”។

ដូចគ្នា​ដែរ​ លោក​ Pierre​ Amilhat​ ប្រធាន​នាយកដ្ឋាន​អាស៊ី​នៃ​សហភាព​អឺរ៉ុប​បានឱ្យ​ដឹង​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការកែទម្រង់​អភិវឌ្ឍន៍​ និង​ការ​រីកចម្រើន​ មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​។លោក​ថ្លែង​ថា​ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជាមួយ​សហភាព​អឺរ៉ុប​ សហភាព​អឺរ៉ុប​ នៅតែ​តម្រង់​ទិស​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​វិស័យ​អាទិភាព​ រួមមាន​ដូចជា​ វិស័យ​អប់រំ​ កសិកម្ម​ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ លោក​ Remi​ Rioux​នាយកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) បាន​មានប្រសាសន៍​ថា​ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ថែមទៀត​ឱ្យ​ស្រប​នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា​៕

Advertisement