មហាសេដ្ឋី​លំដាប់​លេខ​មួយ​ប្រចាំ​សាធារណរដ្ឋ​ឆេ​ក បាត់បង់​ជីវិត​​ដោយ​សារ​​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​បរទេស

មហាសេដ្ឋី Petr Kellner អាយុ 56ឆ្នាំ ដែលជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​ប្រចាំ​សាធារណរដ្ឋ​ឆេ​ក បាន​បាត់បង់​ជិវិត​នៅក្នុង​ករណី​ធ្លាក់​យន្តហោះ​នៅក្នុង​រដ្ឋ Alaska សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 27មីនា ឆ្នាំ2021។

«យើងខ្ញុំ​សូម​ប្រកាស​ដោយ​ក្ដី​សោកស្ដាយ​យ៉ាង​ក្រៃលែង​ថា នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​តំបន់ភ្នំ Alaska កាលពី​ថ្ងៃទី 27មីនា ស្ថាបនិក និង​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​នៅក្នុង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ PPF លោក Petr Kellner បានទទួល​មរណភាព» PPF បានឱ្យដឹង​នៅក្នុង​ប្រកាស​របស់ខ្លួន​នា​ថ្ងៃនេះ។

Kellner គឺជា​អ្នកជំនួញ​ល្បីឈ្មោះ​នៅ​សាធារណរដ្ឋ​ឆេ​ក ចាប់ពី​ទសវត្សរ៍​ឆ្នាំ 1990។ យោងតាម​ទស្សនាវដ្ដី Forbes មហាសេដ្ឋី​រូបនេះ មានទ្រព្យ​ប្រមាណ 17.5ពាន់​លាន​ដុល្លារ​អាមេរិក។

នៅលើ​បណ្ដាញ​សង្គម Twitter នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឆេ​ក លោក Andrej Babis បានសរសេរថា៖ «ពិតជា​មិនគួរ​ឱ្យ​ជឿ​សោះ​ចំពោះ​សោកនាដកម្ម​នេះ។ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ខ្លាំងណាស់»។

ប៉ូលិស​ក្នុង​រដ្ឋ Alaska បានឱ្យដឹងថា មនុស្ស​ចំនួន 5នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ខាងលើនេះ។ អ្នក​ទាំងអស់​សុទ្ធតែជា​កីឡាករ​ជិះ​ស្គី​លើ​ព្រឹល​ដែល​កំពុង​ចូលរួម​ដើរទេស​ចរណ៍​នៅក្រៅ​ប្រទេស។

មហាសេដ្ឋី Petr Kellner អាយុ 56ឆ្នាំ ដែលជាអ្នកមានទ្រព្យច្រើនជាងគេប្រចាំសាធារណរដ្ឋឆេក

លោក Kellner បាន​បង្កើត PPF តាំងពី​ទសវត្សរ៍​ឆ្នាំ 1990 ដែល​ពេលនោះ PPF គឺជា​ក្រុមហ៊ុន​វិនិយោគ​ជាមួយ​ដៃគូ​នានា​ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​លើ​ក្រុមហ៊ុន​ចំនួន​រាប់រយ​របស់​រដ្ឋ។ ក្រោយពី​បាន​កាន់កាប់​ភាគហ៊ុន​នៃ​អតីត​ក្រុមហ៊ុន​ធានារ៉ាប់រង​ជាតិ Ceska Pojistovna ក្រុមហ៊ុន PPF ក៏មាន​ឈ្នាន់​បន្ថែម​ដើម្បី​ពង្រីក​ខ្លួន។

PPF បន្ត​រីកចម្រើន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ ផលិតកម្ម សារព័ត៌មាន និង​បច្ចេកវិទ្យា​ជីវសាស្ត្រ ដោយមាន​ក្រុមហ៊ុនធំៗនៅ​អឺរ៉ុប អាស៊ី និង​អាមេរិក។ ទ្រព្យ​របស់ PPF បាន​កើន​ឡើងដល់ 51.8ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ 2020។

PPF ក៏​ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Home Credit ដែល​បច្ចុប្បន្ន​មាន​វត្ត​មាននៅ​ប្រទេស​ចិន និង​នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំំ​បន់​អាស៊ីអាគ្នេយ៍។

មហាសេដ្ឋី Kellner មិនសូវ​បង្ហាញខ្លួន​ជា​សាធារណៈ ប៉ុន្តែ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជិះ​ស្គី​ដ៏​ពូកែ និង​មានបទពិសោធន៍​ច្រើន។ PPF ធ្លាប់បាន​ភ្ជាប់​រូបថត​របស់លោក​កំពុង​ជិះ​ស្គី នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន៕

ប្រភព​៖ CNN, RT
ប្រែសម្រួល​៖ បុត្រា

Advertisement