AstraZeneca រកបាន 1.2 ពាន់​លាន​ដុល្លារ ពី​វ៉ាក់សាំង​បង្ការ COVID-19 ក្នុង​ឆមាស​ដំបូង

ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca របស់ អង់គ្លេស បានឱ្យដឹងថា វ៉ាក់សាំង COVID-19 របស់​ពួកគេ រកចំណូលបាន 1.2 ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ 2021។

ក្រុមហ៊ុន​បាន​ចែកចាយ​វ៉ាក់សាំង AstraZeneca ប្រមាណ 319 លាន​ដូ​ស នៅ​ជុំវិញ​ពិភពលោក ក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ក្នុងនោះ ចំណូល​ចំនួន 572 លាន​ដុល្លារ​បានមកពី​អឺរ៉ុប និង 455 លាន​ដុល្លារ បានមកពី​ទីផ្សារ​ទើប​លេចធ្លោ។

«យើង​សម្រេចបាន​ជោគជ័យ​គួរសម ជាមួយនឹង​វ៉ាក់សាំង COVID-19 Vaxzevria (ឈ្មោះ​ថ្មី​របស់​វ៉ាក់សាំង​បង្ការ COVID-19 ដែល​ផលិត​ដោយ AstraZeneca)។ គិត​មកដល់​ថ្ងៃនេះ AstraZeneca និង​ដៃគូ​សហការ​របស់​យើង បាន​លក់​វ៉ាក់សាំង​ចំនួន 1 ពាន់​លាន​ដូ​ស​ទៅឱ្យ​ប្រទេស​ជាង 170» នាយក​ប្រតិបត្តិ​របស់ AstraZeneca លោក Pascal ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី 29 កក្កដា។

ស្ថាប័ន​ផលិត​ឱសថ​នេះ ក៏បាន​ឱ្យដឹងថា នៅក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ 2021 នេះ ក្រុមហ៊ុន AstraZeneca រក​បាន​ប្រាក់ចំណេញ​ចំនួន 2.1 ពាន់​លាន​ដុល្លារ ស្មើនឹង 40% ធៀប​នឹង​ឆ្នាំមុន។ ប្រាក់ចំណូល​សរុប​នៅក្នុង​អំឡុង​ជិត 1 ត្រីមាស​កន្លងទៅ ស្មើនឹង 15.5 ពាន់​លាន​ដុល្លារ។ ដោយ​មិន​រាប់បញ្ចូល​ទាំង​វ៉ាក់សាំង COVID-19 ប្រាក់ចំណូល​សរុប​រប​ស់​ក្រុមហ៊ុន បាន​កើន 14% ស្មើនឹង 14.4 ពាន់​លាន​ដុល្លារ។

វ៉ាក់សាំង COVID-19 របស់ AstraZeneca គឺជា​វ៉ាក់សាំង​លំដាប់​ពិភពលោក និង​មាន​តួនាទី​សំខាន់​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ អង់គ្លេស ជួយ​ឱ្យ អង់គ្លេស អាច​បើកទ្វារ​សេដ្ឋកិច្ច​ទាំង​ស្រុក​ក្នុង​ខែ​នេះ៕

ប្រភព៖ AFP
ប្រែ​សម្រួល៖ បុត្រា

Advertisement