គណៈកម្មការ គ.អ.ក ពិន័យ​ជា​ប្រាក់​បាន​ជាង 46 លាន​រៀល ចំពោះ​បុគ្គល​ល្មើស​នឹង​វិធាន​ប្រឆាំង COVID-19 ក្នុង​ថ្ងៃទី 10 សីហា

ក្នុង​អំឡុង​ 24 ម៉ោង​ កាល​ពី​ម្សិល​មិញ គណៈកម្មការ​ គ.អ.ក បាន​ឃាត់ខ្លួន​មនុស្ស ចំនួន​ 1,682 នាក់​ ក្នុង​នោះ​មាន​ ករណី​ត្រូវ​អប់រំ និងករណី​ពិន័យ​ជា​ប្រាក់​ផង​ដែរ​។

គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 (គ.អ.ក) នា​ព្រឹក​ថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 នេះ បានឱ្យដឹងថា គ.អ.ក បាន​ពិន័យ​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ជា​ទឹកប្រាក់ ចំនួន 46,100,000 រៀល (ប្រហែល 11,299 ដុល្លារ​អាមេរិក) នៅក្នុង​អំឡុងពេល 24 ម៉ោង នៃ​ថ្ងៃទី 10 ខែសីហា ឆ្នាំ 2021។

លទ្ធផល​នៃ​ការអនុវត្ត​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល នៅ​ថ្ងៃទី 10 ខែសីហា ឆ្នាំ 2021 មាន​ដូចតទៅ៖

– វិធាន​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ ៖ 1,320 ទីតាំង

– អនុវត្ត​វិធានការ​ច្បាប់ ៖ 941 ករណី

– ឃាត់ខ្លួន​មនុស្ស (អប់រំ និង ពិន័យ) ៖ 1,682 ករណី

– ឃាត់​យានយន្ត ៖ 811 ករណី

– ពិន័យ​ជា​ប្រាក់ ៖ 46,100,000 រៀល

Advertisement